ក្រុងម៉ានីល: វីរបុរស​ប្រដាល់​ជើងចាស់​របស់​ហ្វីលីពីន Manny Pacquiao បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា រូបគេ​បាន​ជំរុញ​កូនប្រុស​ច្បង​របស់​ខ្លួន​ឲ្យ​ចេញ​ឆ្ងាយ​ពី​សង្វៀន ក្រោយពី​ការបោះ​ជំហាន​ចូល​ភ្លាមៗ​របស់​យុវជន​វ័យ​ ១៩ ​ឆ្នាំ​រូប​នេះ​ក្នុង​កីឡា​ប្រយុទ្ធ​បាន​ធ្វើឲ្យ​ម្តាយ​របស់​គេ​ទួញ​សោក​។

Pacquiao ដែល​ជា​កីឡាករ​ប្រដាល់​តែ​ម្នាក់​ក្នុង​ការឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់​ ៨ ​ផ្សេង​គ្នា​នោះ​បាន​និយាយ​ថា រូបគេ និង​ភរិយា​របស់​គេ​បាន​សម្រេច​ចិត្ត​មិន​ឲ្យ​មាន​ហ្គង់ និង​សម្ភារ​កីឡាប្រដាល់​នៅ​ក្នុង​ផ្ទះ​ឡើយ​។

កីឡាករ​ប្រដាល់​រូប​នេះ​ដែល​មាន​ភាពល្បីល្បាញ​លើ​ការ​មាន​ដំណើរ​ជីវិត​ចេញពី​ក្មេង​រើស​សំរាម​តាម​ដង​ផ្លូវ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ម្នាក់​នោះ​បាន​ព្យាយាម​ជំរុញ​ឲ្យ​កូនប្រុស​របស់​ខ្លួន​គឺ Emmanuel Jr ដែល​ត្រូវ​បាន​គេ​ហៅថា Jimuel ឲ្យ​ជ្រើសរើស​ផ្លូវ​ដើរ​ផ្សេង​។

កីឡាករ​ប្រដាល់ Pacquiao បាន​ប្រាប់​ទូរទស្សន៍ ABS-CBN ថា​៖ «​ខ្ញុំ​ពិតជា​ឈឺចាប់​ដែល​រូបគេ​ប្រកួត​ប្រដាល់ ពីព្រោះ​ខ្ញុំ​ដឹង​ពី​ផលវិបាក​របស់​កីឡា​នេះ​។ ខ្ញុំ​បាន​ប្រាប់​កូន​ខ្ញុំ​ថា «​ប៉ា​បាន​ប្រកួត​ប្រដាល់ ដោយសារ​តែ​ភាពក្រីក្រ​ចំពោះ​កូន​វិញ​មិន​ចាំបាច់​ត្រូវ​តែ​ប្រកួត​ប្រដាល់​ឡើយ​»​។

Pacquiao បាន​ប្រាប់​បន្ត​ថា​៖ «​ប៉ុន្តែ​រូបគេ​បាន​និយាយថា «​ប៉ា កូន​ក៏​ស្រឡាញ់​កីឡា​ប្រដាល់​ដូច​ប៉ា​ដែរ​។ ខ្ញុំ​ចង់​ប្រកួត​តំណាង​ឲ្យ​ប្រទេស​នេះ​ក្នុង​នាម​ជា​អត្តពលិក​ម្នាក់​»​។

កីឡាករ​ជើង​ចាស់​រូប​នេះ​បាន​លើក​ឡើង​បែប​នេះ ក្រោយពី​រូបភាព​វីដេអូ​មួយ​របស់ Jimuel ក្នុង​ពេល​កំពុង​ធ្វើ​ចលនា​អំឡុង​ពេល​នៃ​ការប្រកួត​បែប​កម្សាន្ត​មួយ​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook​។

ទាក់ទង​នឹង​ភរិយា​របស់​ខ្លួន​គឺ​អ្នកស្រី Jinkee ដែល​ក៏​បាន​ជំរុញ​ឲ្យ​កីឡាករ​វ័យ​ ៤០ ​ឆ្នាំ​រូបនេះ​ចូលនិវត្តន៍​ដែរ​នោះ Pacquiao បាន​ឲ្យ​ដឹង​ថា​៖ «​ម្តាយ​របស់​គេ បាន​ទួញ​សោក​ជាច្រើន​លើក​ក្រោយពី​ប្រាប់​រូបគេ​ថា កុំ​ទៅ​ប្រកួត​ប្រដាល់​អី​កូន​។ ប៉ុន្តែ​រូបគេ​ពិត​ជា​ចង់​ប្រកួត​ណាស់​»​។

កូនប្រុស​របស់ Pacquiao មិនមែន​ជា​កូនប្រុស​ដំបូង​គេ​របស់​កីឡាករ​ប្រដាល់​ល្បីល្បាញ​ម្នាក់​ក្នុង​ការដើរ​តាម​ជំហាន​ឪពុក​របស់​ខ្លួន​ឡើយ​។

កូនប្រុស​របស់​អតីត​កីឡាករ​ប្រដាល់​ចក្រភព​អង់គ្លេស Nigel Benn និង Chris Eubank ក៏ដូចជា​កីឡាករ​អាមេរិក Joe Frazier សុទ្ធសឹង​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​។

ទំព័រ Facebook បង្ហាញ​ពី​សកម្មភាព​នៃ​កូនប្រុស​របស់ Pacquiao ដែល​បាន​វាយ​ឲ្យ​គូប្រកួត​របស់​គេ​ដួល​នៅ​លើ​សង្វៀន​នោះ ប្រើ​ចលនា​ប្រកួត​ដូចជា​ឪពុក​របស់​គេ​អ៊ីចឹង​។

Jimuel បាន​ពាក់​ហ្គង់ និង​ប្រដាប់​ការពារ​ធ្មេញ​ដែល​មាន​សរសេរ​អក្សរ​ថា «Pacman» ដែល​ជា​រហស្សនាម​ឪពុក​របស់​គេ​។ Pacquiao បាន​ទស្សនា​ការប្រកួត​នោះ​តាមរយៈ​ការ​វីដេអូ​មួយ និង​ត្រូវបាន​គេ​ឃើញ​ថា​បាន​និយាយ​ទៅ​កាន់​កូនប្រុស​របស់​ខ្លួន​នៅ​មុនពេល​ការប្រកួត​ចាប់ផ្តើម​៕ IS