ក្រុង​ក្លាសស្គូ: ក្រុម Rangers បាន​ឈាន​ដល់​កិច្ចសន្យាយក​កីឡាករ​ Ianis Hagi ជាផ្លូវការ​ហើយ ក្រោយ​មាន​​លក្ខខណ្ឌ ដែល​បាន​ព្រមព្រៀង​ជាមួយ​ក្រុម KRC Genk របស់​បែលហ្ស៊ិក ក្នុង​ទិញយក​ខ្សែ​បម្រើ​ស្លាប​។ នេះ​បើតាម​ក្លិប​នៅ​ក្រប​ខ័ណ្ឌ Premiership របស់​ស្កុតឡេន បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​។​

កីឡាករ Ianis ដែល​ជា​កូន​ប្រុស​អតីត​ខ្សែ​បម្រើ​របស់​ក្លិប​អ្នក​មាន​បុណ្យ Barcelona និង​អធិរាជ​ស Real Madrid គឺ​ Gheorghe ស៊ុត​បញ្ចូល​ទី​បាន ៣​ គ្រាប់ ជាមួយនឹង​ការ​​បង្ហាញ​ខ្លួន ១២​ ប្រកួត​ឲ្យ​ក្រុម Rangers ក្រោយ​មក​ចូលរួម​ជាមួយក្រុម កាល​ពី​ខែ​មករា​ ក្នុង​កិច្ចសន្យា​ខ្ចី​ជើង​រយៈ​ពេល ៦ ​ខែ​។​​

ក្រោយមាន​កិច្ច​ព្រមព្រៀង​នេះ Ianis ដែល​បង្ហាញ​ខ្លួន​ជាមួយ​ក្រុមជម្រើស​ជាតិ​រូម៉ានី ១០​ ដង​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ថា​៖ «​បើ​ទោះ​ជាមាន​ការ​ចាប់​អារម្មណ៍ពី​ក្លិបផ្សេង​ៗ តែ​ជម្រើស​ទី​១ របស់​ខ្ញុំ តែង​តែក្រុង​ក្លាស​ស្គូ​ជានិច្ច ព្រោះ​ខ្ញុំ​ចង់​លេង​ឲ្យ Rangers​។ ខ្ញុំ​មាន​ក្ដី​សុខ​ណាស់សម្រាប់​រយៈ​ពេល​ខ្ចី​ជើង នៅកីឡដ្ឋាន Ibrox ហើយ​តែង​តែ​គិត​​គូរ​ចង់​មក​លេង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​​ឆាប់ៗវិញ តែ​ពេល​នេះ​ ខ្ញុំ​សង្ឃឹមថា​ អ្នក​គាំ​ទ្រ​ក្រុម Rangers និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទាំងអស់​ កំពុង​មាន​សុវត្ថិភាព និង​សុខភាព​ល្អ ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​នេះ»​។​​ ​​

ចំណែក​ក្រុម Rangers បាន​ឲ្យ​ដឹង​ថា កិច្ច​សន្យា​ផ្លូវ​ការ​ នឹង​ត្រូវ​ធ្វើ​រួច​រាល់ ពេល​ទី​ផ្សារ​ដោះ​ដូរ​កីឡាកររដូវក្ដៅ បើក​ដំណើរ​ការ ហើយ​ជាមយយ​គ្នា​នេះ ​គ្រូបង្វឹក​របស់​ក្រុម លោក Steven Gerrard បាន​និយាយ​ថា​៖ «​ខ្ញុំ​អាច​អភិវឌ្ឍន៍ទំនាក់​ទំនង​ជាមួយ Ianis បាន​លឿន។ គេ​រីក​រាយ​​ទទួល​ការ​រៀន​សូត្រ ដោយ​ព្យាយាម​​អភិវឌ្ឍន៍​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ​បន្តិច​ម្ដង​ៗ ហើយ​ខ្ញុំ​ដឹង​ហើយ​ថា​ គេ​ត្រៀម​ខ្លួន​រួច​ជាស្រេច​រដូវ​កាល​ក្រោយ​»។​​​​

កីឡាករ Ianis ដែល​ទើប​មាន​វ័យ ២១ ​ឆ្នាំ បានធ្វើ​ឲ្យ​អ្នក​ស្មោះ​ស្ម័គ្រក្រុម​នៅ​ទឹក​ដី Ibrox ស្រលាញ់​ចូល​ចិត្ត ពេល​ដែលរូប​គេ បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង ក្នុង​ការ​ជួយ​ក្រុម​​ Rangers ឡើង​ទៅ​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ ក្រប​ខ័ណ្ឌ Europa League ក្រោយ​ពី​បាន​ស៊ុត​បញ្ចូល​ទី ២​ គ្រាប់ ក្នុង​ប្រកួត​ទល់​នឹង​ក្រុម SC Braga របស់​ព័រទុយហ្គាល់​៕ AFP/VN