ក្រុង​មីឡាន៖ ខ្សែ​ប្រយុទ្ធ​ Franck Ribery បាន​និយាយ​ថា រូប​គេ​អាច​នឹង​រីក​ចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ​ប៉ុន្តែ​នៅ​លើ​ទីលាន​រូប​គេ​នៅ​តែ​មាន​អារម្មណ៍​ថា​ នៅ​ក្មេង​នៅ​ឡើយ​ក្រោយ​ពី​បាន​ជួយ​ឲ្យ​ក្រុម Fiorentina ឈ្នះ​ក្រុម AC Milan ៣-១ កាល​ពី​ថ្ងៃ​អាទិត្យ​។​

ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​បារាំង​រូប​នេះ ​រក​បាន​គ្រាប់​ទី ​៣ ​សម្រាប់​ក្រុម​របស់​ខ្លួន​នៅ​កីឡដ្ឋាន​ San Siro ហើយ​រូប​គេ​ត្រូវ​បាន​អបអរ​ដោយ​អ្នក​គាំទ្រ​ក្នុង​ស្រុក ​ក្រោយ​ពី​ស៊ុត​បញ្ចូល​ទី​មុន​ពេល​​ត្រូវ​បាន​ដក​​ឲ្យ​ចេញ​ពី​ការ​ប្រកួត​​។​​

ខ្សែ​ប្រយុទ្ធ​ Ribery គឺ​ជា​បន្លា​មួយ​សម្រាប់​​ក្រុម Milan ដែល​នៅ​សល់​គ្នា ​១០ ​នាក់ ​នៅ​ពេល​អតីត​តារា​ប្រចាំ​ក្លិប Bayern Munich រូប​នេះ​​​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កីឡាករ​ Mateo Musacchio របស់​ក្រុម​ AC Milan ក្នុង​ការ​ប្រកួត​​ពី​ថ្ងៃ​អាទិត្យ​ដែល​ក្រុម Fiorentina បាន​នាំ​មុខ ​៣ ​គ្រាប់ ​ក្នុង​នោះ​គ្រាប់​ទី ​៣ ​រក​បាន​ដោយ​កីឡាករ Ribery ក្នុង​នាទី​ទី ​៧៨ ​មុន​ពេល​កីឡាករ​ R. Leao រក​បាន ​១ ​គ្រាប់​ឲ្យ​​​ក្រុម​ Milan ក្នុង​នាទី​ទី ​៨០​​​។​

ឥឡូវ​នេះ​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Ribery មាន​អាយុ ​៣៦ ​ឆ្នាំ​ហើយ ​ប៉ុន្តែ​រូប​គេ​បាន​និយាយ​ថា គេ​ស្រឡាញ់​ចូល​ចិត្ត​បាល់​ទាត់​ទើប​ធ្វើ​ឲ្យ​រូប​គេ​នៅ​តែ​មាន​ទម្រង់​លេង​ល្អ​បែប​នេះ​។​​

ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​បាន​ប្រាប់​ Sky Sport Italia ថា៖ «​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​បាន​​លេង​នៅ​កីឡដ្ឋាន​​ San Siro ព្រោះ​វា​តែងតែ​​ពិសេស​​​​ និង​ជា​ទីលាន​ធំ​បំផុត​ដែល​អាច​ផ្ទុក​អ្នក​គាំទ្រ​បាន​ជា​ច្រើន​»។​

ខ្សែ​ប្រយុទ្ធ​ Ribery បាន​និយាយ​ទៀត​ថា៖ «​វា​ពិត​ជា​លំបាក​បន្តិច​សម្រាប់​អ្នក​គាំទ្រ​ក្រុម​ AC Milan ឥឡូវ​នេះ ​ដោយសារ​យើង​បាន​បំពេញ​តួនាទី​បាន​ល្អ​ដែល​ជា​រឿង​សំខាន់​សម្រាប់​ក្រុម​យើង​»​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​ចាស់​បន្តិច​ហើយ​ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា នៅ​ក្មេង​នៅ​លើ​ទីលាន​ប្រកួត​ព្រោះ​បាល់​ទាត់ ​គឺ​ជា​ជីវិត​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត​វា​។ ខ្ញុំ​ស្រេក​ឃ្លាន​ចង់​ប្រកួត​នៅ​ពេល​ខ្ញុំ​មក​ចូល​រួម​ក្រុម​ Fiorentina ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ចិត្ត​ដែល​បាន​ឃើញ​ក្រុម​ធ្វើ​បាន​ល្អ​បែប​នេះ​»។​

ខ្សែ​ប្រយុទ្ធ​ដដែល​នេះ​បាន​បន្ត​ទៀត​ថា៖ «​ខ្ញុំ​បាន​មក​ជួយ​ក្លិប​​ Fiorentina ​កីឡាករ​​ ​និង​អ្នក​គាំ​ទ្រ​​របស់​ក្លិប​នេះ​។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ​ប៉ុន្តែ​ខ្ញុំ​ត្រូវ​ហ្វឹកហាត់​​រាល់​ថ្ងៃ​ និង​រាល់​​សប្តាហ៍​​ ​គឺ​ដូច​ជា​អ្វី​ដែល​ខ្ញុំ​បាន​បង្ហាញ​នៅ​រាត្រី​ដ៏​អស្ចារ្យ​​​នេះ​ឯង»។​

កីឡាករ Ribery បាន​បន្ថែម​ថា៖ «​Federico គឺ​ជា​កីឡាករ​ល្អ​ម្នាក់​ ហើយ​ខ្ញុំ​តែងតែ​ជជែក​លេង​ជាមួយ​គាត់​ និង​ស្ដាប់​គាត់​ ហើយ​វា​សំខាន់​សម្រាប់​គាត់​ និង​សម្រាប់​ក្រុម​ទាំង​មូល​ផង​ដែរ​​»។​​

លោក Vincenzo Montella ជា​​គ្រូ​បង្វឹក​ក្លិប Fiorentina និង​ជា​អតីត​គ្រូ​បង្វឹក​ក្លិប​ Milan បាន​​ស្រែក​ខ្លាំងៗ​ពេញ ​១ ​ការ​ប្រកួត​នេះ​ដោយ​​កោត​សរសើរ​ចំពោះ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​កីឡាករ​ Ribery។​​​

គ្រូ​បង្វឹក​លោក Montella បាន​និយាយ​ថា៖ «​ខ្ញុំ​បាន​ដក​ Ribery ចេញ​ពី​ការ​ប្រកួត​នេះ​ព្រោះ​ខ្ញុំ​រឹពឹង​ថា អ្នក​គាំទ្រ​​នឹង​ទទួល​បាន​ការ​ទះ​ដៃ​អបអរ​ចំពោះ​រូប​គាត់​​​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​គាត់​តែងតែ​ចូលរួម​ការ​ប្រកួត​ តែងតែ​មាន​ការ​សម្រេច​ចិត្ត​ល្អ​ និង​មាន​សមត្ថភាព​លើស​ពី​ការ​រំពឹង​ទុក​បើ​ទោះ​ជា​គាត់​មិន​មាន​ការ​ផ្លាស់​ប្ដូរ​​ជំហាន​ដែល​គាត់​ធ្លាប់​​ធ្វើ​កាល​ពី ​៥ ​ឬ ​៦ ​ឆ្នាំ​មុន​ក៏​ដោយ​»៕ AFP/SN