ម៉ា្រឌីដ៖ ក្រុម​ Real Madrid មាន​ឱកាស​ឡើង​ផុត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​បន្តិច​ហើយ នៅ​ Champions League ក្រោយ​ពី​កីឡាករ​បម្រុង​ Rodrygo បំប៉ោង​សំណាញ់​ទី​ នៅ​ចុង​ម៉ោង ១ គ្រាប់ ជួយ​ក្រុម​ឱ្យ​មាន​ជ័យជម្នះ​លើ​ក្រុម​​ Inter Milan ទាំង​ប្រផុត​​ប្រផើយ ៣-២ អំឡុង​ការ​ប្រកួត​ដ៏​គួរ​ឱ្យ​ជាប់​ចិត្ត​ ក្នុង​ពូល​ B កាល​ពី​យប់​ថ្ងៃ​អង្គារ​។

លទ្ធផល​នេះ ធ្វើ​ឱ្យ​ Real ដែល​​ជា​ក្រុម​ដំបូង ឈ្នះ​ពាន​កំពូល​​របស់​អឺរ៉ុប​នេះ ១៣ លើក​មាន ៤ ពិន្ទុ ស្មើ​​ Shakhtar Donetsk ដោយ​តាម​ពីក្រោយ​ក្រុម​លេខ ១ Moenchengladbach ១ ​ពិន្ទុ និង​នាំ​មុខ ២ ពិន្ទុ​លើ​ក្រុម​បាត​តារាង Inter​។

យ៉ាង​ណា​ ប្រកួត​នេះ Real ប៊ិះ​នឹង​យ៉ាប់​ដែរ ក្រោយ​ភ្លាត់​ឱ្យ​ក្រុមភ្ញៀវ Inter តាម​ស្មើ​ពី​ការ​នាំ​មុខ ២-០ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​​ Karim Benzema និង Sergio Ramos តែ​សំណាង​ល្អ​ ខ្សែ​ប្រយុទ្ធ​វ័យ ១៩ ​ឆ្នាំ Rodrygo អាច​រក​ឃើញ​គ្រាប់​ជ័យជម្នះ នៅ ១០ ​នាទី មុន​ប្រកួត​​​បញ្ចប់​ផ្លូវ​ការ​។

គ្រូបង្វឹក​លោក Zinedine Zidane ​និយាយ​ថា​៖ «​យើង​ត្រូវ​តែ​ឈ្នះ ហើយ​យើង​ធ្វើ​បាន ជាមួយ​នឹង​ភាព​នឹងនរ​របស់​ក្រុម​ពោល ​គឺ​ក្រោយ​ពី​រង​បរាជ័យ​​ដោយសារ​គូ​ប្រជែង​ដ៏​ខ្លាំង​កន្លង​មក​​។ មិន​មែន​រឿង​ស្រួល​​ទេ​​»​។

ក្រុម​ទាំង ២ ត្រូវ​គេ​រំពឹង​ថា នឹង​ប្រជែង​គ្នា​យក​តំណែង​លេខ ១ និង​លេខ ២ ក្នុង​ពូល តែ​បែរ​ជា​ផ្ដើម​ប្រកួត​ដំបូង​​យ៉ាប់​ដូច​គ្នា ដោយ​​​Inter ​ស្មើ Moenchengladbach ហើយ​ Real លេង​ចាញ់​ Shakhtar​។

ចំណែក​គ្រូបង្វឹក​របស់​ Inter លោក Antonio Conte ​លើក​ឡើង​ថា​៖ «​យើង​ដឹង​ការ​ប្រកួត​នេះ លំបាក​យ៉ាង​ម៉េច។ យើង​លេង​ល្អ តែ​​បង្កើត​កំហុស​ខ្លះ​ៗ​។ មិន​គួរ​ឱ្យ​រឿង​ហ្នឹង​កើត​ឡើង​សោះ ក្នុង​ប្រកួត​កម្រិត​នេះ​។ Real មាន​កីឡាករ​ប្រកប​ដោយ​បទ​ពិសោធយ៉ាង​ច្រើន​។ ពួក​គេ​ដឹង​ ពេល​ត្រូវ​​បញ្ចប់​ការ​ប្រកួត​​​​ទាំងស្រុង​​»​៕ AFP/VN