ទីក្រុងប៉ារីសៈ ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏មាន​សក្តានុពល Paul Pogba នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​និយាយ​នៅ​សប្ដាហ៍​នេះ​ថា រូបគេ​​សប្បាយ​ចិត្ត​ដែល​បាន​ស្ថិត​នៅក្នុង Manchester United ប៉ុន្តែ Real Madrid ជា​ក្លិប​ស្ថិត​នៅក្នុង​ក្ដីសុបិន​របស់​​គេ។

កីឡាករ​ខ្សែបម្រើ​រូប​នេះ​បាន​ប្រាប់​សន្និសីទ​​កាសែត​នៅ​មូលដ្ឋាន​ហ្វឹកហាត់​ប្រទេស​បារាំង​ថា ការលេង​ឲ្យ​ក្រុម Real Madrid គឺ «​ជា​ក្ដីសុបិន​មួយ​សម្រាប់​ក្មេងៗ និង​គ្រប់​​កីឡាករ​បាល់ទាត់​ទាំងអស់​»។

កីឡាករ​វ័យ​ ២៦ ​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា៖ «​វា​ជា​ក្លិប​ដ៏ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​ ហើយ​ខ្ញុំ​តែង​និយាយ​ថា​ក្រុម Real Madrid គឺជា​ក្ដីសុបិន​របស់​កីឡាករ​ទាំងអស់​»។

ថ្មីៗ​នេះ​ក្លិប​របស់​ប្រទេស​អេស្ប៉ាញ Real Madrid ​បាន​សម្រេចចិត្ត​ជ្រើស​យក​អតីត​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ដែល​ធ្លាប់​​ឈ្នះ​ព្រឹត្តិការណ៍ World Cup គឺ​លោក Zinedine Zidane ឲ្យ​វិល​ត្រឡប់​មក​ធ្វើ​ជា​គ្រូបង្វឹក​របស់​ខ្លួន​ជា​លើក​ទី​ ២ ​ដើម្បី​ជំនួស​តំណែង​របស់​លោក Santiago Solari។

ជុំវិញ​ការផ្ដាស់ប្ដូរ​គ្រូបង្វឹក​នេះ​ ក្រុម Manchester United របស់ Pogba ក៏​បាន​ផ្លាស់ប្ដូរ​គ្រូបង្វឹក​របស់​ខ្លួន​​នៅ​រដូវកាល​នេះ​ផង​ដែរ​ដោយ​បាន​ដាក់​លោក Ole Gunnar Solskjaer ជំនួស​​ឲ្យ​លោក Jose Mourinho ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​កាលពី​​កន្លង​មក​នេះ​។

ខ្សែបម្រើ​ប្រយុទ្ធ​ដ៏ល្បី​ឈ្មោះ Pogba ​របស់​ក្រុម Man United ​បាន​និយាយ​បន្ថែម​ទៀត​​ថា៖ «នៅពេល​នេះ​ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​​លេង​​ឲ្យ​​ក្រុម​​ Manchester ព្រោះ​ក្រុម​យើង​មាន​គ្រូបង្វឹក​ថ្មី​ហើយ​»។

ជុំវិញ​ការបណ្ដេញ​គ្រូបង្វឹក​របស់​ក្រុម Man United នេះ​ ទូរទស្សន៍​ប្រទេស​អង់គ្លេស​​បាន​សម្ភាស​ Pogba កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​បាន​សួរ​ថា​៖ «​តើ​គ្រូបង្វឹក​រូប​នេះ​មាន​កំហុស​អ្វី​ដែរ​?»។

ជាមួយ​នឹង​សំណួរ​​នេះ Pogba បាន​ឆ្លើយ​ថា៖ «​យើង​អត់​ឈ្នះ​ការប្រកួត​ ដូច្នេះ​ហើយ​បាន​ជា​​យើង​ប្ដូរ​គ្រូបង្វឹក​បែប​នេះ។ យើង​​មិន​ចាំបាច់​និយាយ​ច្រើន​ពេក​​​នោះ​ទេ​គឺថា​ប្រសិន​បើ​លទ្ធផល​ល្អ​ច្រើន​ នោះ​គ្រូ​នឹង​បន្ត​ស្ថិត​នៅ​ជាមួយ​យើង​ជា​បន្ត​​ទៀត​»៕ SN