ក្រុងឡាសវ៉េហ្គាស: កីឡាករ​ប្រដាល់ Manny Pacquiao បាន​បង្ហាញ​ថា អាយុ​មិនមែន​ជា​ឧបសគ្គ​ឡើយ​កាលពី​ថ្ងៃ​សៅរ៍ (​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អាទិត្យ នៅ​កម្ពុជា​) តាមរយៈ​ការយក​ឈ្នះ​ក្នុង​ការប្រកួត​ ១២ ​ទឹក​ពេញ​លើ​កីឡាករ Adrien Broner ដើម្បី​ការពារ​ខ្សែក្រវាត់​ក្នុង​ទម្ងន់​ ៦៦,៧ ​គីឡូក្រាម​ក្នុង​ការប្រកួត​ជា​លើក​ទី​ ១ ​របស់​គេ​នៅលើ​ទឹកដី​អាមេរិក​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​។

Pacquiao បាន​ឈ្នះ​ដោយ​ឈ្នះ​ជាមួយ​នឹង​ការបង្ហាញ​ស្នៀត​ប្រកួត​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍ ខណៈ​ការប្រើ​ល្បឿន​កណ្តាប់ដៃ​យ៉ាង​រហ័ស និង​មាន​ថាមពល​បាន​ជួយ​ឲ្យ​រូបគេ​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាករ​វ័យក្មេង​របស់​អាមេរិក នៅលើ​សង្វៀន MGM Grand Hotel ក្នុង​ទីក្រុង Las Vegas​។

តារា​ប្រដាល់​ដ៏ឆ្នើម​របស់​ហ្វីលីពីន​រូបនេះ​ស្ទើរតែ​បាន​វាយ​ឲ្យ Broner ដួល​ ២ ​លើក​ទៅ​ហើយ​នៅ​ទឹក​ទី​ ៧ និង​ទឹក​ទី​ ៩ ហើយ​បាន​បង្ហាញ​ថា​រូបគេ​នៅ​តែ​ជា​កីឡាករ​ខ្លាំង​ម្នាក់​ក្នុង​កម្រិត​ទម្ងន់​របស់​គេ បើ​ទោះបី​ឈាន​ចូល​វ័យ​ ៤០ ​ឆ្នាំ​កាលពី​ខែ​មុន​ក៏ដោយ​។ ក្នុង​ការប្រកួត​ជា​លើក​ទី​ ៧០ ​របស់​គេ​ក្នុង​នាម​ជា​កីឡាករ​អាជីព Pacquiao បាន​ការពារ​ខ្សែក្រវាត់ WBA ចំនួន​ ២ ​របស់​គេ​យ៉ាង​ជោគជ័យ និង​អាច​បង្កើត​ឲ្យ​មាន​ការប្រកួត​សងសឹក​មួយ​ជាមួយ​នឹង​កីឡាករ Floyd Mayweather ដែល​បាន​ទស្សនាការ​ប្រកួត​នេះ​នៅ​ក្បែរ​សង្វៀន​។

Manny Pacquiao ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​បាន​យ៉ាង​ជោគជ័យ​។ AFP

Pacquiao បាន​ធ្វើឲ្យ​កំណត់ត្រា​ឈ្នះ​របស់​គេ​កើន​ដល់​ ៦១ ​លើក​ចាញ់​ ៧ ​លើក និង​ស្មើ​ ២ ​លើក​ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ ៣៩ ​លើក ក្រោយពី​បាន​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ពី​ចៅក្រម​ទាំង​ ៣ ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ការ​ឈ្នះ​ពិន្ទុ​មួយ​ក្នុង​លទ្ធផល ១១៧-១១១ ផង​ដែរ​។ ចៅក្រម​ ២ ​នាក់​ផ្សេង​ទៀត​បាន​ផ្តល់​ពិន្ទុ​ឈ្នះ​ដូចគ្នា​គឺ ១១៦ ​ទល់​នឹង​ ១១២​។ កីឡាករ​ជើងចាស់​រូប​នេះ​បាន​ចាប់​ផ្តើម​ការ​វាយ​សម្រុក​ដ៏ខ្លាំង​របស់​ខ្លួន​នៅ​ទឹក​ទី​ ៧ ​តាមរយៈ​ការ​វាយ​គូប្រកួត​ដែល​មាន​វ័យ​ត្រឹម​ ២៩​ ឆ្នាំ​របស់​គេ​ចំ​គោល​យ៉ាង​ល្អ​ជាច្រើន​ដៃ​។

Broner បាន​ព្យាយាម​ការពារ​ក្នុង​ពេល​រង​ការ​វាយ​ឲ្យ​សន្ធាប់ ប៉ុន្តែ​បាន​រក្សា​លំនឹង​របស់​ខ្លួន​រហូត​បញ្ចប់​ទឹក​ទី​ ៧ ​នោះ​។ កីឡាករ Pacquiao បាន​បញ្ចេញ​កណ្តាប់ដៃ​យ៉ាង​ល្អ​បំផុត​របស់គេ​នៅ​ទឹក​ទី​ ៩ តាមរយៈ​ការ​វាយ​ចំ​ថ្គាម​ខាងស្តាំ ដែល​បាន​ធ្វើឲ្យ Broner វង្វេង​បន្តិច​នៅ​ក្បែរ​ខ្សែ​រេញ​។

ប៉ុន្តែ Broner បាន​បង្ហាញ​ថា​រូបគេ​អាច​ទទួល​រង​នូវ​កណ្តាប់ដៃ​ដ៏ធ្ងន់​នោះ​បាន ខណៈ​ដែល​រូបគេ​បាន​រក្សា​លំនឹង​របស់​គេ ដើម្បី​គេចផុត​ពី​ការ​សន្លប់​ ១ ​ទឹក​ផ្សេងទៀត​។

បច្ចុប្បន្ន Pacquiao កំពុងតែ​សង្ឃឹម​ថា​អាច​មាន​ឱកាស​សងសឹក​ការ​ចាញ់​កាលពី​ឆ្នាំ​ ២០១៥ ​របស់​គេ​ក្រោម​ស្នាដៃ​របស់ May-weather ក្នុង​ការប្រកួត​តែ​ ១ ​ថ្ងៃ​ដែល​ផ្តល់​ចំណូល​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាប្រដាល់​៕ IS