ក្រុង​ឡុងដ៍៖ អ្នក​ចាត់​ការ​ក្រុម​មេឃ​ខៀវ​​ Manchester City លោក​ Pep Guardiola (Pep) បាន​តែងតាំង​លោក​ Juan Manuel Lillo ជា​ជំនួយការ​ថ្មី​របស់​ខ្លួន។ នេះ​បើ​តាម​ក្លិប​នៅ​ក្របខ័ណ្ឌ Premier League បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​។​

លោក Lillo ដែល​បច្ចុប្បន្ន មាន​វ័យ ​៥៤ ​ឆ្នាំ នឹង​មក​ចាប់​ផ្ដើម​ធ្វើ​តួនាទី ដែល​នៅ​ទំនេរ ក្រោយ Mikel Arteta បាន​ចាកចេញ​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្រុម​កាំភ្លើង​ធំ​​​​ Arsenal ហើយ​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​ព្រមព្រៀង​ទទួល​តំណែង​នេះ ដោយ​សុខ​ចិត្ត​ដើរ​ចេញ​ពី​ក្រុម​​ Qingdao Huanghai ដែល​ខ្លួន​ដឹកនាំ​​ឲ្យ​ទទួល​បាន​​ជោគជ័យ​ ដូច​ជា​ជួយ​ក្រុម​ឲ្យ​ឡើង​មក​ក្របខ័ណ្ឌ Chinese League One និង​បន្ទាប់​មក​ឡើង​ទៅ​កាន់​លីក​លំដាប់​ទី ​១ ​របស់​ប្រទេស​ចិន ​ទៀត គឺ​​ Super League​។

លោក Lillo ដែល​ពី​មុន​ធ្លាប់​ដឹកនាំ​ក្រុម​អេស្ប៉ាញ​ទាំង ​២ គឺ​​​ Real Sociedad និង Real Oviedo ព្រមទាំង​ក្រុម​នៅ​ជប៉ុន​ Vissel Kobe ដែរ​នោះ​ បាន​រួម​ការងារ​​ជាមួយ​កីឡាករ​ដែល​មាន​ទេពកោសល្យ​កម្រិត​ពិភព​លោក​ជា​ច្រើន មាន​ដូច​ជា​កីឡាករ​ Andres Iniesta, David Villa និង​ Yaya Toure ជា​ដើម ហើយ​អ្វី​ដែល​សំខាន់​​លោក​ក៏​​ជា​អតីត​គ្រូ​បង្វឹក​​របស់​លោក Pep ដែល​បាន​លេង​បាល់​ទាត់​ក្នុង​នាម​ជា​កីឡាករ​អាជីព​ចុង​ក្រោយ​ ក្នុង​ក្រុម Dorados de Sinaloa នៅ​ម៉ិកស៊ិក​ផង​ដែរ​។​​

ក្រោយ​ទទួល​បាន​ការ​តែងតាំង​នេះ លោក​ Lilo បាន​ប្រាប់​តាមរយៈ​​​វេបសាយ​របស់​ក្លិប​ថា៖ «​ទំនាក់​​​ទំនង​រវាង​ខ្ញុំ​ជាមួយ Pep មាន​ជា​យូរ​ឆ្នាំ​មក​ហើយ ហើយ​ខ្ញុំ​រំភើប​ណាស់​ ដែល​បាន​ចូលរួម​ជាមួយ​គាត់​ម្ដង​ទៀត ជា​ពិសេស​ក្លាយ​ជា​ចំណែក​មួយ​របស់​ក្រុម​ដ៏​​លេច​​ធ្លោ​នេះ​។ ក្លិប​ Manchester City ទទួល​បាន​ជោគជ័យ​យ៉ាង​ច្រើន​ នៅ​រយៈ​ប៉ុន្មាន​រដូវកាល​នេះ ដោយ​​លេង​បាល់​ដ៏​គួរ​ឲ្យ​ជក់​ចិត្ត​។ វា​ជា​រឿង​រីករាយ​ក្នុង​ការ​បាន​ក្លាយ​ជា​ផ្នែក​មួយ​​នៃ​ក្រុម​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​កា្លយ​ជា​​ចំណែក​ដ៏​សំខាន់​​មួយ​ក្នុង​ការ​ជួយ​ឲ្យ​ក្លិប​ជោគជ័យ​កាន់​តែ​ខ្លាំង​ឡើងៗ​»​។

ដោយ​ឡែក​ក្លិប​មួយ​ទៀត​នៅ​ក្របខ័ណ្ឌ Premier League ដែរ គឺ Watford បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នក​ចាំ​ទី Ben Foster ហើយ ក្នុង​ការ​​ពន្យារ​កុងត្រាប​ន្ថែម ២ ​ឆ្នាំ​ទៀត​ ដែល​នេះ​​មាន​ន័យ​ថា អតីត​អ្នក​ឈរ​យាម​បង្គោល​ទី​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ នឹង​មិន​ទាន់​ចាកចេញ​ទៅ​ណា​ឡើយ គិត​តាំង​ពី​បាន​មក​កាន់​​ទឹក​ដី​​ Vicarage Road ក្នុង​ឆ្នាំ ​២០១៨​។

កីឡាករ​វ័យ ៣៧ ​ឆ្នាំ ជិត​នឹង​ក្លាយ​ជា​កីឡាករ​គ្មាន​កិច្ច​សន្យា​ទៅ​ហើយ នៅ​ចុង​ខែ​នេះ តែ​នៅ​ពេល​នេះ រូប​គេ​នឹង​នៅ​តែ​ជាចំណែក​​​​មួយ​ ក្នុង​ការ​ជួយ​​ក្រុម Watford ដើម្បី​តស៊ូ​ឲ្យ​មាន​ជីវិត​រស់រាន​នៅ​ក្របខ័ណ្ឌ​កំពូល​​របស់​អង់គ្លេស​បន្ត​ទៀត​ ពេល​ពួក​គេ​ចាប់​ផ្ដើម​យុទ្ធនាការ​ដំបូង​របស់​ខ្លួន​ឡើង​វិញ ដោយ​ការ​ប្រឈម​ជាមួយ​នឹង​ក្រុម​ Leicester City នា​ថ្ងៃទី​ ២០ ខែ​មិថុនា​ នេះ​៕ AFP/VN