The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Quartararo ឈ្នះ​កម្មវិធី Doha MotoGP ខណៈ​អ្នក​លេខ ១ និង​លេខ ២ សុទ្ធតែ​បារាំង




Quartararo ឈ្នះ​កម្មវិធី Doha MotoGP ខណៈ​អ្នក​លេខ ១ និង​លេខ ២ សុទ្ធតែ​បារាំង

Content image - Phnom Penh Post
Quartararo (ស្ដាំ) របស់ក្រុម Monster Energy Yamaha បើកបរពីមុខគូប្រជែង ក្នុងកម្មវិធីប្រណាំង Doha MotoGP។ AFP

Quartararo ឈ្នះ​កម្មវិធី Doha MotoGP ខណៈ​អ្នក​លេខ ១ និង​លេខ ២ សុទ្ធតែ​បារាំង

ក្រុង​ដូហា៖ Fabio Quartararo របស់​ក្រុម Monster Energy Yamaha កាល​ពី​ថ្ងៃ​អាទិត្យ បាន​ឈ្នះ​ការ​ប្រណាំង​ពី​កម្មវិធី Doha MotoGP នៅ​ប្រទេស​កាតា ដែល​ជា​ដំណាក់កាល​ទី២ នៃ​ការ​ប្រណាំង​ម៉ូតូ​អាជីព​ប្រចាំ​ឆ្នាំ ២០២១ ហើយ​មិត្ត​រួម​ជាតិ​បារាំង Johann Zarco ដែល​ជា​សមាជិក​របស់​ក្រុម Ducati-Pramac បញ្ចប់ នៅ​ចំណាត់​ថ្នាក់​លេខ ២។

ចំណែក​ឯ​អ្នក​ប្រណាំង​ថ្មីថ្មោង Jorge Martin ដែល​ជា​មិត្ត​រួម​ក្រុម​របស់ Zarco មក​ដល់​ទី​ព្រ័ត្រ​លំដាប់​ទី៣ ខណៈ​ពេល​ចាប់​ផ្ដើម​ចេញ​ដំណើរ អត្តពលិក​សញ្ជាតិ​អេស្ប៉ាញ​មាន​ទីតាំង​នៅ​មុខ​គេ។

នេះ​ជា​លើក​ទី១ ដែល​អ្នក​កាច់​ចង្កូត​ម៉ូតូ​ប្រណាំង​ជនជាតិ​បារាំង ២ រូប បាន​ឡើង​ទៅ​ឈរ​លើ​វេទិកា​ជយលាភី​ជាមួយ​គ្នា​ក្នុង​លំដាប់​អ្នក​នាំមុខ​គេ​របស់​កីឡា​នេះ គិត​តាំង​ពី​ឆ្នាំ ១៩៥៤ ដោយ​ពេល​នោះ​អតីត​អ្នក​ប្រណាំង Pierre Monneret លេខ ១ ហើយ Jacques Collot លេខ ៣ អំឡុង​ការ​ប្រណាំង​នៅ​ប្រទេស​កំណើត​ខ្លួន​ឯង​នា​ក្រុង Reims។

ក្រោយ​ដណ្ដើម​បាន​ជ័យជម្នះ​នេះ Quartararo វ័យ ២១ ឆ្នាំ​បាន​និយាយ​បែប​កំប្លែង​លេង​យ៉ាង​សុភាព​រាបសា​ថា រូប​គេ​នឹង​មាន​ក្ដី​សុខ​ជាមួយ​រាត្រី​ដ៏​សែន​រីករាយ​នៅ​ហាង McDonald។

«វា​ជា​រឿង​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ថា ខ្ញុំ​មិន​បាន​ឈ្នះ​ការ​ប្រណាំង​ច្រើន​មក​ហើយ តែ​ឥឡូវ​នេះ វ៉ាវ! (អស្ចារ្យ​ណាស់)។ នេះ​ជា​ការ​និយាយ​បន្ត​របស់​កីឡាករ Quartararo ដែល​ការ​ប្រណាំង​បើក​ឆាក​រដូវកាល​នៅ​ប្រទេស​កាតា ​ដដែល​នេះ ក្នុង​កម្មវិធី Qatar MotoGP បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ ៥។

កីឡាករ Quartararo បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ចាប់​ផ្ដើម​ពី​លំដាប់​លេខ ៨ ដែល​ល្បឿន និង​ផ្លូវ គឺ​ខុសគ្នា​ដាច់​ស្រឡះ​ពី​ការ​ប្រណាំង​សាកល្បង​លើក​ទី៤។ ខ្ញុំ​តែង​ស្រមៃ​ចង់​ឈ្នះ​នៅ​ប្រទេស​កាតា តែ​គួរ​ឱ្យ​សោកស្ដាយ​ដែល​ខ្ញុំ​មិនមែន​ជា​អ្នក​លេខ ១ (រដូវកាល​នេះ)»។

ជាមួយ​នឹង​ការ​ប្រណាំង​ដែល​មាន​ទាំង​អស់ ២២ ជុំ កង់​ម៉ូតូ​របស់ Quartararo វិល​មក​ជាន់​ខ្សែ​បន្ទាត់​ជ័យជម្នះ​ក្នុង​ថិរវេលា ៤២:២៣,៩៩៧ នាទី ពោល​គឺ​មុន​អ្នក​ទី២ Zarco ១,៤៥៧ វិនាទី និង​មុន​អ្នក​មក​ដល់​ទី៣ Martin ១,៥០០០ វិនាទី។

ការ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​ទី ២ របស់​កីឡាករ Zarco គ្រប់គ្រាន់​ឱ្យ​អ្នក​ប្រណាំង​វ័យ ៣០ ឆ្នាំ ឈរ​នៅ​លេខ ១ ក្នុង​តារាង​ពិន្ទុ​សរុប​ដោយ​មាន ៤០ ពិន្ទុ ក្រោយ​បញ្ចប់​បាន ២ ដំណាក់កាល​នេះ ខណៈ Quartararo តាម​​ពី​ក្រោយ ៤ ពិន្ទុ នៅ​លំដាប់​លេខ ២។

រីឯ​អ្នក​ប្រណាំង​ចាស់​វស្សា Valentino Rossi ដែល​ជា​ម្ចាស់​ជើងឯក​ពិភព​លោក MotoGP ៧ សម័យកាល មក​ដល់​ទីព្រ័ត្រ​ជាមួយ​នឹង​ម៉ូតូ​នៃ​ក្រុម Petronas Yamaha SRT របស់​ខ្លួន​ក្នុង​ចំណាត់​ថ្នាក់​ទី១៦ ខណៈ​ទីតាំង​ចេញ​ដំណើរ​របស់​គេ ស្ថិត​ក្នុង​លេខ​រៀង​ទី២១ ដែល​វា​ជា​ការ​ដណ្ដើម​បាន​សិទ្ធិ​យក​ទីតាំង​ចេញ​ដំណើរ​អាក្រក់​បំផុត​របស់​អ្នក​បើកបរ​សញ្ជាតិ​អ៊ីតាលី​វ័យ ៤២ ឆ្នាំ៕ AFP/VN

អត្ថបទគួរចាប់អារម្មណ៍