ប៉ារីស៖ ការ​ប្រកួត​វាយ​កូនបាល់ (តិន្នីស) កម្មវិធី Paris Masters ​ចាប់​ផ្ដើម​ដំណើរការ​ហើយ​នៅ​ទីលាន​ដែល​ស្ទើរ​តែ​គ្មាន​អ្នក​ទស្សនា​សោះ Bercy Arena កាល​ពី​ថ្ងៃ​ចន្ទ ចំពេល​បារាំង​​បិទ​ប្រទេស​ជា​លើក​ទី ២ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​កូរ៉ូណា ខណៈ​​អតីត​ម្ចាស់​ជើងឯក​ Karen Khachanov បាន​ធ្លាក់​ចេញ​ពី​កម្មវិធី​​ត្រឹម​ជុំ​ដំបូង​នេះ។

កីឡាករ​រុស្ស៊ី Khachanov ដែល​ឈ្នះ​ពាន ក្នុង​ឆ្នាំ ​២០១៨ បាន​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​កីឡាករ​អេស្ប៉ាញ Alejandro Davidovich Fokina ក្នុង​លទ្ធផល ២ សិត​ទល់​នឹង ១ គឺ ៦-៣ ២-៦ និង ៦-២​។

អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​រំពឹង​ថា នឹង​អាច​ទទួល​ទស្សនិក​ជន​ចំនួន ១ ០០០ ​នាក់ ក្នុង ១ ​ថ្ងៃ​ តែ​ផ្ទុយ​ទៅ​វិញ បែរ​ជា​ត្រូវ​សង​ថ្លៃ​សំបុត្រ​ទៅ​អ្នក​ទិញ​ ​ពេល​ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ប្រកាស​ថា នឹង​បិទ​ទ្វារ​ប្រទេស​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​សប្ដាហ៍​មុន​។

ប្រាក់​រង្វាន់​ឆ្នាំ​នេះ ត្រូវ​បាន​បន្ថយ​មក​ត្រឹម​ជាង​ ២ ​លាន​អឺរ៉ូ ($២,៣៣ ​លាន) តិច​ជាង​ឆ្នាំ​មុន ពេល​ពាន​នេះ​ជា​របស់​កីឡាករ​សញ្ជាតិ​ស៊ែប៊ី Novak Djokovic ដែល​អវត្តមាន​នៅ​លើក​នេះ​។​​

ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ផ្សេង​ទៀត គឺ​ Marin Cilic ទៅ​ពី​ក្រូអាស៊ី ដែល​ជា​ម្ចាស់​ពាន​លំដាប់ Grand Slam កម្មវិធី US Open 2014 បាន​ធ្វើ​ដំណើរ​ទៅ​ជុំ​ទី​២ ក្រោយ​ឈ្នះ​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​កាណាដា Felix Auger-Aliassime ជាមួយ​នឹង​ពិន្ទុ ៦-០ ៣-៦ និង ៦-៣​។

ទោះ​បាន​ឆ្លង​ទៅ​ជុំ​បន្ទាប់ ក៏​Cilic នៅ​និយាយ​ថា​៖ «ខ្ញុំ​នៅ​មិន​ទាន់​ធ្វើ​បាន​ល្អ​ទេ​នា​រដូវកាល​នេះ រដូវកាល​មុន​ក៏​ដូច​គ្នា​ ប្រៀប​នឹង ២-៣ ឆ្នាំ​ចុង​ក្រោយ​មុន​ហ្នឹង​។ ខ្ញុំចង់​និយាយ​ថា ការ​ប្រកួត​វាយ​កូន​បាល់​កម្រិត​នេះ គឺ​ពិត​ជា​ប្រសើរ​សម្រាប់​ការ​​ផ្ដល់​​ទំនុក​ចិត្ត​ឱ្យ​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ការ​ប្រកួត​នេះ ពិត​ជា​មាន​កម្រិត​ខ្ពស់​ណាស់»​។​

ចំណែក​ឯកីឡាករ​ចាស់​វស្សា​សញ្ជាតិ​អេស្ប៉ាញ Feliciano Lopez នឹង​ត្រូវ​ជួប​ជាមួយ​មិត្ត​រួម​ជាតិ Rafael Nadal ដែល​ទើប​លើក​ពាន Grand Slam នៅ​ក្រុង​ប៉ារីស​នេះ គឺ French Open ជា​លើក​ទី​១៣ ក្រោយ​ពី​មាន​ជ័យជម្នះ​លើ​កីឡាករ​ស៊ែប៊ី Filip Krajinovic ៧-៦ និង ៦-១​។

ជាមួយ​គ្នា​នេះ Lopez បាន​និយាយ​ពី​ស្ថានការណ៍​បច្ចុប្បន្ន​ថា កីឡាករ​ត្រូវ​ទទួល​ស្គាល់​ថា ព្រឹត្តិការណ៍​ប្រកួត​អាច​នឹង​មិន​ទាន់​ត្រឡប់​មក​រក​ភាព​ប្រក្រតី​បាន​វិញ​ទេ ក្នុង​រយៈ​ពេល​​ច្រើន​ខែ​​ទៀត​ ដោយសារ​ការ​ផ្ទុះ​ឡើង​ជាលើក​ទី​២ នៃ​ការ​ឆ្លង​វីរុស​ កំពុង​កើត​មាន​ទូទាំង​ទ្វីប​អឺរ៉ុប​។

កីឡាករ​វ័យ ៣៩ ​ឆ្នាំ និយាយ​ថា​៖ «​យើង​ត្រូវ​ដឹង​ពី​ស្ថានភាព​ដែល​ពិភព​លោក​កំពុង​តែ​ជួប​ប្រទះ ហើយ​ត្រូវ​ដឹង​ថា តើ​ម្នាក់​ៗ កំពុង​ប្រឈម​នឹង​ពេល​ដ៏​លំបាក​ជុំវិញ​ពិភព​លោក​​យ៉ាង​ដូច​ម្ដេច​។ ​ស្ថានការណ៍​​​ពេល​នេះ ខ្ញុំ​មិន​រំពឹង​ប្រាក់​រង្វាន់​នោះ​ទេ។ ខ្ញុំ​គិត​ថា វា​នឹង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​នេះ មួយ​រយៈ​ទៀត​»​៕ AFP/VN