ក្រុង​បាសែល៖ ប្រធាន​ក្រុម​ Sergio Ramos ស៊ុត​បាល់​ពិន័យ ១១ ​ម៉ែត្រ អត់​ចូល​ ២ ​លើក ខណៈ​ក្រុម​​អេស្ប៉ាញ​ត្រូវ​ពឹង​លើ​គ្រាប់​បាល់​ចុង​ម៉ោង​របស់​កីឡាករ Gerard Moreno ទើប​អាច​ស្មើ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ស្វ៊ីស​ អំឡុង​ការ​ប្រកួត​នៃ​កម្មវិធី Nations League កាល​ពី​ថ្ងៃ​សៅរ៍​។​

Ramos បាន​ធ្វើ​ការ​បង្ហាញ​វត្តមាន​ជា​លើក​ទី១៧៧ ឱ្យ​អេស្ប៉ាញ ដែល​ចំនួន​នេះ ​នាំ​ឱ្យ​ខ្សែ​ការពារ​ចាស់​វស្សា​រូប​នេះ ក្លាយ​ជា​កីឡាករ​នៅ​អឺរ៉ុប លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ពោល​គឺ​លើស​កំណត់ត្រា​របស់​អ្នក​ចាំទី​អ៊ីតាលី​ Gianluigi Buffon​ ចំនួន ១ លើក។

តែ​ជំនួស​ឱ្យ​ការ​អបអរ​ចំពោះ​កំណត់ត្រា​ នៅ​ក្រុង​បាសែល​នេះ វា​បែរ​ជា​បាន​ក្លាយ​ទៅ​ជា​យប់​ ដែល​មិន​អាច​បំភ្លេច​បាន​សម្រាប់​កីឡាករ​វ័យ ៣៤ ​ឆ្នាំ​ ទៅ​វិញ​នោះ ​គឺ​ការ​​ស៊ុត​បាល់​ប៉េណាល់​ទី​អត់​ផុត​ដៃ​អ្នក​ចាំទី​ Yann Sommer ២​ដង​។​

យ៉ាង​ណា​ក្ដី លោក Luis Enrique គ្រូបង្វឹក​អេស្ប៉ាញ​នៅ​តែ​និយាយ​ការពារ​ Ramos ថា​៖ «​តួលេខ​ប៉េណាល់​ទី​របស់​ Ramos គឺ​ហួស​កម្រិត​ពិភព​លោក​ហើយ​។ ​បើ​មាន​ការ​ទាត់​លើក​ទី៣ គេ​នឹង​នៅ​តែ​ទទួល​បន្ទុក​ហ្នឹង​ដដែល​»​។

Ramos ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ ២៥ គ្រាប់ បន្ត​បន្ទាប់​គ្នា​សម្រាប់​ការ​ទាត់ ១ ទល់​នឹង ​១ ជាមួយ​អ្នក​ចាំទី ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ តែ​ការ​ភ្លាត់​លើក​នេះ នឹង​ធ្វើ​ក្រុម​អេស្ប៉ាញ ដាច់​ខាត​ត្រូវ​ឈ្នះ​អាល្លឺម៉ង់ នៅ​ប្រកួត​ចុង​ក្រោយ​នា​ក្រុង Sevilla នៅ​ថ្ងៃ​អង្គារ ទើប​អាច​ឡើង​​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​។

កីឡាករ​ Moreno ដែល​ស៊ុត​ឱ្យ​អេស្ប៉ាញ​តាម​ស្មើ​និយាយ​ថា​៖ «​យើង​ចង់​បាន​ជ័យ​ជម្នះ ហើយ​ក្រុម​ព្យាយាម​រហូត​ដល់​ទី​បញ្ចប់​។ វា​មិន​សម​តាម​បំណង​យើង​ តែ​យើង​នៅ​មាន​ឱកាស​ឆ្លង​ទៅ​វគ្គ​បន្ត បើ​ទោះ​ជា​យើង​ត្រូវ​ប្រឈម​ជាមួយ​ការ​ប្រកួត​ដ៏​លំបាក​ក៏​ដោយ​»​។

ក្រុម​របស់​លោក Enrique រក​បាន​តែ ៣ គ្រាប់​ប៉ុណ្ណោះ ក្នុង​ចំណោម​ការ​ប្រកួត ៥ លើក​ចុង​ក្រោយ​ ហើយ​ជា​ថ្មី​ម្ដង​ទៀត បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​បំបែក​កំពែង​របស់​ក្រុម​ស្វ៊ីស ដែល​មាន​ការ​រៀបចំ​យ៉ាង​ល្អ ជាមួយ​នឹង​ឱកាស​នាំ​មុខ​មុន​នៅ​នាទីទី២៦ ដោយ​កីឡាករ​ Remo Freuler។

ក្រោយ​ត្រូវ​ម្ចាស់​ផ្ទះ​បំប៉ោង​សំណាញ់​ទី​ខ្លួន​ ​ក្រុម​អេស្ប៉ាញ​បាន​ព្យាយាម​រក​ចន្លោះ​ស៊ុត​បញ្ចូល​ទី​វិញ ហើយ​ក៏​មាន​ឱកាស​ស៊ុត​បាល់​ពិន័យ ១១ ​ម៉ែត្រ ២​លើក នៅ​នាទីទី​៥៧ និង​៨០ តែ​គួរ​ឱ្យ​ស្ដាយ​កីឡាករ​ Ramos ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​បាន​ត្រឹម​ខក​ចិត្ត​​ប៉ុណ្ណោះ​។

ការ​ពិន័យ​ផ្ដល់​បាល់ ១១ ម៉ែត្រ​លើក​ទី២ ឱ្យ​អេស្ប៉ាញ​នោះ ក្រុម​ស្វ៊ីស​ក៏​ត្រូវ​បាត់បង់​សមាជិក​ម្នាក់​ដែរ​ ក្រោយ​ខ្សែ​ការពារ Nico Elvedi ​បាន​កាត​លឿង​លើក​ទី ២ ដែល​ស្មើ​កាត​ក្រហម ដោយសារ​បាន​ផ្ដួល​ខ្លួន​ស្កាត់​ខ្សែ​ប្រយុទ្ធ​​ Alvaro Morata​។

១០ ​នាទី​ចុង​ក្រោយ ក្រោយ​មាន​ចំនួន​កីឡាករ​ច្រើន​ជាង​អេស្ប៉ាញ​ក៏​ធ្វើ​ការ​វាយ​សម្រុក​ម្ដង​ហើយ​ម្ដង​ទៀត រហូត​ចុង​ក្រោយ​ក៏​មាន​គ្រាប់​បាល់​តាម​ស្មើ​បាន​វិញ ដោយ​ Moreno នាទីទី​៨៩។

ក្រុម​អេស្ប៉ាញ​​ពេល​នេះ​កំពុង​ឈរ​នៅ​លេខ ២ ក្នុង​គ្រុប​ទី​៤ លីគ A ជាមួយ​នឹង ៨ ពិន្ទុ ដោយ​តាម​ពី​ក្រោយ​ក្រុម​លេខ ១ អាល្លឺម៉ង់ ១ ពិន្ទុ ខណៈ​អ៊ុយក្រែន មាន ៦ ​ពិន្ទុ នៅ​លេខ ៣ ហើយ​ស្វ៊ីស​បាត​តារាង មាន ៣ ពិន្ទុ​៕ AFP/VN