ក្រុងឡូសអេនជឺលេស: របួស​ភ្នែក​ដែល​កីឡាករ​ប្រដាល់ Manny Pacquiao បាន​ជួបប្រទះ​ក្នុង​ពេល​ដណ្តើម​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​លើ​កីឡាករ Adrian Broner គឺ​ការដាច់​រលាត់​កញ្ចក់ភ្នែក ហើយ​តារា​ឆ្នើម​របស់​ហ្វីលីពីន​រូបនេះ​កំពុង​តែ​សម្រាក​ព្យាបាល​រួច​ជាស្រេច​។ នេះ​បើ​យោង​ទៅ​តាម​អ្នក​នាំពាក្យ​ម្នាក់​សម្រាប់​ក្រុម​ការងារ​របស់ Pacquiao កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​។

កាសែត New York Daily News បាន​ចេញ​ផ្សាយ​ថា សមាជិក​មួយ​ចំនួន​ក្នុង​ក្រុម​របស់ Pacquiao បាន​ព្រួយបារម្ភ​ថា រូបគេ​បាន​រងរបួស​យ៉ាងខ្លាំង​ទៅ​លើ​ប្រស្រីភ្នែក​ក្នុង​ពេល​ផ្តួល Broner ដើម្បី​ការពារ​ខ្សែក្រវាត់​ពិភពលោក WBA ក្នុង​ទម្ងន់​ ៦៦,៧ ​គីឡូក្រាម​របស់​គេ​ដែល​ជា​ខ្សែក្រវាត់​មាន​កម្រិត​ទាប​ជាង​ខ្សែក្រវាត់ WBA ទាំង​ ២ ​របស់​កីឡាករ​ប្រដាល់​មិន​ស្គាល់​ចាញ់ Keith Thurman​។

កីឡាករ​ប្រដាល់​វ័យ​ ៤០ ​ឆ្នាំ​រូប​នេះ​បាន​រុំ​ឧបករណ៍​ការពារ​ភ្នែក​របស់គេ​រួច​ជាស្រេច និង​មាន​អារម្មណ៍​ថា រូបគេ​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ក្នុង​ការចូលរួម​ទស្សនាការ​ប្រកួត​កីឡា​បាល់បោះ​ក្របខ័ណ្ឌ NBA រវាង​ក្រុម Golden State Warriors និង Los Angeles Lakers នៅ​កីឡដ្ឋាន Staples Center​។

ប៉ុន្តែ​បញ្ហា​របួស​ភ្នែក​នេះ​ដែល​អាច​បណ្តាល​មកពី​ប៉ះ​ជាមួយ​នឹង​ហ្គង់​របស់ Broner មិនមែន​ជា​ព័ត៌មាន​មិន​ល្អ​តែមួយ​សម្រាប់ Pacquiao កាលពី​ចុង​សប្តាហ៍​ថ្មីៗ​នេះ​ឡើយ​។

បើ​តាម​ប្រភព​នានា​ផ្ទះ​ ១ ​ខ្នង​នៅ​ទីក្រុង Los Angeles របស់ Pacquiao ត្រូវ​បាន​ចោរលួច​គាស់​ក្នុង​ពេល​រូបគេ​ស្ថិត​ក្នុង​ទីក្រុង Las Vegas ប៉ុន្តែ វា​មិន​ត្រូវ​បាន​ប្រកាស​ភ្លាមៗ​ថា​ក្រុមចោរ​បាន​លួច​អ្វី​ទៅ​ឡើយ​។

វា​មិនមែន​ជា​លើក​ទី​ ១ ​ឡើយ​ដែល​អ្នក​លេង​កីឡា​ដ៏ល្បី​ឈ្មោះ​ម្នាក់​បាន​រង​នូវ​ការ​លួច​គាស់​ផ្ទះ​នៅ Los Angeles នោះ​។

អតីត​តារា​ឆ្នើម​របស់​ក្រុម Los Angeles Dodgers គឺ Yasiel Puig បាន​ក្លាយជា​ជនរងគ្រោះ​ដោយសារ​តែ​ចោរលួច​គាស់​ផ្ទះ​យ៉ាង​ហោច​ណាស់​ ៤ ​លើក​ក្នុង​រយៈពេល​ត្រឹមតែ​ ១៨ ​ខែ​ក្នុង​ពេល​រូបគេ​លេង​កីឡា​បេស្បល​ក្នុង​ក្របខ័ណ្ឌ Major League Baseball ឬ​កំពុង​បំពេញ​កាតព្វកិច្ច​សម្រាប់​ក្រុម​របស់​ខ្លួន​។

ក្រុមចោរ​ក៏​មាន​គោលដៅ​ក្នុង​ការ​លួច​គាស់​ផ្ទះ​របស់​កីឡាករ Robert Woods នៃ​ក្រុម Los Angeles Rams ផង​ដែរ​។

Pacquiao ដែល​បាន​ធ្វើឲ្យ​កំណត់ត្រា​ឈ្នះ​របស់​គេ​កើន​ដល់​ ៦១ ​លើក​ចាញ់​ ៧ ​លើក និង​ស្មើ​ ២ ​លើក​ក្នុង​នោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ ៣៩ ​លើក​ក្រោយពី​យក​ឈ្នះ​លើ Broner បាន​បញ្ចាក់​ថា​រូបគេ​នឹង​បន្ត​ធ្វើការ​ប្រកួត បើ​ទោះបី​រូបគេ​មាន​កាតព្វកិច្ច​ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា​របស់​ហ្វីលីពីន​ក៏ដោយ​។

កីឡាករ Pacquiao ដែល​បាន​បញ្ជាក់​ថា​រូបគេ​ពិតជា​ចង់​ឡើង​សង្វៀន​ប្រកួត​ជាមួយ​នឹង Floyd Mayweather ដើម្បី​សងសឹក​ចំពោះ​ការ​ចាញ់​កាលពី​ឆ្នាំ​ ២០១៥ ​របស់​គេ​ក្រោម​ស្នាដៃ​កីឡាករ​ប្រដាល់​អាមេរិក​មិន​ស្គាល់​ចាញ់​រូបនេះ បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​នឹង​ស្នើ​ឲ្យ​អ្នក​រៀបចំ​ការប្រកួត​របស់​ខ្ញុំ​រៀបចំ​ការប្រកួត​បន្ទាប់​របស់​ខ្ញុំ ហើយ​យើង​នឹង​ប្រកាស​ក្នុង​ពេល​ដ៏សមរម្យ​មួយ​»​។ កីឡាករ Pacquiao បាន​បន្ថែម​ទៀត​ថា​៖ «​ប្រាប់​រូបគេ​ឲ្យ​វិល​មក​កាន់​សង្វៀន​វិញ ហើយ​យើង​នឹង​ប្រកួត​គ្នា​ម្តង​ទៀត​»៕ IS