លីសបោន៖ ក្រោយ​បរាជ័យ​​ជា​ច្រើន​ឆ្នាំ ក្នុង​ការ​បង្ហាញ​មុខ​មាត់​របស់​ខ្លួន​នៅ​អឺរ៉ុប ក្រុម​ Paris Saint-Germain (PSG) កំពុង​ស្ថិត​ក្នុង​រង្វង់ ៩០ នាទី ក្នុង​ការ​មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ដោយសារ​​ដណ្ដើម​បាន​ជ័យជម្នះ​ដ៏​មិន​គួរ​ឲ្យ​ជឿ​ពី​ក្រុម​​ Atalanta កាល​ពី​ថ្ងៃ​ពុធ ខណៈ​លទ្ធផល​នេះ ​បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​លោក Thomas Tuchel ឥឡូវ​ដឹង​ហើយ​ថា គ្រប់​យ៉ាង​នឹង​អាច​កើត​មាន​ចំពោះ​ក្រុម​របស់​លោក​។

ក្រុម​ PSG កំពុង​ស្ថិត​នៅ​លើ​មាត់​ជ្រោះ​នៃ​ការ​ខក​ចិត្ត​ជា​ថ្មី​ម្ដង​ទៀត ក្នុង​​ការ​ខ្ទាត​ចេញ​ពី​ Champions League នេះ​ដោយសារ​ក្រុម​អ្នក​មាន​ទៅ​ពី​បារាំង​ ត្រូវ​បាន​ក្រុម Atalanta នាំ​មុខ ១-​០ រហូត​ដល់​នាទីទី ​៨៩-៩០ ក្នុង​ការ​ប្រកួត​នៅ​ក្រុង​លីស​បោន ​ប្រទេស​ព័រទុយហ្គាល់​ ជា​កន្លែង​សម្រាប់​រៀបចំ​​ការ​ប្រកួត​ដំណាក់​​កាល​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប​ឡើង​​វិញ ក្រោយ​ផ្អាក​យ៉ាង​យូរ ដោយសារ​ការ​រីករាល​ដាល​នៃ​វីរុស​កូរ៉ូណា​។

តែ​គួរ​​ឲ្យ​ស្ដាយ​គ្រាប់​បាល់​របស់​កីឡាករ Mario Pasalic នៅ​នាទីទី​២៧ ដែល​ជួយ​ឲ្យ​ក្រុម​ទៅ​ពី​អ៊ីតាលី​នាំ​មុខ​នោះ ត្រូវ​​លុប​ចោល​ដោយ​កីឡាករ​​ Marquinhos ដែល​ជួយ​ឲ្យ​ក្រុម PSG ​តាម​ស្មើ​នៅ​ដង្ហើម​ចុង​ក្រោយ ហើយ​បន្ទាប់​មក​នាទីទី ​៣ នៅ​ក្នុង​ម៉ោង​បន្ថែម​បង្គ្រប់​ ខ្សែ​ប្រយុទ្ធ​ឆ្នើម Kylian Mbappe ​មាន​ឱកាស​បញ្ជូន​បាល់​ទៅ​កីឡាករ​បម្រុង Eric Choupo-Moting ស៊ុត​ទម្លុះ​សំណាញ់​ទី​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ទាំង​មិន​គួរ​ឲ្យ​ជឿ​។

ក្រោយ​ពី​ដឹក​នាំ​ក្រុម​ឡើង​ទៅ​វគ្គ ១/២ ជា​លើក​ដំបូង​​តាំង​ពី​ឆ្នាំ ​១៩៩៥ គ្រូ​បង្វឹក លោក​ Tuchel ​បាន​និយាយ​ថា​៖ «​គ្រាប់​បាល់​កើត​ឡើង​យឺត​ណាស់ តែ​យើង​ស័ក្ដិសម​បាន​ជ័យជម្នះ​។ យើង​មិន​បោះបង់​ជំនឿ​ចិត្ត ឬ​​ការ​វាយ​សម្រុក​ឡើយ។ កីឡាករ​ដែល​ប្ដូរ​ចូល​មាន​ឥទ្ធិពល​ធំធេង​ណាស់។ យើង​​សម​ទទួល​បាន​លទ្ធផល​នេះ​។ យើង​បាន​លេង ដោយ​សមត្ថភាព​​របស់​ក្រុម​ពិត​ៗ មិន​​ពឹង​សំណាង​តែ​ម្យ៉ាង​ទេ​»​។​​​

ទំហំ​ទឹក​ប្រាក់​ ដែល​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ជើងឯក​លីក​កំពូល​របស់​បារាំង ដោយ​ម្ចាស់​ក្លិប​បាន​បង្កើន​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​ក្រុម PSG ក្នុង​ការ​ផ្ដល់​ផល​តប​មក​វិញ ហើយ​បើ​ចាញ់​ក្រុម Atalanta នឹង​នាំ​ឲ្យ​មាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ចំពោះ​ក្លិប ដែល​មាន​​កំណត់ត្រា ក្នុង​ប្រកួត​បែប​នេះ​ មិន​ល្អ​ទាល់​តែ​សោះ​។

អ្វី​ដែល​សំខាន់​នោះ គឺ​បើ​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​មួយ​ដែល​ការ​ចំណាយ​​សម្រាប់​​កីឡាករ​ក្នុង​ក្រុម​ទាំង​មូល ត្រូវ​បាន​គេ​ជឿ​ថា ស្មើ​នឹង​ប្រាក់​ខែ​របស់​កីឡាករ​​ Neymar ១ ​ឆ្នាំ ($​៤២,៥ លាន) នោះ ជា​រឿង​អាម៉ាស់​ខ្លាំង​ណាស់​។

ដោយសារ​អវត្តមាន​ក្នុង​ការ​ប្រកួត​​នៅ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ដ៏​សំខាន់​នេះ នៅ ២ ​រដូវកាល​ចុង​ក្រោយ ព្រោះ​មាន​របួស​នៅ​ក្រុង​លីសបោន​ នា​ពេល​នេះ កីឡាករ​ Neymar ពិត​ជា​អស្ចារ្យ​ណាស់ ដោយសារ​គេ​ គឺ​ជា​អ្នក​បង្កើត​ឱកាស​ឲ្យ​មាន​គ្រាប់​ស្មើ និង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ជ័យជម្នះ​នេះ។​

យ៉ាង​ណា​ ក្រុម PSG បាន​ធ្វើ​ដំណើរ​ទៅ​មុខ ​១ ​ជំហាន​ធំ​ហើយ សម្រាប់​ការ​ប៉ុនប៉ង​ឈ្នះ​ពាន​កំពូល​របស់​អឺរ៉ុប​នេះ ក៏​ដូច​ជា​សម្រាល​ការ​រិះគន់​បាន​ខ្លះ តែ​មិន​មែន​មាន​ន័យ​ថា ពួក​គេ​នឹង​សម្រាក​បាន​ស្រួល ក្រោយ​ឆ្លង​ផុត​វគ្គ​នេះ​ឡើយ ព្រោះ​នៅ​វគ្គ ១/២ ដែល​ត្រូវ​ទៅ​ចាំ​ជួប​គូ​រវាង​ក្រុម Atletico Madrid (អេស្ប៉ាញ) និង RB Leipzig (អាល្លឺម៉ង់) នោះ ពិត​ជា​មិន​​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ជាពិសេស ប្រសិន​បើ​​ប៉ះ​ក្រុម​ Atletico នោះ​រឹត​តែ​លំបាក​ខ្លាំង​ទ្វេ​ដង ដោយសារ​​សូម្បី​តែ​ក្រុម​ជើងឯក​ចាស់ Liverpool ក៏​ធ្លាក់​ដោយសារ​ក្រុម​នេះ​ហើយ​ដែរ​​៕ AFP/VN