ក្រុងមីឡាន៖ ក្រុម Roma បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងការលក់ក្លិបឲ្យទៅក្រុមហ៊ុនបក្សសម្ព័ន្ធ Friedkin Group ដោយបញ្ជាក់ថា ល័ក្ខខ័ណ្ឌនានា ត្រូវបានយល់ព្រមកាលពីថ្ងៃពុធ ហើយព័ត៌មានលម្អិតនៃប្រតិបត្តិការ ត្រូវបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបញ្ជូនទៅ CONSOB ដែលជាអាជ្ញាធររបស់រដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងទីផ្សារមូលប័ត្រអ៊ីតាលី។
ក្លិបនៅក្របខ័ណ្ឌ Serie A បានចេញផ្សាយសេចក្តីថ្លែងការណ៍នោះ នៅលើវេបសាយផ្លូវការរបស់ខ្លួនកាលពីម្សិលមិញ ដោយបង្ហាញពីកិច្ចព្រមព្រៀង ដែលត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅចុងខែនេះ។
លោក Jim Pallotta ប្រធានក្លិប Roma បាននិយាយថា៖ «ខ្ញុំមានសេចក្តីរីករាយសូមបញ្ជាក់ថា យើងបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនបក្សសម្ព័ន្ធ Friedkin Group ពាក់ព័ន្ធនឹងការលក់ AS Roma។ យើងបានចុះហត្ថលេខាលើកិច្ចសន្យា ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងធ្វើការរួមគ្នា ដើម្បីបញ្ចប់នីតិវិធីផ្លូវច្បាប់នានា ដែលនឹងនាំឲ្យក្លិបត្រូវផ្លាស់ប្ដូរម្ចាស់»។
លោកប្រធានរូបនេះ បានបន្តទៀតថា៖ «ជាងមួយខែចុងក្រោយនេះ លោក Dan និង Ryan Friedkin បានបង្ហាញពីការប្តេជ្ញាចិត្តពេញទំហឹងរបស់ពួកគេ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះ និងនាំក្លិបឆ្ពោះទៅរកភាពវិជ្ជមានមួយ។ ខ្ញុំប្រាកដថា ពួកគេ នឹងក្លាយជាម្ចាស់ដ៏អស្ចារ្យនាពេលអនាគតសម្រាប់ក្លិប AS Roma»។
ប្រតិបត្តិការនេះ នឹងឃើញថា ម្ចាស់ក្លិបបច្ចុប្បន្ន AS Roma SPV នឹងលក់ហ៊ុនទាំងអស់ចំនួន ៨៦,៦ ភាគរយ របស់ខ្លួនទៅឲ្យក្រុមហ៊ុនបក្សសម្ព័ន្ធ Friedkin Group។
លោក Dan Friedkin ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបក្សសម្ព័ន្ធនេះ បាននិយាយថា៖ «យើងទាំងអស់គ្នានៅក្រុមហ៊ុន Friedkin Group ពិតជារីករាយណាស់ ដែលបានបោះជំហានទៅមុខ ក្នុងការក្លាយជាផ្នែកមួយនៃទីក្រុង និងក្លិបដ៏ល្បីល្បាញមួយនេះ។ យើងទន្ទឹងរង់ចាំបញ្ចប់ការទិញឲ្យបានឆាប់តាម ដែលអាចធ្វើទៅបាន និងរង់ចាំដាក់ខ្លួនពួកយើងទៅក្នុងគ្រួសារនៃក្រុម AS Roma»៕ AFP/VN