ក្រុងមេនឆេស្ទ័រ៖ លោក Pep Guardiola (Pep) បានផ្ដល់តម្លៃនៃការឈ្នះ ២០ ប្រកួតបន្តបន្ទាប់គ្នារបស់ក្រុមមេឃខៀវ Manchester City ថាជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយ ក្នុងអាជីពដែលមានជោគជ័យបំផុតរបស់គាត់។
Man City កំពុងធ្វើការនាំមុខដាច់ ១៣ ពិន្ទុ នៅទីកំពូលតារាងក្របខ័ណ្ឌ Premier League ក្រោយយកឈ្នះក្រុម West Ham United ទាំងប្រផិតប្រផើយ ២-១ អំឡុងការប្រកួតនៅឯកីឡដ្ឋាន Etihad កាលពីថ្ងៃសៅរ៍។
ក្រុមរបស់លោក Pep មិនទាន់ស្គាល់បរាជ័យទេ ក្នុងចំណោម ២៧ ហ្គេម ហើយជ័យជម្នះជាប់ៗគ្នារហូតដល់ ២០ ដង ពីការប្រកួតនៃគ្រប់កម្មវិធីទាំងអស់ ជាកំណត់ត្រាមួយសម្រាប់ក្រុមនៅលីគកំពូលរបស់អង់គ្លេស។
បុរសជាតិអេស្ប៉ាញ លោក Pep ឈ្នះជើងឯកជាច្រើនរហូតដល់ ២៩ ពាន ក្នុងនាមជាអ្នកចាត់ការម្នាក់របស់ក្រុមល្បីៗ ដូចជា Barcelona, Bayern Munich និង Man City ក្នុងនោះរួមទាំងពាន Premier League ២ សម័យកាល ក្នុងឆ្នាំ ២០១៨ និង ២០១៩ ផងដែរ។
តែលោក Pep វ័យ ៥០ ឆ្នាំ មានការយល់ឃើញថា ការឈ្នះហើយឈ្នះទៀតបន្តគ្នារដឹកដ៏អស្ចារ្យរបស់ក្រុមមេឃខៀវ រដូវកាលនេះ អំឡុងពេលមានវិបត្តិជំងឺឆ្លង និងកីឡាកររបួស គឺមានតម្លៃស្មើនឹងពេលវេលាជោគជ័យបំផុតរបស់លោក។
លោក Pep ថ្លែងថា៖ «វាគឺជារឿងមិនងាយនោះឡើយ។ ២០ ដង ក្នុងអំឡុងពេលនេះពោលគឺក្នុងគ្រានេះ ជាមួយនឹងស្ថានការណ៍នេះទូទាំងពិភពលោក។ អាចឈ្នះដល់ ២០ ប្រកួតបន្តគ្នា គឺប្រហែលជាសមិទ្ធផលដ៏ជោគជ័យបំផុតមួយ ក្នុងចំណោមជោគជ័យផ្សេងៗ ដែលយើងបានសម្រេចរួមជាមួយគ្នាក្នុងអាជីពរបស់យើង»។
អ្នកចាត់ការដែលសង្ឃឹមថា នឹងអាចដឹកនាំក្រុម Man City ឱ្យក្លាយជាជើងឯកលីគកំពូលជាលើកទី៣ បន្តថា៖ «នោះមិនមែនមានន័យថា យើងនឹងឈ្នះពានរង្វាន់ទេ តែយើងអត់មានពេលសម្រាកសូម្បី ១ សប្ដាហ៍ រយៈពេល ៣ ខែ។ ១ ប្រកួត រៀងរាល់ ៣ ថ្ងៃ ជាមួយនឹងការប្រឈមក្នុងស្ថានភាពនៃជំងឺកូវីដ ១៩ និងបញ្ហារបួស ដូច្នេះ ការឈ្នះបន្តគ្នាបែបនេះបានបង្ហាញថា ក្រុមទាំងមូលមានកម្លាំងចិត្តរឹងមាំណាស់»។
យ៉ាងណាប្រកួតទល់នឹង West Ham នៅផ្ទះខ្លួនឯង Man City មិនបានលេងក្នុងទម្រង់ដ៏ល្អបំផុតនោះឡើយ តែលោក Pep ពេញចិត្តពេញថ្លើមនឹងរបៀបលេង ដែលអាចឱ្យក្រុមដណ្ដើម ៣ ពិន្ទុបាន។
លោក Pep បានបន្ថែមថា៖ «ច្បាស់ណាស់ សម្រាប់គ្រប់គ្នា ដែលមើលហ្គេមនេះនឹងឃើញថា វាពិតជាតឹងតែងមែន។ គូបដិបក្ខរបស់យើង រឹងមាំណាស់ ពោលគឺពួកគេមិនឆ្លេឆ្លាឡើយ។ ដូច្នេះ សូមធ្វើការសរសើរយ៉ាងខ្លាំងចំពោះក្រុម West Ham។ ក្រោយ ២៦ ប្រកួត ពួកគេកំពុងឈរនៅទីតាំង ដែលបានទៅ Champions League។ ពួកគេកំពុងមានប្រៀប»។
ជាចុងក្រោយ គ្រូបង្វឹកដែលចូលមកកាន់តំណែងក្នុងក្រុមមេនឆេស្ទ័រ នាឆ្នាំ ២០១៦ បានប្រាប់ថា៖ «ពិតមែនហើយ វាជាការប្រកួតដ៏តានតឹង តែនោះគឺរឿងល្អសម្រាប់ពួកយើង ដើម្បីត្រៀមខ្លួនសម្រាប់ហ្គេមខាងមុខ ដោយត្រូវដឹងថា អ្វីខ្លះអាចនឹងកើតឡើង?»៕ AFP/VN