ក្រុង​ប៊ែរឡាំង​: ក្លិប​កំពុង​ជួប​វិបត្តិ​ Schalke របស់​ក្រប​ខ័ណ្ឌ Bundesliga អាល្លឺម៉ង់ មាន​ពិន្ទុ​នឹង​គេ​ហើយ​សម្រាប់​រដូវកាល​នេះ ក្រោយ​កីឡាករ​ Goncalo Paciencia ធ្វើ​បាន​សម្រេច ១ គ្រាប់ នៅ​វគ្គ​ទី ២ ជួយ​ក្រុម​ម្ចាស់​ផ្ទះ​ស្មើ ១-១ ជាមួយ​ក្រុម Union Berlin អំឡុង​ការ​ប្រកួត កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

ការ​តែត​របស់ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយហ្គាល់ នៅនាទីទី​៦៩ បាន​បញ្ចប់​នូវ​ការ​ចេញ​ដំណើរ​ដ៏​អាក្រក់ នា​រដូវកាល​នេះ របស់​ក្រុម​​ Schalke ដែលចាប់​ផ្ដើម​ដោយ​គ្មាន​សូម្បី ១ ពិន្ទុ និង​គ្រាប់​បាល់ ១ គ្រាប់ សម្រាប់​ការ​ប្រកួត ៣ លើក​ដំបូង​របស់​ខ្លួន។

ក្រោយ​ត្រូវ​ក្រុម​ភ្ញៀវ​នាំមុខ នៅ​នាទីទី៥៥ ដែល​ស៊ុត​បញ្ចូល​ទី ដោយ Marvin Friedrich គ្រូបង្វឹក​របស់​ Schalke លោក Manuel Baum ដែល​ចូល​មក​ជំនួស លោក​​ David Wagner កាល​ពី​ខែ​មុន បាន​ឆ្លើយ​តប​ដោយ​ដាក់ Paciencia ជំនួស Vedad Ibisevic នៅ​ ១ នាទី​បន្ទាប់ ហើយ​ជា​លទ្ធផល នៅ ២០ ​នាទី​ក្រោយ កីឡាករ​វ័យ ២៦​ ឆ្នាំ ក៏​ទម្លុះសំណាញ់​ទី​ដោយ​ក្បាល​ជួយ​ឱ្យ​ក្រុម​តាម​ស្មើ​វិញ។

លទ្ធផល​ស្មើ​នេះ បាន​ជួយ​រុញ​ក្រុម Schalke ឱ្យ​ឡើង​ផុត​ពី​បាត​តារាង ១ លេខ ហើយ​ជួយ​ក្រុម​លោក Baum ជួប​នូវ​ភាព​ប្រសើរឡើង​វិញ​បន្តិច​មុន​នឹង​ជួប​ក្រុម​គូ​ប្រជែង​​ Borussia Dortmund នៅ​សប្ដាហ៍​ក្រោយ​។

តែ​យ៉ាង​ណា អតីត​ម្ចាស់​ជើង​ឯក​លីគ​កំពូល​អាល្លឺម៉ង់​ ៧​ សម័យ​កាល​នេះ នៅ​មិន​ទាន់​ស្គាល់​ជ័យ​ជម្នះនៅ​ឡើយ​ទេ ក្នុង​ចំណោម​ការ​ប្រកួត ២០​ លើក​ចុង​ក្រោយ​ គិត​តាំង​ពី​ខែ​មករា​មក​៕ AFP/VN