ក្រុង​ឡុងដ៍​: ការ​ប្រកួត​ប្រជែង​បាល់​ទាត់​ក្រប​ខ័ណ្ឌ Premier League អង់គ្លេសត្រឡប់​មក​វិញ​ហើយ​នៅ​ថ្ងៃ​ពុធ ក្រោយ​ពី​ផ្អាក​សកម្មភាព​របស់​ខ្លួន​ទាំង​បង្ខំរយៈ​ពេល ៣​ ខែ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នូវ​វីរុស​កូរ៉ូណា ខណៈ​ការ​ចាប់​ផ្ដើម​ឡើង​វិញ​នេះ នឹង​រឿង​រ៉ាវ​មួយ​ចំនួនដែល​គួ​រ​ឲ្យ​ចាប់​អារម្មណ៍​។

ដោយ​ជាក់​ស្ដែង​គ្មាន​អ្វី​ នឹង​មក​រារាំង​​ក្រុម​ហង្សក្រហម​ Liverpool មិន​ឲ្យ​ក្លាយ​ជាម្ចាស់​ជើង​ឯក​លីក​កំពូល​នេះ ជាលើក​ដំបូង​របស់​ពួកគេ ក្នុង​រយៈ​ពេល ៣០​ ឆ្នាំ​នោះ​ឡើយ ដូច្នេះបញ្ហា​ក្រុមដែល​នឹង​ក្លាយ​ជា​ម្ចាស់​ពាន មិនជា​ធំ​ដុំ​អ្វី​ទេ តែ​នៅ​មាន​​រឿង​ច្រើន​គគោក​ផ្សេង​ទៀត ដែល​ត្រូវ​ដោះ​ស្រាយរួម​មានការ​ប្រកួត​ប្រជែង​ដើម្បី​គេច​ឲ្យ​ផុត​ពី​តំបន់​ត្រូវកាត់​ចូល និង​ការ​ដណ្ដើម​កៅ​អី​សម្រាប់​តំបន់​អឺរ៉ុប។

បច្ចុប្បន្ន​ ក្រុម Liverpool នាំ​មុខ​ដាច់ ២៥ ​ពិន្ទុ លើ​ក្រុម​លេខ​ ២ Manchester City ខណៈ​ការ​ប្រកួត​នៅសល់​តែ ៩​ លើក​ទៀត​ នឹង​បញ្ចប់​ជាស្ថាពរ​ហើយ។ ដូច្នេះ​បើ​គិត​ពី​គម្លាត​នេះ វា​មិន​ពិបាក​ក្នុង​ការ​និយាយ​ថា ក្រុម​ដែល​ដឹកនាំ​ដោយ​លោក​ Jurgen Klopp គឺ​ជា​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League ​លើក​ដំបូង​ គិត​តាំង​ឆ្នាំ​ ១៩៩០ នោះ​ទេ តែ​គ្រាន់​តែ​ថា​ ដោយសារ​ជំងឺ​កូវីដ​ ១៩ បាន​ពន្យារ​ការ​ធ្វើ​ពិ​ធី​អប​អរ​របស់​ពួកគេ​តែ​ប៉ុណ្ណោះ​ ហើយ​សំខាន់​នោះ គឺ​ប្រសិន​បើ​ប្រារព្ធ​ពិធី​ឈ្នះ​ពាន​រង្វាន់​ អាច​នឹង​គ្មាន​សម្លេង​ទះ​ដៃ​របស់​អ្នក​គាំទ្រក៏ថា​បាន​។

ពាក់​ព័ន្ធ​នឹងរឿង​ពិធីលើក​ពាន​ដោយ​អត់មាន​វត្តមាន​អ្នក​គាំទ្រ ប្រធាន​ក្រុម​ហង្សក្រហម កីឡាករ​ Jordan Henderson ដែល​ធ្លាប់​ស្គាល់​រសជាតិ​កាន់ពានក្រប​ខ័ណ្ឌ Champions League បង្ហាញ​ដល់​អ្នកគាំទ្រ​ដ៏​ណែន​ណាន់​តាន់​តាប់ នាក្រុង​ម៉ាឌ្រីដ កាលពី​ចុង​ខែ​មិថុនា​ ឆ្នាំ​មុន បាន​និយាយ​ប្រាប់​បណ្ដាញ​ព័ត៌មាន​ BBC ថា​៖ «​ប្រាកដ​ណាស់​ វា​នឹង​មាន​អារម្មណ៍​ខុស​ពី​ធម្មតា​ជាក់​ជាមិន​ខាន​ ព្រោះ​ប្រសិន​បើ អ្នក​ពាន​រង្វាន់​អ្វី​ ១ ហើយកាន់​វា​នៅ​ក្នុង​ដៃ ដោយ​អត់មាន​អ្នក​គាំទ្រ​នៅ​ទី​នោះ វា​នឹង​មាន​ភាព​ចម្លែក​បន្តិច​»​។​

ការ​ប្រកួត​ប្រជែង​ដែល​មិន​គួរ​ឲ្យ​ផុត​ពី​ក្រសែ​ភ្នែក គឺ​យុទ្ធនាការ​ដណ្ដើម​តំណែង​ក្រុម​កំពូល​ទាំង​ ៤ (Top4) ​ដែល​អាច​បន្លាយ​រហូត​ដល់​ក្រុម​ឈរ​នៅ​លេខ​ ៥ ផងដែរ។ ក្រុម Liverpool បាន​ធានា​កៅអី​ ១ រួច​ហើយ​សម្រាប់​ក្របខ័ណ្ឌ Champions League ខណៈ ៣ ក្រុមផ្សេង​ទៀត ដែល​កាន់​កាប់​កៅអី​នេះ បណ្ដោះ​អាសន្ន គឺ​​ក្រុម Manchester City, Leicester និង Chelsea​។ ​

តែ​បញ្ហា​ត្រង់​ថា​ ក្រុម​ Man City មិនអាច​ចូល​រួម​ការ​ប្រកួត​ប្រជែង​កម្មវិធី​របស់​អឺរ៉ុប​មួយ​ទេ រយៈ​ពេល ២ ​រដូវ​កាល ក្រោយ​ត្រូវបាន​ពិន័យ​ពី​បទ​រំលោភ​ច្បាប់​ចំណូល​ចំណាយ ហើយ​បើ​ទោះ​ជា​ក្រុម​របស់លោក Pep Guardiola បាន​ប្ដឹង​ឧទ្ធរណ៍​ក៏ដោយ ក៏​រដូវកាល​ក្រោយ នៅ​តែ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូល​រួម​ដែរ ខណៈ​ការ​ពិន័យ​នោះត្រូវបាន​កែ​ប្រែ​។

ប្រសិន​បើ​ដូចការ​អះអាង​ខាងលើ នោះ​មាន​ន័យ​ថា ក្រុម​ណា​ដែល​បញ្ចប់​នៅ​ចំណាត់​ទី​ ៥ នឹង​ទទួលបាន​សិទ្ធិ​ទៅ​លេង​វគ្គ​ជម្រុះ Champions League រដូវកាល​ក្រោយ ខណៈ​បច្ចុប្បន្ន ក្រុម​បិសាច​ក្រហម Manchester United កំពុង​កាន់​កាប់​ទី​តាំងនេះ តែ​ក្រុម Wolverhampton និង Sheffield United តាម​ពី​ក្រោយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​ Ole Gunnar Solskjaer តែ​ ២​ពិន្ទុ​ប៉ុណ្ណោះ​ ហើយ​សូម្បីក្រុម​នៅ​ចំណាត់​ទី​ ៨ និង​ទី​ ៩ Tottenham និង Arsenal ក៏​សង្ឃឹម​ថា​ នឹង​មាន​ឱកាស​បញ្ចប់​នៅចំណាត់​ថ្នាក់​នេះ​ដែរ បើ​ទោះ​មាន​តិច​តួច​ក្ដី​។

ងាក​មក​សង្គ្រាម​លើ​ទីលាន​វាល​ស្មៅដែល​មិនគួរ​មើល​រំលង​មួយ​ទៀត គឺ​ការ​ប្រជែង​ឲ្យ​រួចផុត​ពី​តំបន់​គ្រោះ​ថ្នាក់ ដោយ​ពេល​នេះ ក្រុម​ Norwich, Aston Villa និង Bournemouth កំពុង​ឈរ​នៅ​បាត​តារាងតាម​លំដាប់​លំដោយ តែ​ទាំង ៣ ​ក្រុម នៅ​មាន​សង្ឃឹម​ថា អាច​​គេច​ផុត​ពី​ការ​ធ្លាក់​ទៅ​លីក​លំដាប់​ក្រោម ព្រោះ​មាន​គម្លាតតែ ៦​ ពិន្ទុ ពីក្រុម​ដែល​ស្ថិត​នៅ​ទី​សុវត្ថិភាព​៕ AFP/VN