បាសេឡូណា៖ ក្រុម​ Real Madrid ទប់ស្កាត់​វិបត្តិ​ដោយ​វិធី​ដ៏​ល្អ​បំផុត កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​ការ​យក​ឈ្នះ​ក្រុម​ Barcelona ៣-១ ក្នុង​ជំនួប El Clasico ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​គាំទ្រ​ក្នុង​កីឡដ្ឋាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។ ​

ក្រុម​ Barca ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ មាន​ឱកាស​យក​ជ័យ​ជម្នះ​ជា​លើក​ទី ៣ ជាប់​ៗ​គ្នា លើ​ក្រុម​គូ​ប្រជែង​ស្លាប់​រស់ ហើយ​បន្ថែម​សម្ពាធ​កាន់​តែ​ខ្លាំង​លើ​លោក Zinedine Zidane តែ​ផ្ទុយ​ទៅ​វិញ ក្លិប​កាតាឡាន់​មួយ​នេះ បែរ​ជា​បរាជ័យ ហើយ​​បណ្ដោយ​ឱ្យ ​Real នាំ​មុខ​ដាច់ ៦ ​ពិន្ទុ ក្នុង​តារាង​ក្របខ័ណ្ឌ La Liga​។

លោក​ Zidane គ្រូ​បង្វឹក​របស់​ក្រុម​ភ្ញៀវ​ ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ​និយាយ​ថា​៖ «​វា​ត្រឹម​តែ ៣ ពិន្ទុ​ប៉ុណ្ណោះ តែ​យើង​ត្រូវ​រីករាយ​ជាមួយ​វា​ជា​ពិសេស ក្រោយ​គ្រប់​យ៉ាង​ ដែល​និយាយ​ពាក់ព័ន្ធ​នឹង​ក្រុម​»​។​

២ គ្រាប់ នៅ​វគ្គ​ទី ២ ដោយ​ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​របស់ Sergio Ramos និង​ការ​ទម្លុះ​សំណាញ់​ទី​នៅ​ចុង​ម៉ោង​របស់​​ Luka Modric បាន​ផ្ដាច់​ជីវិត​ក្រុម​របស់​លោក Ronald Koeman ខណៈ​ Federico Valverde របស់ Real និង Ansu Fati របស់ Barca ​ផ្លាស់​វេន​​គ្នា​ធ្វើ​បាន​សម្រេច​​ម្នាក់​ម្ដង នៅ​ដើម​វគ្គ​ទី ១ ​ធ្វើ​ឱ្យ​ការ​ប្រកួត​នៃ​ក្លិប​យក្ស ២ នៅ​​អេស្ប៉ាញ​កាន់​តែ​រន្ថើន​ឡើងៗ​។

ប្រធាន​ក្រុម​អធិរាជ​ស Ramos និយាយ​ថា​៖ «​វា​តែង​តែ​មាន​ពេល ដែល​ក្រុម​ធ្វើ​មិន​បាន​ល្អ ក្នុង​រដូវកាល ១ ​ជា​មិន​ខាន​តែ​សង្ឃឹម​ថា ពេល​វេលា​​អាក្រក់​នេះ នឹង​មាន​ត្រឹម​តែ ១ សប្ដាហ៍​ចុះ។ ការ​ឈ្នះ​នៅ​ផ្ទះ​របស់​ក្រុម​គូ​សត្រូវ​ដ៏​យូរ​អង្វែង គឺ​តែងតែ​មាន​ក្ដី​រីករាយ​ជានិច្ច​»​។

ក្រុម​ Barca ទំនង​ជា​មាន​អារម្មណ៍​តឹង​​ចិត្ត​ខ្លាំង​ ជា​ពិសេស​ពេល​អាជ្ញា​កណ្ដាល​ផ្ដល់​បាល់​ប៉េណាល់​ទី​ឱ្យ​ក្រុម​គូ​បដិបក្ខ​ ក្រោយ​ពិនិត្យ​វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្ដាល ( VAR) ហើយ​ការ​ដួល ដែល​មើល​ទៅ​ហួស​ពី​ការ​ពិត (ការ​ធ្វើ​ពុត​ដួល) របស់​ Ramos ក្រោយ​​ការ​ទាញ​អាវ​ពី Clement Lenglet​។

លោក Koeman គ្រូ​បង្វឹក​របស់​ក្រុម​ម្ចាស់​ផ្ទះ​ និយាយ​ពាក់ព័ន្ធ​នឹង VAR ថា​៖ «​ប្រហែល​ជា​ថ្ងៃ​ណា​មួយ អ្នក​អាច​ធ្វើ​ការ​ពន្យល់​ថា តើ​​ VAR កំពុង​ធ្វើ​ការ​យ៉ាង​ដូច​ម្ដេច នៅ​ទីនេះ ក្នុង​ប្រទេស​អេស្ប៉ាញ​។ យើង​មាន​ការ​ប្រកួត ៥ លើក ក្នុង​លីគ ហើយ​ VAR ឃើញ​តែ​ធ្វើ​អន្តរាគមន៍​ជាមួយ​ក្រុម​ Barca​»​។

នេះ​ជា​ការ​ប្រកួត​ ក្នុង​ជំនួប El Clasico លើក​ដំបូង​របស់​លោក Koeman ក្នុង​នាម​ជា​អ្នក​ចាត់​ការ​របស់​​ Barca ហើយ​សម្ពាធ ដែល​មាន​ចំពោះ​លោក Zidane ឥឡូវ​នេះ នឹង​ត្រូវ​ផ្ទេរ​ទៅ​កាន់​បុរស​សញ្ជាតិ​ហូឡង់​វិញ​ ដែល​ដឹកនាំ​ក្រុម​ឈ្នះ​បាន​តែ ៣ លើក​ប៉ុណ្ណោះ ក្នុង​ចំណោម​ ៦ ប្រកួត​កន្លង​មក​នេះ​។

Barca នឹង​ត្រូវ​ប្រឈម​នឹង​ក្រុម​យក្ស​អ៊ីតាលី Juventus នៅ​កណ្ដាល​សប្ដាហ៍​ ក្នុង​ប្រកួត Champions League ដោយ​គ្មាន​វត្តមាន​របស់​ខ្សែ​ការពារ​ឆ្នើម Gerard Pique ដោយសារ​តែ​ជាប់​ពិន័យ​។

រាល់​​លទ្ធផល​មិនល្អ​របស់ Barca ឥឡូវ​នេះ​ កំពុង​ឆ្លុះ​បញ្ចាំង​ពី​អនាគត​របស់​​ប្រធាន​ក្រុម Lionel Messi ដែល​នេះ​អាច​ជា​​ជំនួប El Clasico ចុង​ក្រោយ​​របស់​គេ នៅ​ Camp Nou ខណៈ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អាហ្សង់ទីន ដែល​ប៉ុនប៉ង​ចេញ​ពី​ក្រុម​មិន​បាន​សម្រេច នៅ​តែ​អាច​រក​គ្រាប់​បាល់​បាន​ពី​ការ​ចូល​លេង ​ដែល​ប្រកប​ដោយ​ហានិភ័យ​នា​រដូវកាល​នេះ​។

ក្រុម​ជើងឯក​ចាស់ Real ឈរ​ទី ១ បណ្ដោះ​អាសន្ន​ក្នុង​តារាង​ La Liga​ ដោយ​មាន ១៣ ពិន្ទុ ក្រោយ​បញ្ចប់​ ៦ ប្រកួត ពោល​គឺ​នាំ​មុខ​ ២ ពិន្ទុ​លើ​ Atletico Madrid ដែល​ប្រកួត​តិច​ជាង ១ លើក ខណៈ​ Barca នៅ​លេខ ១២ មាន ៧ ពិន្ទុ ក្រោយ​​ប្រកួត​ បាន ៥ ដង​៕ AFP/VN