ក្រុងឡុងដ៍៖ លោក Bill Sweeney នាយក​ប្រតិបត្តិ​សហព័ន្ធ​បាល់​ឱប​​អង់គ្លេស (RFU)​ ​និយាយ​ថា សហព័ន្ធ​កំពុង​ស្វះស្វែង​ឲ្យ​មាន​ភាព​ច្បាស់​លាស់​អំពី​ថា តើ​គោលការណ៍​គម្លាត​រាង​កាយ​អាច​ត្រូវ​បាន​កាត់​បន្ថយ​ពី ២ ​ម៉ែត្រ​ទៅ ១ ​ម៉ែត្រ បាន​ឬ​អត់ ដើម្បី​​ពួក​គេ​អាច​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ចំនួន ៤ ​ម៉ឺន​នាក់ ​ចូល​កីឡដ្ឋាន Twickenham សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ខែ​វិច្ឆិកា​។

កីឡា​សំខាន់​ៗ​​នៅ​ក្នុង​ប្រទេស​អង់គ្លេស ​ត្រូវ​បាន​ផ្តល់​ភ្លើង​ខៀវ​ឲ្យ​វិល​ត្រឡប់​មក​មាន​សកម្មភាព​វិញ​នៅ​ខែ​នេះ ដោយ​គ្មាន​អ្នក​ទស្សនា​ចូលរួម​ក្នុង​ពេល​មាន​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ ​១៩​ តែ​ទោះបី​យ៉ាង​ណា RFU ជឿជាក់​ថា អ្នក​គាំទ្រ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ការ​ប្រកួត​នៅ​ខែ​វិច្ឆិកា ខាង​មុខ ដែល​​ប្រទេស​អង់គ្លេស គ្រោង​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ជាមួយ​​ក្រុម​នូវែលសេឡង់ (រហស្សនាម All Blacks), អាហ្សង់ទីន តុងហ្គា និង​អូស្រ្តាលី នាកីឡដ្ឋាន Twickenham ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ដល់​ទៅ ៨២ ០០០ នាក់។

កាសែត Guardian ​ស្រង់​សម្តី​​លោក Sweeney ដែល​និយាយ​ថា៖ «​​បើ​អ្នក​កំពុង​ប្រើប្រាស់​វិធី ២ ​ម៉ែត្រ អ្នក​កំពុង​និយាយ​ថា ចន្លោះ​សុវត្ថិភាព​សរុប​ចម្ងាយ ៤ ​ម៉ែត្រ ពោល​​គឺ​មនុស្ស​ម្នាក់​ត្រូវ​មាន​ចន្លោះ ១ ​ម៉ែត្រ​ជុំវិញ​។ បើ​អ្នក​ប្រើ​គោលការណ៍ ២ ម៉ែត្រ​នេះ ក្នុង​កីឡដ្ឋាន​មួយ​មាន ​៨ ​ម៉ឺន​កៅ​អី ហើយ​បញ្ហា​ក្នុង​ការ​ធ្វើ​ចរាចរណ៍ ដូច​ជា​មនុស្ស​ម្នាក់​ដែល​ចង់​ទៅ​ប្រើប្រាស់​បន្ទប់​ទឹក​ដោយ​មិន​ដើរ​កាត់​មនុស្ស​ម្នាក់ ហើយ​ពួក​គេ​មិន​ប៉ះពាល់​គ្នា​ ឃើញ​ថា វិធី​នេះ​នឹង​កាត់​បន្ថយ​បរិមាណ​មនុស្ស​មក​ត្រឹម​ចន្លោះ​ពី​ ៩ ០០០ ទៅ ​៩ ៥០០ ​នាក់»។

លោក​ Sweeney​ បន្ត​ទៀត​ថា​៖ «​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​ មិន​គិត​សោះ​ថា​ ​មាន​ចំនួន​តិច​ដល់​ថ្នាក់​ហ្នឹង។ តែ​បើ​ជាមួយ​​គម្លាត ១ ​ម៉ែត្រ ដែល​ជា​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក​វិញ​នោះ​ អ្នក​នឹង​មាន​អ្នក​ចូលរួម​ជិត ៤០ ០០០ ​នាក់​»​។

លោក Sweeney លើក​ឡើង​​ថា RFU ត្រៀម​ការ​ខាត​ទឹក​ប្រាក់​​ប្រមាណ​ជិត $៤ ​លាន​ ក្នុង ​១ ​ប្រកួត ក្រោម​គោលការណ៍​សុវត្ថិភាព ២ ​ម៉ែត្រ​នេះ តែ​​ថា​នឹង​មិន​បង្កើន​ចំនួន​ដាច់​ខាត​ ដរាប​ណា​ពួក​គេ​មិន​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ទេ​។​​

លោក​ Sweeney ​​ថា​៖ «​យើង​នឹង​មិន​បង្កើន​បរិមាណ​មនុស្ស ប្រឈម​នឹង​ហានិភ័យ​​​ឡើយ ហើយ​មិន​អនុវត្ត​ផ្ទុយ​នឹង​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​ទេ។ តែ​យើង​គ្រាន់​តែ​ចង់​ដឹង​ថា តើ​ច្បាប់​ ២ ​ម៉ែត្រ ពិត​ជា​ចាំបាច់​ ឬ​ ១​ ម៉ែត្រ ​អាច​បាន​ដែរ​?»​៕ AFP/VN