ក្រុងសូហ្វ៊ីយ៉ា៖ អ្នក​ប្រដាល់​សញ្ជាតិ​ប៊ុលហ្គារី Kubrat Pulev បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ ​ថា ខ្លួន​នឹង​ប្រឈម​ជាមួយ​ម្ចាស់​ជើងឯក​ទម្ងន់​ធ្ងន់​ពិភព​លោក Anthony Joshua ដើម្បី​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស នា​ថ្ងៃ​ទី ១២ ខែ​ធ្នូ​។

ដំបូង​ឡើយ​កីឡាករ Joshua របស់​ចក្រភព​អង់គ្លេស​គ្រោង​នឹង​ឡើង​សង្វៀន​ប្រកួត​ទល់​នឹង Pulev នៅ​ថ្ងៃទី ​២០ ខែ​មិថុនា ជាមួយ​នឹង​កាល​បរិច្ឆេទ​ត្រៀម​បន្ទាប់ នៅ​ខែ​កក្កដា ចំ​ពេល​មាន​ការ​រាត​ត្បាត​នៃ​វីរុស​កូរ៉ូណា​។

«ផ្លូវ​ការ​ហើយ​! ការ​ប្រកួត​រវាង Pulev និង Joshua គឺ​​ថ្ងៃទី ​១២ ខែ​ធ្នូ ​ខាង​មុខ​​នេះ​»​។ នេះ​ជា​សារ ដែល Pulev ​សរសេរ​​ផូស្ត​នៅ​លើ​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន ដោយ​មាន​បន្ថែម​ទាំង​កាល​បរិច្ឆេទ និង​ទី​កន្លែង​ចុង​ក្រោយ ព្រម​ទាំង​ការ​ចុះ​ហត្ថលេខា​ក្នុង​​កិច្ច​សន្យា​ដែរ​។​

បន្ទាប់​មក​កីឡាករ​វ័យ ៣៩ ​ឆ្នាំ បាន​ផូស្ត​តាម​បណ្ដាញ​សង្គម Facebook ថែម​ទៀត​ថា​៖ «​គ្មាន​ផ្លូវ​ត្រឡប់​ក្រោយ គ្មាន​ការ​ពន្យារ​ពេល និង​គ្មាន​ការ​កែ​ប្រែ​កាល​បរិច្ឆេទ​ទៀត​ទេ។ ទុក​ឱ្យ​អ្នក​ខ្លាំង​ជា​អ្នក​ឈ្នះ​»​។

តែ​យ៉ាង​ណា រូប​គេ​មិន​បាន​អះអាង​ថា តើ​ការ​ប្រកួត​ហ្នឹង​នឹង​រៀបចំ​ឡើង​ដោយ​គ្មាន​អ្នក​ចូលរួម​ ​ដោយសារ​ការ​រឹត​បន្តឹង​ទប់ស្កាត់​ជំងឺ​កូវីដ ១៩ ដូច​​ដើម​ឬ​អត់ រហូត​ធ្វើ​ឱ្យ​អ្នក​ផ្គូផ្គង​របស់ ​Joshua លោក Eddie Hearn ចង់​យក​ការ​ប្រកួត​នេះ​ទៅ​ធ្វើ​នៅ​មជ្ឈិមបូព៌ា​វិញ ​បើ​ទស្សនិកជន ត្រូវ​បាន​អនុញ្ញាត​នៅ​ទីនោះ​។

Joshua វ័យ ៣០ ​ឆ្នាំ បាន​ផ្ដួល​កីឡាករ​អាមេរិក Andy Ruiz ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់ ៤ ស្ថាប័ន គឺ WBA, IBF, WBO និង IBO អំឡុង​ការ​ប្រកួត​នៅ​អារ៉ាប៊ី ​សាអ៊ូឌីត កាល​ពី​ខែ​ធ្នូ ឆ្នាំ​ទៅ​។ ​

សម្រាប់ Pulev ​បាន​រង់ចាំ​ឱកាស​ជួប Joshua ជិត ៣ ​ឆ្នាំ​ហើយ ក្រោយ​មាន​​របួស​ស្មា ដែល​​បង្ខំ​ឱ្យ​រូប​គេ​ផ្អាក​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក ក្នុង​ខែ ​តុលា ឆ្នាំ ​២០១៧​។

ការ​ប្រកួត​នេះ អាច​ជា​ការ​ឡើង​សង្វៀន​ចុង​ក្រោយ​របស់ Joshua មុន​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែ​ក្រវាត់ WBC គឺ Tyson Fury សម្រាប់​​ការ​ប្រកួត​របស់​​​អ្នក​ប្រដាល់​ឈាម​ជ័រ​អង់គ្លេស​តែ​មួយ នៅ​ឆ្នាំ​ខាង​មុខ​។​

Fury ត្រៀម​ឡើង​​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​មុន​ថ្ងៃ​បុណ្យ​ណូអែល មុន​អ្វី​ដែល​បណ្ដាញ​​សារព័ត៌មាន​នៅ​ចក្រភព​អង់គ្លេស​រាយការណ៍​ថា នឹង​មាន​ការ​ប្រកួត​​មួយ​នៅ​ឯ​កីឡដ្ឋាន​ជាតិ Wembley របស់​អង់គ្លេស​ ដែល​​ជឿ​​ថា ការ​រឹត​បន្តឹង​ចំនួន​មនុស្ស​ទប់​ស្កាត់​ជំងឺ​ឆ្លង​នឹង​ត្រូវ​លុប​ចោល​នាពេល​នោះ​។

កាសែត Daily Mail បាន​​រាយការណ៍​ថា ការ​ប្រកួត​ឡើង​វិញ​រវាង​ Fury ជាមួយ​ Deontay Wilder ត្រូវ​​លុប​ចោល ដោយសារ​ការ​ជិត​ផុត​​កំណត់​នៃ​​សិទ្ធិ​ចុះ​កិច្ច​សន្យា​របស់​អ្នក​ប្រដាល់​អាមេរិក ​ចំពោះ​ប្រកួត​ទី ៣ រវាង​អត្តពលិក​ទាំង ២ ទើប​​បើក​​ផ្លូវ​ឱ្យ​មាន​​កម្មវិធី​ប្រកួត​សម្រាប់​អ្នក​ប្រដាល់​ ​រហស្ស​នាម​ថា «Gypsy King» ជាមួយ Joshua​ តែ​ម្ដង៕ AFP/VN