ក្រុងឡុងដ៍: លោក Manuel Pellegrini បាន​សន្យាថា នឹង​បង្កើត​បដិវត្តន៍​នៃ​ទម្រង់​លេង​បែប​វាយ​សម្រុក​នៅ​ឯ​ក្លិប West Ham ក្រោយ​ពី​គ្រូបង្វឹក​សញ្ជាតិ​ស៊ីលី​រូប​នេះ ត្រូវ​បាន​តែង​តាំង​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លិប​ស្ថិត​ក្នុង​ក្របខ័ណ្ឌ Premier League មួយ​នេះ កាល​ពី​ថ្ងៃ​អង្គារ។

លោក Pellegrini អតីត​គ្រូបង្វឹក​របស់​ក្រុម Manchester City បាន​ចាក​ចេញ​ពី​តួនាទី​របស់​លោក​ជាមួយ​នឹង​ក្លិប Hebei China Fortune កាល​ពី​ចុង​សប្តាហ៍​មុន និង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡុងដ៍ ដើម្បី​បំពេញ​ការ​វិល​ត្រឡប់​របស់​លោក​ទៅ​កាន់​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស ក្នុង​កិច្ចសន្យា​រយៈពេល ៣ ឆ្នាំ។

ក្រុម​ញញួរ​ធំ​បានជ្រើសរើស​មិន​រក្សាទុក​លោក David Moyes ក្រោយពី​កិច្ចសន្យា​រយៈ​ពេល​ខ្លី​របស់​លោក​បាន​បញ្ចប់ ក្រោយ​ពី​ការ​ប្រកួត​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ Premier League រដូវកាល​នេះ បើ​ទោះបី​គ្រូបង្វឹក​សញ្ជាតិ​ស្កុតឡេន​រូប​នេះ បាន​ដឹកនាំ​ឲ្យ​ក្រុម West Ham គេច​ផុត​ពី​តំបន់​កាត់​ចោល និង​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ ១៣ នៅ​លើ​តារាង​ក៏ដោយ។

លោក Pellegrini បាន​ដឹកនាំ​ឲ្យ​ក្រុម Man City ឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League កាល​ពី​ឆ្នាំ ២០១៤ ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League និង​ក៏បាន​ឈ្នះ​ពាន League Cup ២ លើក​ផង​ដែរ អំឡុង​ពេល​នៃ​ការ​ដឹកនាំ​រយៈពេល ៣ ឆ្នាំ​របស់​លោក​ក្នុង​ទីក្រុង Manchester។

ការ​ឈ្នះ​ពាន​ជាមួយនឹង​ក្រុម West Ham អាច​នឹង​ក្លាយជា​សំណើ​ដ៏​យូរអង្វែង​មួយ ប៉ុន្តែ គ្រូបង្វឹក​វ័យ ៦៤ ឆ្នាំ​រូប​នេះ បាន​កំណត់​គោលដៅ​របស់​លោក​ទៅ​លើ​ការប​ង្កើត​ក្រុម​មាន​ទម្រង់​លេង​ដ៏​រំភើប មាន​សមត្ថភាព​ផ្តល់​ការ​រីករាយ​ដល់​អ្នក​គាំទ្រ ដែល​កំពុង​តែ​ខកចិត្ត​ចំពោះ​ភាព​ត្រដាប​ត្រដួស​របស់​ក្លិប​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក Pellegrini បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​គិតថា West Ham បាន​ជួប​រដូវ​កាល​ដ៏​លំបាក​មួយ​កាលពី​រដូវកាល​មុន ហើយ​ខ្ញុំ​សង្ឃឹម​ថា នៅ​រដូវ​ក្រោយ យើង​នឹង​លេង​កីឡា​បាល់​ទាត់​ដែល​នឹង​ផ្តល់​ការ​រីករាយ​ដល់​អ្នក​គាំទ្រ។ ខ្ញុំ​តែង​តែ​លេង​កីឡា​បាល់​ទាត់​បែប​វាយ​សម្រុក ហើយ​យើង​ត្រូវ​តែ​ព្យាយាម​ឈាន​ដល់​គោលដៅ​ដ៏​សំខាន់​ក្នុង​រដូវកាល​នេះ»។

ដោយ​ខឹងសម្បា​ទៅលើ​ការផ្លាស់ប្តូរ​របស់​ក្លិប West Ham ពី​កីឡដ្ឋាន​ជា​ប្រវត្តិសាស្ត្រ Upton Park ទៅ​កាន់​កីឡដ្ឋាន London កាល​ពី ២ ឆ្នាំ​មុន អ្នក​គាំទ្រ​ជាច្រើន​បាន​ធ្វើការ​តវ៉ា​យ៉ាង​ខឹង​សម្បា​ប្រឆាំង​នឹង​សហ​ម្ចាស់​ក្លិប​លោក David Gold និង​លោក David Sullivan អំឡុង​ពេល​ការ​រង​បរាជ័យ​លើ​ទឹកដី​ខ្លួន​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Burnley តាមរយៈ​ការ​រត់​ចូល​ទីលាន​ប្រកួត និង​ចោល​កាំជ្រួច​ជា​ច្រើន​ទៅ​លើ​កន្លែង​អង្គុយ​របស់​ប្រធាន​ក្លិប។

លោក Pellegrini សង្ឃឹមថា លោក​អាចបង្កើត​ឲ្យ​មានការ​សាមគ្គី​ក្នុង​ក្លិប​នេះ តាមរយៈ​ការ​ទិញ​ចូល​កីឡាករ​ថ្មី​ដែល​អាច​ប្រតិបត្តិ​តាម​ទម្រង់​លេង​ផ្នែក​កីឡា​បាល់ទាត់​ដែល​លោក​ចង់​បាន។

លោក Pellegrini បាន​បញ្ជាក់ថា៖ «ខ្ញុំ​គិតថា West Ham គឺជា​ក្រុម​ដ៏​ខ្លាំង​មួយ។ ខ្ញុំ​ស្គាល់​រាល់​កីឡាករ​ទាំង​អស់ ហើយ​ខ្ញុំ​បាន​មើល​ការ​ប្រកួត​ភាគ​ច្រើន​ដែល​ពួកគេ​បាន​លេង​កាល​ពី​រដូវកាល​មុន»៕