ឡុងដ៍៖ លោក Brendan Rodgers និយាយ​សរសើរ​ទម្រង់​លេង​របស់ Jamie Vardy ថា មាន​កម្រិត​ពិភព​លោក ក្រោយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បំប៉ោង​សំណាញ់​ទី​ដោយ​ក្បាល​របស់​ខ្លួន នៅ​ចុង​ម៉ោង ជួយ​ឱ្យ​ក្រុម Leicester City ឈ្នះ​ Arsenal ១-០ នៅ​ក្រៅ​ផ្ទះ អំឡុង​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​​ Premier League កាល​ពី​ថ្ងៃ​អាទិត្យ​។

Vardy ត្រឹម​បាន​អង្គុយ​កៅអី​កីឡាករ​បម្រុង​ប៉ុណ្ណោះ ដោយសារ​មិន​ទាន់​ជា​ ១០០ ​ភាគរយ​ពី​​របួស​កំភួន​ជើង តែ​គ្រូ​បង្វឹក លោក Rodgers សម្រេច​ដាក់​ឱ្យ​ទៅ​ធ្វើ​ព្យុះ​ភ្លៀង​នៅ​តំបន់​ប្រយុទ្ធ​អំឡុង​ពេល​ការ​ប្រកួត​នៅ​សល់ ៣០ ​នាទី​ ហើយ​ក៏​បាន​ផល​ ពេល​កីឡាករ​សញ្ជាតិ​អង់គ្លេស​ អាច​ធ្វើ​បាន​សម្រេច​គ្រាប់​ទី៦ របស់​ខ្លួន នារដូវកាល​នេះ នៅ​នាទី​ទី​៨០​។

Vardy វ័យ ៣៣ ​ឆ្នាំ​ហាក់​​មាន​ទម្លាប់​ធ្វើ​ឱ្យ​ក្រុម​កាំភ្លើង​ធំ​ឈឺ​ចាប់ ព្រោះ​បើ​សរុប​គ្រាប់​បាល់​ដែល​គេ​រក​បាន​​ក្នុង​ចំណោម​នៃ​ការ​ចូល​លេង ​១២ លើក នៅ Premier League ទល់​​ក្រុម​របស់​លោក Mikel Arteta មាន​ចំនួន ១១ ​គ្រាប់​ហើយ​ ខណៈ​​នេះ គឺ​ជា​ការ​ជួយ​ឱ្យ​ក្រុម​ Leicester ឈ្នះ​នៅ​ទឹក​ដី​ Arsenal លើក​ដំបូង គិត​តាំង​ពី​ឆ្នាំ ​១៩៧៣ មក​។

លោក​ Rodgers និយាយ​ដូច្នេះ​ថា​៖ «​ផែន​ការ​របស់​យើង​តែង​តែ​ដាក់​បញ្ចូល Vardy ក្នុង​ការ​ប្រកួត​ជា​និច្ច។ គេ​តែង​បាន​រួម​ចំណែក​យ៉ាង​ធំធេង ក្នុង​ប្រកួត​សំខាន់ៗ។ ទម្រង់​នោះ ​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា កម្រិត​លេង​របស់​គេ គឺ​លំដាប់​ពិភព​លោក​។ ​ពិត​ជា​សំណាង​ល្អ​ណាស់​ដែល​មាន​កូន​ក្រុម​ដូច​គេ​»​។

ជ័យជម្នះ​នេះ មិន​ត្រឹមតែ​រុញ ​Leicester ឱ្យ​ឡើង​ទៅ​លំដាប់​ទី​៤ ក្នុង​តារាង​ជាមួយ​នឹង ១២ ពិន្ទុ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​​ជា​ការ​ស្ដារ​មុខ​មាត់​ឡើង​វិញ ពី​បរាជ័យ​ចំនួន ២ ប្រកួត​ជាប់ៗ​គ្នា​កន្លង​មក​ផង​ដែរ​។​

លោក​ Rodgers បានបន្ត​ថា​៖ «​យើង​ស័ក្តិសម​នឹង​បាន​ជ័យជម្នះ​ ពោល​គឺ​យើង​បាន​លេង​ទល់​នឹង​ក្រុម ដែល​មាន​គុណភាព​ល្អ និង​មាន​កីឡាករ ដែល​អាច​លេង​ពេញ​កម្លាំង​រហូត​លើស​ម៉ោង​ក៏​បាន​។ ការ​រក្សា​កុំ​ឱ្យ​របូត​គ្រាប់​បាល់​បន្ត និង​ការ​លេង​ប្រកប​ដោយ​គុណភាព និង​ភាព​នឹង​ធឹងគឺ​ជា​រឿង​ល្អ​បំផុត​»​៕ AFP/VN