ប៉ារីស៖ ខ្សែ​ប្រយុទ្ធ Marcus Rashford ជា​ថ្មី​ម្ដង​ទៀត ​ជួយ​​ក្រុម Manchester United (United) ជាន់​ពន្លិច​ក្រុម​ Paris Saint-Germain (PSG) ក្រោយ​ស៊ុត​​​គ្រាប់​បាល់​ដ៏​សំខាន់ ដែល​ជា​គ្រាប់​នាំ​ឱ្យ​ក្រុម​​ឈ្នះ ២-១ អំឡុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ Champions League នា​រដ្ឋធានី​នៃ​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​អង្គារ​។

កីឡាករ​អន្តរជាតិ​អង់គ្លេស​ Rashford ដែល​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ សម្រេច ទម្លាក់​ PSG ពី​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ក្នុង​ឆ្នាំ ​២០១៩​ នោះ ​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម​ម្ចាស់​ផ្ទះ​ដោយ​ការ​ព្យាយាម​ស៊ុត​រាបៗ នៅ ៣ នាទី មុន​សំឡេង​កញ្ចែ​ចុង​ក្រោយ​បន្លឺ​ឡើង ជួយ​ឱ្យ​ក្រុម​ដណ្ដើម​បាន ៣ ពិន្ទុ​ពី​ការ​ប្រកួត​បើក​ឆាក ក្នុង​ពូល H នា​កីឡដ្ឋាន​​ស្ទើរ​តែ​គ្មាន​អ្នក​គាំទ្រ​សោះ Parc des Princes​។

ក្រុម​ភ្ញៀវ United ធ្វើ​ការ​នាំ​មុខ​មុន នៅ​នាទីទី ​២៣ ពេល​ខ្សែ​បម្រើ Bruno Fernandes ស៊ុត​បាល់​ប៉េណាល់​ទី​ជា​លើក​ទី ២ សម្រេច តែ​ខ្សែ​ប្រយុទ្ធ Anthony Martial តែត​បាល់​ចូល​ទី​ខ្លួន​ឯង​ ពេល​ Neymar ទាត់​​ជ្រុង ធ្វើ​ឲ្យ​ក្រុម​ទាំង ២ ស្មើ​គ្នា ​រង្វង់ ១០ នាទី​ ក្នុង​វគ្គ​ទី២​។

ពេល​វេលា​នៅ​សល់ គឺ​ជា​​ការងារ​​ចុង​ក្រោយ ខណៈ​ក្រុម​ទាំង ២ ជ្រើស​យក​ជ័យជម្នះ​ជា​ជាង​ចែក​គ្នា ១ ​ពិន្ទុ ហើយ​ Rashford ក៏​ធ្វើ​បាន​សម្រេច។

Rashford ប្រាប់​ទូរទស្សន៍ BT Sport ថា​៖ «ប្រាកដ​ណាស់ វា​មាន​អារម្មណ៍​ស្រស់​ស្រាយ។ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​យើង​ឈ្នះ​ការ​ប្រកួត ហើយ​យើង​កំពុង​ស្ថិត​នៅ​ទីតាំង​ដ៏​រឹងមាំ​ក្នុង​ពូល ពេល​នេះ​។ វា​ជា​ប្រកួត​ដំបូង​។ ការ​ផ្ដោត​អារម្មណ៍ និង​ថាមពល ដែល​យើង​បាន​បង្ហាញ​ថ្ងៃ​នេះ យើង​ត្រូវ​​យក​ទៅ​អនុវត្ត​ នៅ Premier League​»​។

ជ័យជម្នះ​នេះ នាំ​ឱ្យ​ United ត្រៀម​ខ្លួន​បាន​យ៉ាង​ប្រសើរ សម្រាប់​ការ​ប្រកួត​នៅ​ទឹក​ដី​ខ្លួន​ឯង​ជាមួយ​ក្រុម​របស់​អាល្លឺម៉ង់ RB Leipzig ដែល​ឈរទី ១ ក្នុង​ពូល ក្រោយ​យក​ឈ្នះ​ក្រុម​ Istanbul Basaksehir របស់​តួកគី ២-០ នៅ​ផ្ទះ​ខ្លួន​។

ចំណែក​ក្រុម​ Barcelona (Barca) បាន​ផ្ញើ​សារ​តឿន​គ្រប់​ក្រុម ដោយ​ការ​បំបាក់​ក្រុម Ferencvaros ៥-១ នៅ​ផ្ទះ​ខ្លួន​ឯង ខណៈ​នេះ ជា​ជ័យជម្នះ​លើក​ដំបូង នៅ Champions League របស់​គ្រូ​បង្វឹក​ថ្មី លោក Ronald Koeman។

Ferencvaros ដែល​ជា​ក្រុម​ហុងគ្រី​ទី ១ បាន​លេង​នៅ​វគ្គ​ចែក​ពូល ក្នុង​រយៈ​ពេល ១១ ឆ្នាំ​ ចាប់​ផ្ដើម​យ៉ាង​ល្អ រហូត​ដល់​បំប៉ោង​សំណាញ់​ទី​ក្រុម Barca បាន​ ១ គ្រាប់​យ៉ាង​ស្អាត​ទៀត​ផង​ នៅ​នាទីទី​១២ ដោយ​ Tokmac Nguen តែ​ត្រូវ​​លុប​ចោល ព្រោះ​ស្ថិត​ក្នុង​ជំហរ​ក្រៅ​ល្បែង (offside)​។

ក្រោយ​មក ក្រុម​ម្ចាស់​ផ្ទះ ​ធ្វើ​ការ​វាយ​សម្រុក​​រឿយ​ៗ រហូត​រក​គ្រាប់​បាល់​ជា​បន្ត​បន្ទាប់​ ទាំង ២ វគ្គ ដោយ​តង់​ទី ១ ស៊ុត​ដោយ​ប្រធាន​ក្រុម Lionel Messi (ប៉េណាល់​ទី) និង​កីឡាករ Ansu Fati ហើយ​វគ្គ​ទី ២ ធ្វើ​បាន​សម្រេច​ដោយ Philippe Coutinho, Pedri និង Ousmane Dembele។

ក្រោយ​បញ្ចប់​ប្រកួត​បើក​ឆាក​នេះ Barca លេខ ១ ក្នុង​ពូល G ដោយ​មាន ៣ ​ពិន្ទុ​ ស្មើ​ក្រុម Juventus របស់​លោក​ Andrea Pirlo ដែល​ដឹកនាំ​ក្រុម​ឈ្នះ​នៅ​ក្របខ័ណ្ឌ​របស់​អឺរ៉ុប​​លើក​ដំបូង​ដែរ ជាមួយ​នឹង​ជ័យ​ជម្នះ ២-០ លើ​ក្រុម​ Dynamo Kiev របស់​អ៊ុយក្រែន​៕ AFP/VN