The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Pele ចូល​ដល់​វ័យ ៨០ ​ឆ្នាំ ចំពេល​មាន​ការ​ដេញដោល GOAT




Pele ចូល​ដល់​វ័យ ៨០ ​ឆ្នាំ ចំពេល​មាន​ការ​ដេញដោល GOAT

Content image - Phnom Penh Post
អ្នក​គាំទ្រថត​សែល​ហ្វី​ជាមួយ​រូប​គំនូរ​នៅ​លើ​ជញ្ជាំង​របស់​អតីត​វីរបុរស​បាល់​ទាត់​នៃ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល Pele នា​ក្រុង​សៅ​ប៉ាវឡូ។

Pele ចូល​ដល់​វ័យ ៨០ ​ឆ្នាំ ចំពេល​មាន​ការ​ដេញដោល GOAT

ក្រុង​សៅ​ប៉ាវ​ឡូ​: អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​ជ្រើស​ជាតិ​ប្រេស៊ីល លោក Pele ដែល​ធ្វើ​ខួប​គម្រប់​​អាយុ ៨០​ ឆ្នាំនា​សប្ដាហ៍​នេះ នៅ​តែ​ទទួល​បាន​ការ​គោរព​កោត​សរសើរ​ពី​សំណាក់​ប្រជាជន​អ្នក​គាំទ្រ​បាល់​ទាត់​នៃ​ប្រទេស​កំណើត​របស់​គាត់ បើ​ទោះជា​ទី​តាំង ដែល​ពិបាក​មាន​អ្នក​ទៅ​ដល់ក្នុង​នាម​ជា​កីឡាករ​ល្អ​បំផុត​នៃ​កំណត់​ត្រា ឥឡូវ​នេះ​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​ក៏​ដោយ​។​​

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Santos, New York Cosmos និង​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់ ដែល​ឈ្នះ​ពាន World Cup ចំនួន ៣​ ដង ហើយ​អស់​រយៈ​ពេល​ច្រើន​ទស្សវត្សរ៍​មក​ហើយ ត្រូវ​បាន​គេ​លើក​តម្កើង​ថា ជា​កីឡាករ​ល្អ​បំផុត​ជាង​គេ​គ្រប់​ពេល (GOAT)​។

តែ​យ៉ាង​ណា ការ​លេច​មុខ​របស់​អតីត​កីឡាករអាហ្សង់ទីន Diego Maradona ក្នុង​ទស្សវត្សរ៍​ឆ្នាំ​ ៩០ បាន​មក​ប្រជែង​ឥទ្ធិពល​របស់​​ Pele ហើយ​សមិទ្ធ​ផល​ដ៏​អស្ចារ្យ​របស់ Lionel Messi ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​​​ Barcelona រឹតតែ​ធ្វើ​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​មិន​ចេះ​ចប់​ថា តើ​នរណា គឺ GOAT​។

Content image - Phnom Penh Post
លោក Pele កាលនៅ​ជា​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល កាល​ពី​អតីត​។

បញ្ហា​ហ្នឹងបាន​ធ្វើ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​អឺរ៉ុប ជា​កន្លែង​ដែល​កីឡាករ Messi រួម​ចំណែក​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ពាន Champions League ៤ ដង និង​ពាន​ក្នុង​ស្រុក La Liga ១០ ​ដង ខណៈស៊ុត​បញ្ចូល​ទី​​បាន​ ៤០​ គ្រាប់ ឬ​ច្រើន​ជាង​ហ្នឹង ក្នុង​រដូវកាល​នីមួយ​ៗសម្រាប់​ ១០​ រដូវ​កាល​ចុង​ក្រោយ​។

សម្រាប់​កីឡាករ​មាឌ​ល្អិត​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន ព្រម​ទាំងកីឡាករ​គូ​ប្រជែង​ដ៏​យូរ​អង្វែង​របស់​ខ្លួន Cristiano Ronaldo មាន​អ្នក​គាំទ្រ​រាប់​សិប​លាន​នាក់ ហើយ​មិន​ដូច លោក Pele ដែល​លេង​បាល់​តាំង​ពី​មុន​ទូរទស្សន៍​មិន​ទាន់​មាន​ទូលំទូលាយ សមិទ្ធផល​របស់​ពួក​គេ ទៅ​ដល់​មនុស្ស​រាប់​ពាន់​លាន​​នាក់​ទូទាំង​ពិភពលោក​តាម​រយៈ​បណ្ដាញ​សង្គម​។​

ពិធីករ​ទូរទស្សន៍ BBC និង​ជា​អតីត​ខ្សែ​ប្រយុទ្ធ​អង់គ្លេស លោក Gary Lineker បាន​និយាយ​ កាល​ពី​ខែ​ឧសភា ថា​៖ «​បើ​សិន​អ្នក​កំពុង​និយាយ​ពី​កីឡាករ​ឆ្នើម​បំផុត មិន​ចាំ​បាច់​ប្រកែក​តវ៉ា​គ្នា​វែង​ឆ្ងាយ​​ឡើយ នោះ​គឺ​ Messi​។ នោះ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ​ តែ​មិន​ប្រាកដ ១០០ ភាគរយ​ទេ​»​។​

ប្រជាជន​អាហ្សង់​ទីន​ មិន​យល់​ស្របនឹង​ភាព​អស្ចារ្យ​របស់​អតីត​កីឡាករ ដែល​មាន​ឈ្មោះ​ពេញថា Edson Arantes do Nascimento នោះ​ឡើយ ដ្បិតគាត់​មិនធ្លាប់​ទៅ​ប្រកប​អាជីព​នៅ​អឺរ៉ុប ខណៈ​​ប្រជា​ជន​ប្រេស៊ីល លើក​យក​​កំណត់​ត្រា​ក្នុង​​ក្រុម​ជម្រើស​ជាតិ​របស់​ Messi មក​ប្រៀប​ជាមួយ​លោក Pele ថា​មាន​កម្រិតទាប​ជាង​ឆ្ងាយ​ណាស់​។

ខណៈ​លោក Pele មាន​ចំណែក​យ៉ាង​សំខាន់​ជួយ​ឱ្យ​ប្រេស៊ីល​លើក​ពាន World Cup ៣​ដង កីឡាករ​​​ Messi ឯណោះ មិន​ធ្លាប់​សូម្បី​ម្ដង​ជាមួយ​ក្រុមអាហ្សង់​ទីន ដោយ​ក្នុង​នោះ​មាន​វត្ត​មាន​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ៣ ដង ពេល​ក្រុម​ចាញ់ ក្នុង​កម្មវិធី​​ Copa America និង ១ លើក ក្នុង​ព្រឹត្តិការណ៍ World Cup​។

យ៉ាង​ក៏​ដោយ​ ប្រជា​ជន​ប្រេស៊ីល ចាត់​ទុក​លោក Pele ជា​រតនសម្បត្តិ​របស់​ជាតិ ហើយ​នៅ​មុន​ថ្ងៃ​ខួប​កំណើត​របស់​គាត់នាថ្ងៃ​សុក្រ ពួក​គេ​បាន​ធ្វើ​ពិធី​អបអរតាម​រយៈ​អត្ថបទ​កាសែត​ពិសេស កម្មវិធី​ទូរទស្សន៍​ពិសេស និង​ការ​តាំង​ពិព័រណ៍ នៅ​ឯ​សារមន្ទី​បាល់​ទាត់​ជាតិ​។

«​គាត់​ជា​វី​របុរស​ ដែល​កំពុង​មាន​ជីវិត។ យើង​ត្រូវ​តែ​គោរព​និមិត្តរូប (អាយដល) របស់​យើង ខណៈ​ពួក​គេ​ កំពុង​រស់​នៅ និងនៅ​ជាមួយ​ពួក​យើង។ គាត់​សម្រេច​សមិទ្ធផល​បាន​ច្រើន​ណាស់​។ អរគុណ​គាត់ ដែល​ជួយ​ឱ្យ​គេ​ស្គាល់​ប្រេស៊ីល​ទូទាំង​ពិភពលោក​»​។ នេះ​ជា​សម្ដី​របស់​លោក​ Gabriel Oliveira ដែល​ជា​អ្នក​ទៅ​ទស្សនា​ការ​តាំង​ពិព័រណ៍​នៅ​ក្រុង​សៅ​ប៉ាវ​ឡូ​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍