ក្រុង​ឡុងដ៍៖ ខ្សែ​ប្រយុទ្ធ Marcus Rashford របស់​ក្រុម​បិសាច​ក្រហម Manchester United បន្ទាប់​ពី​បាន​ស្នើសុំ​​ឱ្យ​រដ្ឋាភិបាល​របស់​ចក្រភព​អង់គ្លេស​ផ្ដល់​អាហារ​ដល់​កុមារ​ក្រីក្រ​នៅ​ថ្ងៃ​ឈប់​សម្រាក​របស់​សាលារៀន​កាល​ពី​ថ្ងៃ​អង្គារ ចាប់​ផ្ដើម​យុទ្ធនាការ​ថ្មី​មួយ​ទៀត គឺ​ប្រឹងប្រែង​ជំរុញ​​ក្មេងៗ​ឱ្យ​អាន​សៀវភៅ​ ដោយ​ម្ដង​នេះ មាន​ការ​អនុញ្ញាត​ជា​ផ្លូវ​ការ​។

កីឡាករ​សញ្ជាតិ​អង់គ្លេស Rashford បាន​និយាយ​ថា​៖ «ខ្ញុំ​បាន​ចាប់​ផ្ដើម​អាន​សៀវភៅ នៅ​អាយុ ១៧ ​ឆ្នាំ ហើយ​វា​បាន​ផ្លាស់ប្ដូរ​ទស្សនៈ និង​ចិត្ត​គំនិត​របស់​ខ្ញុំ​ទាំង​ស្រុង​។ ខ្ញុំ​គ្រាន់​តែ​ចង់​ទទួល​ឱកាស​ក្នុង​ការ​រួម​ចំណែក​យ៉ាង​ពិត​ប្រាកដ​ជាមួយ​នឹង​អំណាន​បន្ថែម​ទៀត ក្នុង​នាម​ជា​ក្មេង​ម្នាក់ តែ​សៀវភៅ​មិនមែន​ជា​វត្ថុមួយ ដែល​យើង​អាច​លៃលក​ទុក​ក្នុង​នាម​ជា​គ្រួសារ​មួយ ពេល​ដែល​យើង​ត្រូវ​ការ​អាហារ​នៅ​លើ​តុ​នោះ​ឡើយ​»​។

កីឡាករ Rashford បាន​ធ្វើ​ការ​សហការ​ជាមួយ​រោង​បោះពុម្ព Macmillan Children''s Books ដើម្បី​ចាប់​ផ្ដើម​បោះ​សៀវភៅ​ជា​បន្ត​បន្ទាប់​ពាក់ព័ន្ធ​នឹង​យុវជន ដោយ​ចាប់​ផ្ដើម​ជាមួយ​នឹង​សៀវភៅ​ដែល​មាន​ចំណង​ជើង «​YOU ARE A CHAMPION» (អ្នក​ជា​ជើងឯក) ក្នុង​ខែ​ឧសភា ឆ្នាំ ​២០២១ ខាង​មុខ​។

ពាក់ព័ន្ធ​នឹង​សៀវភៅ​នេះ ខាង​រោងពុម្ព Macmillan បាន​ឱ្យ​ដឹង​ថា ជំពូក​នីមួយ​ៗ នឹង​សង្ខេប​រឿង​រ៉ាវ​នៃ​ជីវិត​ផ្ទាល់​ខ្លួន​របស់​កីឡាករ Rashford តែ​ម្ដង ហើយ​នឹង​ទាញ​យក​អត្ថន័យ​សំខាន់​ៗ​មក​បង្ហាញ ដូច​ជា​ តម្លៃ​នៃ​ការ​សិក្សា ការ​យល់ដឹង​ពី​វប្បធម៌ និង​គំរូ​នៃ​តួនាទី​របស់​ស្ត្រី​។​

ជាមួយ​គ្នា​នេះ អត្តពលិក​បាល់ទាត់​វ័យ ២៣ ​ឆ្នាំ​រូប​នេះ ក៏​មាន​គម្រោង​ផង​ដែរ ក្នុង​ការ​បើក​ក្លិប​អាន​សៀវភៅ​មួយ​នៅ​ឆ្នាំ​ក្រោយ ដោយ​​ស្នើ​ផ្ដល់​ចំណង​ជើង​តាម​បញ្ជី​ឈ្មោះ​របស់​រោងពុម្ភ Macmillan​។

កីឡាករ Rashford បាន​និយាយ​ថា​៖ «​មាន​ពេល​ខ្លះ ការ​បំភ្លេច​រឿង​រ៉ាវ​មិន​សប្បាយ​ចិត្ត​ផ្សេង​ៗ ដោយ​ការ​មក​អាន​សៀវភៅ​ពិត​ជា​អាច​ជួយ​ខ្ញុំ​បាន​។ ខ្ញុំ​ចង់​ឱ្យ​ក្មេងៗ​ទាំង​អស់​ធ្វើ​បែប​ហ្នឹង​។ មិន​ត្រឹម​តែ​សម្រាប់​ក្មេងៗ ដែល​មាន​លទ្ធភាព​ប៉ុណ្ណោះ​ទេ​»​។

ក្រោយ​មាន​ការ​ជំទាស់​កន្លង​មក ក្នុង​ខែ​នេះ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី Boris Johnson បាន​ទន់​ចិត្ត​នឹង​យុទ្ធនាការ​របស់​កីឡាករ Rashford ហើយ​សន្យា​​នឹង​ផ្ដល់​អាហារ​ហ្វ្រី (អត់​អស់​ថ្លៃ) ដល់​​​​ក្មេងៗ​ក្រីក្រ​នៅ​ថ្ងៃ​បុណ្យ​គ្រិស្តស្មាស់ ដែល​កំពុង​ប៉ះពាល់​ដោយ​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា​។

ពាក់ព័ន្ធ​នឹង Rashford អ្នក​នាំពាក្យ​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី Johnson ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​វា​ជា​រឿង​អស្ចារ្យ ដែល Marcus Rashford កំពុង​រីកចម្រើន​ដោយសារ​ឥទ្ធិពល​ពី​សៀវភៅ ដែល​គាត់​អាន​ហើយ​យើង​ស្វាគមន៍​ចំពោះ​ក្លិប​សៀវភៅ​របស់​គាត់ ដែល​វា​នឹង​អនុញ្ញាត​ឱ្យ​ក្មេង​ជាច្រើន​បាន​ផល​ពី​ការ​ចូលរួម​អាន​​»​។

តែ​យ៉ាង​ណាក្ដី​ អ្នក​នាំ​ពាក្យ​រូប​នេះ អត់​បាន​ប្រាប់​ពី​ចំណង​ជើង​សៀវភៅ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ Johnson ចូល​ចិត្ត​អាន​ កាល​ពី​នៅ​កុមារ​ភាព​នោះ​ឡើយ​៕ AFP/VN