The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Pogba រីការាយ ពេលជួយឱ្យ Man Utd ឡើង​​ទីកំពូល​ EPL




Pogba រីការាយ ពេលជួយឱ្យ Man Utd ឡើង​​ទីកំពូល​ EPL

Content image - Phnom Penh Post

Pogba រីការាយ ពេលជួយឱ្យ Man Utd ឡើង​​ទីកំពូល​ EPL

ក្រុង​ឡុង​ដ៍​: Paul Pogba បាន​និយាយ​ថា រូប​គេ​រីក​រាយ​ជា​និច្ច ពេលខ្លួន ក្លាយ​ជា​មនុស្ស​ពិសេស ក្រោយ​ស៊ុត​បញ្ចូល​ទី ១ គ្រាប់ ដែល​មិន​ត្រឹម​តែ​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម Manchester United ឈ្នះ​ក្រុម​ម្ចាស់​ Burnley ១-០ ប៉ុណ្ណោះ​ទេ ថែម​ទាំង​រុញ​ក្រុម​របស់​ខ្លួន​ឱ្យ​ឡើង​ទៅ​ទី​កំពូល​នៃ​តារាង​ពិន្ទុក្រប​ខ័ណ្ឌ​​ Premier League អង់​គ្លេស (EPL) ជា​លើក​ដំបូង ក្នុង​រយៈ​ពេល ៣​ ឆ្នាំ ថែម​ទៀត​ផង​។

បើ​ទោះ​ជា​មាន​ពាក្យ​ចចាម​អារ៉ាម​ហូរហែ​ជុំ​វិញ​អនាគត​របស់​គេ​ក៏​ដោយ ក៏​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង Pogba បានធ្វើ​តួនាទី​របស់​ខ្លួន​ឱ្យ​មាន​ភាព​​សំខាន់កាន់​តែ​ប្រសើរ​​ឡើង​ៗ នៅ​ប៉ុន្មាន​សប្ដាហ៍​នេះ ដើម្បី​បន្ថែម​កម្លាំង​ឱ្យ​ក្រុម​ក្លាយ​ជា​គូប្រជែង​ពាន​ដ៏គ្រោះ​ថ្នាក់​ជាលើក​ដំបូង គិត​តាំង​ពីអតីត​អ្នក​ចាត់​ការឆ្នើម លោក​​ Alex Ferguson ចូល​និវត្តន៍ក្នុង​ឆ្នាំ​ ២០១៣​។

ក្រុម​ដែល​ដឹក​នាំ​ដោយ ​លោក​ Ole Gunnar Solskjaer ឥឡូវ​នេះ បាន​នាំ​មុខ​ក្រុម​ជើង​ឯក​ចាស់ Liverpool ៣​ ពិន្ទុ មុននឹង​ការ​ប៉ះ​គ្នា ដើម្បី​ដណ្ដើ​ម​តំណែង​​កំពូល​តារាងកើត​ឡើង នៅទឹក​ដី Anfield នៅ​ថ្ងៃ​អាទិត្យ រវាង​ក្រុម ២ ដែល​ជោគ​ជ័យ​បំផុត​ ក្នុង​ប្រវត្តិ​សាស្ត្រនៃ​វិស័យ​បាល់​ទាត់​អង់គ្លេស​។

«​ខ្ញុំ​តែង​តែ​សប្បាយ​ចិត្ត​ជានិច្ច ពេល​ខ្ញុំ​គឺ​ជា​មនុស្ស​សំខាន់​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Pogba ដែល​មាន​ការ​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា នឹង​ចាក​ចេញ​ពី​ទឹក​ដី Old Trafford នៅ​ដំណាច់​ដំណាក់​កាល​នេះ​។

កីឡាករ​វ័យ ២៧ ​ឆ្នាំ បាន​បន្ត​ថា​៖ «​ខ្ញុំ​រីក​រាយ ដែល​យើង​លេង​បាន​ល្អ ហើយ​រីក​រាយ ដែល​យើង​ឡើង​ទៅ​ទីកំពូល​ តែ​មាន​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មួយ ដែល​យើង​ត្រូវ​បន្តធ្វើ​ដំណើរ ហើយ​យើង​មាន​ការ​ប្រកួត​ដ៏​ធំ​ នៅ​ខាង​មុខ​»​។

ក្រុម Man United ពេល​នេះ ដណ្ដើម​បាន​ដល់​ទៅ ២៩ ពិន្ទុ ពី ៣៣ ពិន្ទុ ដែល​គួរ​តែ​អាច​យក​បាន​ចុង​ក្រោយ​នេះ ដើម្បី​ប៉ះ​ប៉ូវ​ឡើង​វិញពី​ការ​ឈ្នះ​តែ ២ ប្រកួត ក្នុង​ចំណោម ៦ ​ហ្គេម ដំបូង ក្នុង​ប្រកួត​​បើក​ឆាក​រដូវ​កាល​។​

ក្រោយ​ក្រុម Burnley ទៅ​យក​ជ័យ​ជម្នះ ២-០ នៅ​ទឹក​ដី Old Trafford កាល​ពី​ជិត ១​ ឆ្នាំ​កន្លង​ទៅ អំឡុង​ការ​ជួប​គ្នា​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​​ ២ រដូវកាល​មុន ការ​មក​ដល់​ភ្លាម​ៗ​របស់ Bruno Fernandes បាន​ជួយ​កែប្រែ​ជោគ​វាសនា​របស់​ក្រុម​បិសាច​ក្រហម​ទាំង​ស្រុង​។

ហើយ​ប្រសិន​បើ Pogba ទី​បំផុត អាច​បង្កើត​ឱ្យ​មាន​ទម្រង់​ល្អ​ដ៏​នឹង​ន​មួយ ដើម្បី​ឱ្យ​សម​នឹង​តម្លៃ​ជា​កំណត់​ត្រា​ពិភពលោក ដែលក្រុម United បាន​ចំណាយ​សម្រាប់​រូប​គេ ក្នុង​ឆ្នាំ​ ២០១៦ នោះ​ជា​រឿង​សមហេតុផល ដែល​លោក Solskjaer ជឿ​ថា មាន​លទ្ធភាព អាច​បញ្ចប់​ការ​រង់​ចាំ​រយៈ​ពេល ៨ ឆ្នាំ​របស់​ក្លិប ក្នុង​ការ​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​បាន​។

លោក Solskjaer បាន​ប្រាប់​ថា​៖ «​ខ្ញុំ​តែង​តែ​និយាយ​ដដែល​ៗ​ថា Paul (Pogba) គឺ​ជា​កីឡាករ​សំខាន់​ណាស់ សម្រាប់​ពួក​យើង​។ គេ​គឺ​ជា​កីឡាករ ដែល​មាន​ចរិក​ធម្មជាតិ​ល្អ​ម្នាក់ ក្នុង​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់។ គេ​តែង​តែ​ជា​មនុស្ស​ម្នាក់ ដែល​ក្មេង​ៗ​ត្រូវ​ការ ព្រោះ​គេ​គឺ​ជា​កីឡាករ​ជយលាភីជើង​ឯក​ពិ​ភពលោក​ម្នាក់​ដែរ​»​។

គ្រូបង្វឹក​សញ្ជាតិ​ន័រវែស បាន​បន្ថែម​ថា​៖ «​យើង​កំពុង​បាន​ឃើញពី​ទម្រង់​ដ៏​ល្អ​បំផុត​របស់ Pogba នា​ពេល​នេះ។ គេ​កាន់​តែ​ល្អ​ឡើងៗ ពី​ ១ ប្រកួត ទៅ ១ ប្រកួត​»​។

បច្ចេក​ទេសនៃ​ការ​យក​ឈ្នះ​លើក្រុម Burnley ដែល​មិន​ធ្លាប់​ចាញ់​សោះ​នៅ​ផ្ទះ​របស់​ខ្លួន តាំង​តែ​ពី​ខែ​តុលា​មកបាន​បង្ហាញ​ឱ្យ​ឃើញ​ផងដែរ​ថា ក្រុម Man United មាន​សមត្ថភាព​យក​ជ័យ​ជម្នះតាម​វិធីដែល​ពួក​គេ​ចង់​៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍