The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Pep កម្ទេច​រឿង​អពមង្គលនៅ Champions League ដើម្បី​ដឹក​នាំ City ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើក​ដំបូង​​​




Pep កម្ទេច​រឿង​អពមង្គលនៅ Champions League ដើម្បី​ដឹក​នាំ City ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើក​ដំបូង​​​

Content image - Phnom Penh Post
Kimpembe (ស្ដាំ) របស់​ PSG ផ្ដួល​ខ្លួន​ស្កាត់​យក​បាល់​ពី De Bruyne របស់​ Man City អំឡុង​ការ​ប្រកួត Champions League វគ្គ ៤​ ក្រុម ជើង​ទី២ កាល​ពី​ថ្ងៃ​អង្គារ​។

Pep កម្ទេច​រឿង​អពមង្គលនៅ Champions League ដើម្បី​ដឹក​នាំ City ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើក​ដំបូង​​​

ក្រុង​មេន​ឆេស្ទ័រ​: បន្ទាប់​ពី​ការ​ខក​ចិត្ត​អស់ ១ ទសវត្សរ៍ លោក Pep Guardiola បាន​និង​កំពុង​​ត្រឡប់​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ក្រប​ខ័ណ្ឌ Champions League វិញ​ហើយ ហើយ​នៅ​សល់​តែ​ ១ ហ្គេម​​ទៀត​ប៉ុណ្ណោះ ពី​ការ​បំពេញ​តួនាទី​របស់​គាត់​ ក្នុងការ​​ជួយ​ឱ្យ​ក្រុម​មេឃ​ខៀវ Manchester City ក្លាយ​ជា​ជើង​ឯក​នៅ​តំបន់​អឺរ៉ុប​ជាលើក​ដំបូង​។

ក្នុង​សង្គ្រាម​រវាង​​ក្រុម​យក្ស ២ ដែលមើល​ទៅ​ទំនង​ជា​មាន​ធន​ធាន​មិន​ចេះ​រីង​ស្ងួត តែ​ឈ្មោះ​របស់​ពួក​គេ​អត់​មាន​​ឆា្លក់​នៅ​លើ​​ពាន Champions League ​នោះ ​​​ឃើញ​ថា ក្រុម City នៅ​​បន្ត​ភាព​នឹង​ន​ររបស់​ខ្លួន​ រហូត​អាច​យក​ឈ្នះ​ក្រុម​ Paris Saint-Germain (PSG) ទាំង​ ២​ជើង ៤-១ ខណៈ​ក្រុម​ជើង​ឯក​លីគ​កំពូល​របស់​បារាំង ត្រូវ​បាន​ធ្វើ​ឱ្យវង្វេង​វង្វាន់ពី​​ការ​ប្រកួត​ទាំង ២ ជើង ក្នុង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ​។

កីឡាករ​ Riyad Mahrez ដែល​កើត​ និង​ធំធាត់នៅ​ក្រុង​ប៉ារីស ស៊ុត​បញ្ចូល​ទី ២ គ្រាប់​ ដើម្បី​ធានា​ឱ្យ​ក្រុម​ Man City ឈ្នះ ២-០ នៅ​ផ្ទះ​ខ្លួន​ឯង អំឡុង​ការ​ប្រកួត​ ក្នុង​វគ្គ ៤ ក្រុម​ចុង​ក្រោយ ជើង​ទី២ កាល​ពី​ថ្ងៃ​អង្គារ មុន​ពេល​មាន​ផ្ដល់​កាត​ក្រហម​ឱ្យ Angel di Maria កីឡាករ​របស់​ក្រុម​ភ្ញៀវ ដោយសារ​តែ​ស្រែក​ដាក់​​កីឡាករ​​​ Fernandinho ខណៈ​លទ្ធផល​នោះ​ធ្វើឱ្យ​ក្រុម​ PSG ធ្លាក់​ចេញ​ពី​កម្មវិធី​ប្រកួត​ប្រជែង​របស់​អឺរ៉ុប​នេះ​ទាំង​សោក​សៅ​។

ការ​បង្ហាញ​វត្តមាន​នៅ​ Champions League លើក​ដំបូង​​របស់​ក្រុម City ដែល​អាច​នឹង​​ត្រូវតទល់​ជាមួយ​ក្រុម​យក្ស​អេស្ប៉ាញ Real Madrid​ ឬ​ក៏​ក្រុម​រួម​លីគ Chelsea នៅ​ក្រុង​អ៊ីស្ដង់​ប៊ុល គឺ​ជា​ទិន្នផល​ខ្ពស់​បំផុត​នៃ​ការ​រីក​ចម្រើន​របស់​ក្លិប ចាប់​តាំង​ពី​មាន​ការ​ទិញរបស់​ក្រុមហ៊ុន​ Abu Dhabi ក្នុង​ឆ្នាំ​ ២០០៨ ដែល​បាន​មក​​កែប្រែ​ជោគ​វាសនា​របស់​ពួក​គេ​។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខនេះ ​Man City ក៏​នឹង​ធានា​បាន​នូវ​តំណែង​​ជើង​ឯក​នៃ​​ក្របខ័ណ្ឌ ​Premier League ជា​លើក​ទី៥ ក្នុង​រយៈ​ពេល​ ១០​ ឆ្នាំ​ចុង​ក្រោយ​។

ដោយ​ធ្លាប់​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា «​អ្នក​ជិត​ខាង​ដ៏​គួរ​ឱ្យ​រំខាន» ដោយ​វីរបុរស​ លោក​​ Alex Ferguson ដែល​ជា​អតីត​អ្នក​ចាត់​ការ​ក្រុម​ Manchester United ឥឡូវ​នេះ ក្រុម City មិន​ត្រឹម​តែ​មាន​ឥទ្ធិពល​គ្រប​លើក្រុម​ ក្នុង​ក្រុង​មេនឆេស្ទ័រ​ជាមួយ​គ្នា​នោះ​ទេ តែ​ថែម​ទាំងលើ​ក្រុម​ក្នុង​វិស័យ​​បាល់​ទាត់​អង់គ្លេស​ទៀត​ផង​។​

គ្រូបង្វឹក​របស់​ក្រុម City លោក Pep បាន​ថ្លែង​ថា​៖ «​ពិត​ណាស់​ ពួក​យើង​បាន​ដាក់​ទុន​នូវ​ចំនួន​ទឹក​ប្រាក់​យ៉ាង​ច្រើន ចាប់​តាំង​ពី​លោក Sheikh Mansour ចូល​មក​កាន់​កាប់​ក្លិប​ តែ​មិន​មែន​មាន​តែ​ប៉ុណ្ណឹង​នោះ​ទេ​។ វា​នៅ​មាន​រឿង​អស្ចារ្យ​ៗ​ជាច្រើន​ទៀត​ នៅ​ពី​ក្រោយ​ឆាក​នៃ​សាច់​រឿង​ទាំង​ហ្នឹង​»​។​

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញបាន​បន្ថែម​ថា​៖ «ការ​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League បានជួយ​ពួក​យើង​ឱ្យ​ដឹង​ពី​​រូប​ភាព​ដ៍​ធំ​​ជាង​​អ្វី ដែល​យើង​បាន​ធ្វើ​ក្នុង​រយៈ​ពេល ៤​ ឆ្នាំ​ចុង​ក្រោយ​នេះ​។ អ្វី ដែល​យើង​បាន​ធ្វើ ៤​ ឆ្នាំ​នេះ គឺ​ពិត​ជា​អស្ចារ្យ​ណាស់​»​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍