ក្រុង​ម៉ា្រឌីដ៖ ក្រុម​អធិរាជ​ស Real Madrid ​ទម្លាក់​​គូ​ប្រជែង​ស្លាប់​រស់​ គឺ​ក្រុម​អ្នក​មាន​បុណ្យ Barcelona មក​លេខ ២ ក្នុង​តារាង​ពិន្ទុ​ក្របខ័ណ្ឌ La Liga ក្រោយ​​ប្រកួត​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ Real Sociedad ២-១ កាល​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ខ្សែ​ការពារ​ Sergio Ramos ត្រូវ​ដូរ​ចេញ​ ក្រោយ​ស៊ុត​បាល់​គ្រាប់​​ដំបូង​ឲ្យ​ក្រុម​នាំ​មុខ​។

ការ​ប្រកួត​នេះ ​វគ្គ​ទី​១ ក្រុម​​​ទាំង ​២ មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​​ទេ លុះ​​ដល់​តង់​ទី២​ នាទីទី ៥០ ទើប​កីឡាករ Ramos មាន​ឱកាស​ស៊ុត​បាល់​ប៉េណាល់​ទី​សម្រេច​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ ១-០ មុន​នឹង​ខ្លួន​ឯង​ត្រូវ​ប្ដូរ​ចេញ​ដោយសារ​មាន​របួស តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ថា នេះ​ជា​ស៊ុត​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​មិន​ភ្លាត់ ២០ ​គ្រាប់​ជាប់ៗ​គ្នា​របស់​​កីឡាក​អេស្ប៉ាញ​​វ័យ ​៣៤ ​ឆ្នាំ​រូប​នេះ​។

ក្រោយ​មក​នាទី​ទី ​៧០ ខ្សែ​ប្រយុទ្ធ​​​​ Karim Benzema បាន​បន្ថែម​គម្លាត​នាំ​មុខ​ឲ្យ​ក្រុម​អធិរាជស ១ គ្រាប់​ទៀត ដោយ​ការ​ស៊ុត​បាល់​ក្នុង​តំបន់​គ្រោះ​ថ្នាក់​បាន​យ៉ាង​ល្អ តែ​ខ្វះ ៧ ​នាទី​ចប់​ការ​ប្រកួត ក្រុម Real Sociedad ដែល​កំពុង​ប្រជែង​យក​តំណែង​ក្រុម​នៅ​ទី​កំពូល​ទាំង​៤ (Top 4) ចាប់​ផ្ដើម​មាន​សង្ឃឹម​​វិញ​ខ្លះៗ​ ក្រោយ​ខ្សែ​បម្រើ Mikel Merino ​ស៊ុត​​​បំប៉ោង​សំណាញ់​ទី​បន្ថយ​ការ​នាំ​មុខ​មក​ត្រឹម ១ ​គ្រាប់​។​ លទ្ធផល ២-១ បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​។

គ្រូ​បង្វឹក​លោក Zinedine Zidane ​ពោល​សរសើរ​កីឡាករ Ramos ដែល​បាន​ក្លាយ​ជា​ខ្សែ​ការពារ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​រហូត​ដល់ ៦៨ គ្រាប់ ក្នុង​ក្របខ័ណ្ឌ La Liga ពោល​គឺ​បាន​​បំបែក​កំណត់ត្រា​របស់​លោក Ronald Koeman ដោយ​​​ថ្លែង​ថា​៖ «គេ​គឺ​ជា​ខ្សែ​ការពារ​ល្អ​បំផុត​ក្នុង​លោក​។ អ្វី​ដែល​គេ​ធ្វើ និង​សម្រេច​បាន ជា​ច្រើន​ឆ្នាំ​មក​នេះ គឺ​អស្ចារ្យ​មែន​ទែន​។ ពេល​នេះ យើង​បារម្ភ​ពី​របួស​របស់​គេ តែ​សង្ឃឹម​ថា នឹង​មិន​ធ្ងន់ធ្ងរ​ទៅ​ចុះ»។

ក្រោយ​ដណ្ដើម​បាន​ ៣ ​ពិន្ទុ​នេះ ក្រុម​ Real មាន​ ៦៥ ​​ពិន្ទុ​ ស្មើ​គ្នា​ជាមួយ​ក្រុម Barca ដែល​លេង​ស្មើ​ក្រុម​ Sevilla 0-0 តែ​ដោយសារ​ La Liga របស់​អេស្ប៉ាញ​ប្រើ​រូបមន្ត​នៃ​ប្រវត្តិ​ជួប​គ្នា (Head-to-Head) មិន​មែន​​គ្រាប់​សល់​ពី​ការ​ស៊ុត​បញ្ចូល​​ទី ដូច្នេះ Real ឈរ​លេខ​ ១ ត្រឹម​សប្ដាហ៍​ទី​ ៣០​៕ AFP/VN