ក្រុងម៉ាឌ្រីដ: លោក Santiago Solari អ្នកចាត់ការ​ទូទៅ​បណ្តោះ​អាសន្ន​របស់​ក្រុម Real Madrid ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្វឹក​អចិន្រ្ដៃយ៍ កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​បាន​ដឹកនាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​មួយ​ក្នុង​ជោគ​វាសនា​របស់​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​មួយ​នេះ ចាប់​តាំង​ពី​លោក​បាន​ចូល​កាន់​តំណែង​ជំនួស​លោក Julen Lopetegui។

សហព័ន្ធ​កីឡាបាល់ទាត់​អេស្ប៉ា​ញ បាន​ថ្លែងថា៖ «រាល់អ្វីៗ​ទាំង​អស់​មាន​សណ្តាប់​ធ្នាប់។ ក្លិប Real Madrid បាន​ធ្វើការ​លើ​កុងត្រា​របស់​គាត់ ហើយ​វា​គ្មាន​បញ្ហា​ឡើយ»។

លោក Solari បាន​ដឹកនាំ​ឲ្យ​ក្រុម Real ឈ្នះ ៤ លើក​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង ៤ លើក ចាប់​តាំង​ពី​ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន ក្រោយ​ពី​ការ​បណ្តេញ​លោក Lopetegui ចេញ​កាល​ពី​ខែ​មុន។

ក្រោយពី​ដឹកនាំ​ឲ្យ Real រកបាន​គ្រាប់​បាល់ ១៥ គ្រាប់ និង​របូត​វិញ​ត្រឹម​តែ ២ គ្រាប់​គត់ លោក​បាន​បង្កើត​ឲ្យ​មាន​ការ​ចាប់ផ្តើម​ដ៏​ល្អ​បំផុត​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លិប​យក្ស​មួយ​នេះ។ ក្រោយ​ពី​បាន​ផ្តួល​ក្រុម Melilla ក្នុង​ពាន Copa del Rey ពួកគេ​បាន​យក​ឈ្នះ​លើ​ទឹក​ដី​ក្រុម Viktoria Plzen ៥-០ ក្នុង​ក្របខ័ណ្ឌ Champions League នៅ​ចន្លោះ​នៃ​ការ​ដណ្តើម​បាន​ជ័យជម្នះ​លើ​ក្រុម Real Valladolid និង Celta Vigo ក្នុង​ក្របខ័ណ្ឌ La Liga។

ការវិវឌ្ឍ​ទៅមុខ​នេះ បានធ្វើ​ឲ្យ Real ដេញតាម​ពី​ត្រឹមតែ ៤ ពិន្ទុ​ប៉ុណ្ណោះ​ពីក្រោយ​ក្រុម​កំពុង​នាំមុខ Barcelona នៅ​លើ​តារាង​លីក និង​កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​អឺរ៉ុប។

លោក Solari ដែល​បាន​ចំណាយពេល ៥ ឆ្នាំ​ក្នុង​ការលេង​ឲ្យ Real Madrid នោះ ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​តួនាទី​ជា​គ្រូ បង្វឹក​ក្រុម B របស់ Real ក្រោយ​ពី​លោក Lopetegui បាន​ដឹកនាំ​ឲ្យ​ក្រុម​នេះ​ជួប​ភាព​ត្រដាប​ត្រដួស​ជា​បន្ត​បន្ទាប់ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ ១ លើក​គត់ ពី​ការ​ប្រកួត ៧ លើក៕