ឡាសវេហ្គាសៈ ស្តេច​ប្រដាល់សកល​របស់​ហ្វីលីពីន Manny Pacquiao បាន​ក្លាយ​ជា​កីឡាករ​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រដាល់​សកល​ដែល​ដណ្តើម​បាន​ខ្សែក្រវាត់​កម្រិត​ទម្ងន់​ក្រោម​មធ្យម បន្ទាប់ពី​ជើង​ខ្លាំង​រូប​នេះ​ដណ្តើម​បាន​ខ្សែក្រវាត់​ពិភពលោក WBA ពី​ជើង​ខ្លាំង​វ័យក្មេង​មិន​ដែល​ស្គាល់​ការចាញ់ Keith Thurman នោះ​។

សម្រាប់​ការប្រកួត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​ក្នុង​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ (​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា​) កីឡាករ​វ័យ​ ៤០ ​ឆ្នាំ Pacquiao បាន​វ៉ៃ​ទៅ​លើ​គូប្រកួត​ដែល​មាន​អាយុ​តិច​ជាង​ខ្លួន​ចំនួន​ ១០ ​ឆ្នាំ​កីឡាករ Keith Thurman ឲ្យ​ដួល​អុកគូទ​ជាមួយ​ការម៉ាត់​ស្តាំ​ចូល​ពោះ និង​បន្ថែម​ដោយ​ដៃ​ឆ្វេង​ចំ​ថ្គាម​បណ្តាល​ឲ្យ​អាជ្ញាកណ្តាល​រាប់​ទៅ​លើ​ជើង​ខ្លាំង វ័យក្មេង​របស់​អាមេរិក​រូប​នេះ​តាំងពី​ទឹក​ទី​ ១​។

ប៉ុន្តែ​កីឡាករ Keith Thurman ដែល​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ ២៩ ​ដង មិន​ធ្លាប់​ចាញ់ និង​ស្មើ​ ព្រម​ទាំង​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​ចំនួន​ ២២ ​ដង​នោះ​នៅ​តែ​រក្សា​គោលជំហរ​ប្រកួត​បាន​យ៉ាង​ល្អ ដើម្បី​វាយ​ប្តូរ​ជាមួយ Pacquiao រហូត​ដល់​ ១២ ​ទឹក​ពេញ​ប្រកប​ដោយ​ភាពស្វិតស្វាញ និង​ជក់ចិត្ត​បំផុត​។

បន្ថែម​លើ​នេះ​កណ្តាប់ដៃ​ឆ្វេង​ស្តាំ​របស់​កីឡាករ​វ័យ​ ៣០ ​ឆ្នាំ Thurman ក៏​បាន​ធ្វើឲ្យ​វីរបុរស​របស់​ហ្វីលីពីន​ចង់​គាំង​ម្តងៗ​ផង​ដែរ​ហើយ Thurman ក៏​បាន​វ៉ៃ​ចំ​គោលដៅ​ច្រើន​ផង​ដែរ ប៉ុន្តែ Pacquiao មិន​បាន​បង្ហាញ​ភាព​ទន់ជ្រាយ​ក្រោម​កណ្តាប់ដៃ​របស់​គេ​នោះ​ទេ​។

អាជ្ញាកណ្តាល​បាន​លើក​ដៃ​ឲ្យ Pacquiao ពេល​បំពាក់​ខ្សែក្រវាត់​។ AFP

ផ្ទុយ​ទៅវិញ​ជើង​ខ្លាំង​ប្រចាំ​នៅ​ទ្វីបអាស៊ី Pacquiao បាន​ជម្នះ​ប្រើ​កណ្តាប់ដៃ​ទាំង​ ២ ​របស់​ខ្លួន​ចូល​ម៉ាត់​ទៅលើ Thurman បាន​ល្អ​នៅ​ចុងទឹក​នីមួយៗ ពិសេស​ការម៉ាត់​ចូល​ពោះ​នៅ​ទឹក​ទី​ ៧ ដែល​ធ្វើឲ្យ Thurman ចុក​ឆ្អល់ និង​ស្ទើរតែ​របូត​ធ្មេញ​ការពារ​ចេញ​ពី​ក្នុង​មាត់​ទៅ​ហើយ ហើយ​ការធ្វើ​បាន​យ៉ាង​ល្អ​នេះ​ចៅក្រម​ ២ ​នាក់​បាន​ផ្តល់​ពិន្ទុ​ឲ្យ Pacquiao ឈ្នះ 115-112 ខណៈ​ចៅក្រម​ម្នាក់​ទៀត​ផ្តល់​ពិន្ទុ 114-113 ឲ្យ Thurman ជា​អ្នកឈ្នះ​។

យ៉ាងណា​ក៏ដោយ Manny Pacquiao ដែល​រកបាន​ចំណូល​ដល់​ ២០ ​លាន​ដុល្លារ​សម្រាប់​ការប្រកួត​កាលពី​យប់​ថ្ងៃ​សៅរ៍​នោះ​បាន​ចាត់ទុក Kieth Thurman ជា​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​ម្នាក់​។ Pacquiao បាន​និយាយ​ក្រោយ​ការប្រកួត​ថា​៖ «​វា​ពិតជា​មាន​ការរំភើប​ខ្លាំង ព្រោះ​គូប្រកួត​របស់​ខ្ញុំ​ជា​អ្នក​ប្រយុទ្ធ​ដ៏ល្អ​គឺ​គាត់​ខ្លាំង​»​។

ស្តេច​ប្រដាល់​របស់​ហ្វីលីពីន Pacquiao ដែល​ធ្លាប់​ប្រកួត​ឈ្នះ​ ៦២ ​ដង ចាញ់​ ៧ ​ដង ស្មើ​ ២ ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ ៣៩ ​ដង​នោះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មិនមែន​ជា​អ្នកប្រដាល់​ដែល​និយាយ​ច្រើន​នោះ​ទេ តែ​យើង​ត្រូវ​លើក​កម្ពស់​ទៅ​ដល់​ការប្រកួត​។ គាត់​ពិតជា​អ្នក​ប្រដាល់​ល្អ និង​ខ្លាំង​ម្នាក់ ហើយ​ខ្ញុំ​បាន​ទទួល​ការប្រទានពរ​នៅ​យប់​នេះ​»​។

ចំណែក Thurman ដែល​ហាក់​ដូចជា​មិន​សូវ​ពេញចិត្ត​នឹង​ការសម្រេច​ឲ្យ​រូបគេ​ចាញ់ Pacquiao នោះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ដឹង​ថា វា​ជិត​គ្នា​មែនទែន តែ​គាត់​បាន​ម៉ាត់​ក្រោម និង​ថែម​ដោយ​កណ្តាប់​ឆ្វេង​ដែល​ធ្វើឲ្យ​គាត់​មាន​ប្រៀប​នៅ​ទឹក​ទី​ ១​។

កីឡាករ​ទើប​ស្គាល់​ការចាញ់​លើក​ដំបូង​រូបនេះ​បាន​និយាយ​បន្ថែម​ថា​៖ «​នេះ​ជា​រាត្រី​ប្រកួត​ដ៏ជក់ចិត្ត ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​ដូចជា​អស់​កម្លាំង​បន្តិច​ដែរ ប៉ុន្តែ​គាត់​ពោរពេញ​ទៅ​ដោយ​បទពិសោធ ហើយ​ខ្ញុំ​ចង់​ឲ្យ​មាន​ការប្រកួត​បែប​នេះ​ម្តង​ទៀត​»៕