The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Roma តែងតាំង​គ្រូបង្វឹក​ថ្មី​ ដើម្បី​បង្កើត​ភាពខ្លាំង​ឡើងវិញ

Roma តែងតាំង​គ្រូបង្វឹក​ថ្មី​ ដើម្បី​បង្កើត​ភាពខ្លាំង​ឡើងវិញ

Content image - Phnom Penh Post
លោក Fonseca ដែល​នឹង​ត្រូវ​ចូលមក​ដឹកនាំ​ក្លិប Roma​។ រូបថត AFP

Roma តែងតាំង​គ្រូបង្វឹក​ថ្មី​ ដើម្បី​បង្កើត​ភាពខ្លាំង​ឡើងវិញ

ក្រុងរ៉ូមៈ លោក Paulo Fonseca ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​ថ្មី​នៅ​ក្លិប Roma កាលពីដើម​សប្ដាហ៍​នេះ ខណៈ​ក្លិប​លេង​នៅ​ក្របខ័ណ្ឌ Serie A មួយ​នេះ​សម្លឹង​បង្កើត​ភាពខ្លាំង​ឡើងវិញ​ក្រោយពី​បាន​ជួប​រដូវកាល​ដ៏អាប់អួរ ទោះ​ជា​បាន​ឆ្លងកាត់​អ្នក​ចាត់ការ​ចំនួន​ ២ ​នាក់​ក៏ពិតមែន ប៉ុន្តែ​នៅ​តែ​មិន​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ Champions League​។

ក្នុង​របាយការណ៍​របស់​ក្លិប Roma បាន​និយាយ​ថា​អតីត​គ្រូបង្វឹក​នៅ​ក្លិប Shakhtar Donetsk លោក Fonseca ត្រូវ​បាន​ចុះ​កុងត្រា​រយៈពេល​ ២ ​ឆ្នាំ​ជាមួយ​ក្លិប Roma ដែល​មាន​ជម្រើស​បន្ត​កុងត្រា​ថែម​ជា​បន្ត​ទៀត​។

គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​អាយុ​ ៤៦ ​ឆ្នាំ​រូបនេះ​បាន​និយាយ​នៅ​លើ​ប្រព័ន្ធ Twitter របស់​ក្លិប​នេះ​ថា​៖ «​ខ្ញុំ​ពិតជា​រំភើបចិត្ត និង​ចង់​បំពេញ​ភារកិច្ច​នេះ​នៅ​ចំពោះមុខ​យើង​ទាំងអស់​គ្នា​យ៉ាងខ្លាំង​។ ខ្ញុំ​អន្ទះសា​ចង់​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​រ៉ូម ជួប​ក្រុម​អ្នក​គាំទ្រ​របស់​យើង និង​ចាប់ផ្ដើម​ការងារ​នេះ​មែនទែន​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ត​ទៀត​ថា​៖ «​នៅពេល​យើង​រួម​គ្នា ខ្ញុំ​ជឿ​ថា​យើង​អាច​បង្កើត​អ្វីមួយ​អស្ចារ្យ​ជា​មិន​ខាន​»​។

លោក Fonseca ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​រ៉ូម​ក្រោយពី​បាន​បំពេញ​ភារកិច្ច​រយៈពេល​ ៣ ​ឆ្នាំ​នៅ​ក្លិប Shakhtar ជាទី​ដែល​គាត់​បាន​ជួយ​ឲ្យ​ក្លិប​នេះ​បានឈ្នះ​ពាន​ក្នុង​ស្រុក​មួយចំនួន​ជាប់ៗ​គ្នា​បន្ទាប់ពី​បាន​គាត់​បាន​ចូល​ដឹកនាំ​នៅ​ឆ្នាំ​ ២០១៦ ហើយ​គាត់​ក៏​បាន​ជួយ​ឲ្យ​ក្លិប​នៅ​ប្រទេស​អ៊ុយក្រែន​មួយ​នេះ​ឡើង​ដល់​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នៅក្នុង​ក្របខ័ណ្ឌ Champions League នៅ​ឆ្នាំ​ ២០១៨ ផង​ដែរ​។

ចំណែក​ក្លិប Roma វិញ​បាន​ឡើង​ដល់​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League នៅ​ឆ្នាំ​ ២០១៨ ប៉ុន្តែ​សម្រាប់​រដូវកាល​ចុង​ក្រោយ​នេះ​ក្លិប Roma ត្រូវ​បាន​ទម្លាក់​ដោយ​ក្លិប Porto នៅ​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ​ដដែល​នេះ ហើយ​ក្លិប Roma បាន​ចំណាត់ថ្នាក់​លេខ​ ៦ ​នៅ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A ធ្វើឲ្យ​ក្លិប​នេះ​មាន​ឱកាស​លេង​ជា​លើក​ទី​ ២ ​នៅក្នុង​ក្របខ័ណ្ឌ Europa League​។

ក្លិប Roma បាន​បញ្ចប់​រដូវកាល​នេះ​ដោយ​តែងតាំង​លោក Cluadio Ranieri ជា​គ្រូបង្វឹក​បណ្ដោះអាសន្ន​ក្រោយពី​បាន​បណ្ដេញ​លោក Eusebio Di Francesco កាលពី​ដើម​ខែ​មីនា ខណៈ​ប្រធាន​ក្លិប​លោក Monchi កំពុង​សម្លឹង​រក​គ្រូបង្វឹក​ផ្សេងទៀត​បន្ទាប់ពី​លោក Francesco អតីត​គ្រូបង្វឹក​ក្លិប Sassuolo បាន​ចាក​ចេញ​ពី​ក្លិប Roma រួចហើយ​។

តាមពិត​ក្លិប​នេះ​ចង់​បាន​គ្រូបង្វឹក​ ២ ​នាក់​គឺ​ម្នាក់​ជា​អតីត​គ្រូបង្វឹក​នៅ​ក្លិប Chelsea លោក Antonio Conte ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្លិប Inter Milan និង​ម្នាក់​ទៀត​គឺជា​អតីត​គ្រូបង្វឹក​នៅ​ក្លិប Juventus លោក Gian Piero Gasperini ដែល​បាន​សម្រេចចិត្ត​បន្ត​ដឹកនាំ​ក្លិប Atalanta រហូត​មក​ដល់​ពេល​នេះ ក្រោយ​ពី​គាត់​បាន​ដឹកនាំ​ក្រុម​នេះ​ឲ្យ​មាន​រដូវកាល​លីក​ដ៏ល្អ​បំផុត​មិន​ធ្លាប់​មាន​កន្លង​មក និង​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ Champions League នៅ​រដូវកាល​បន្ទាប់​នេះ​ផង​ដែរ​។

ប្រសិន​បើ​គ្មាន​ប្រាក់ចំណូល​ពី​ការប្រកួត​បាល់ទាត់​ដ៏ធំ​បំផុត​នៅ​អឺរ៉ុប​នេះ​ទេ ក្លិប Roma ទំនង​ជា​នឹង​អាច​លក់​ចេញ​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ស្រប​ពេល​ដែល​កីឡាករ Edin Dzeko បាន​ព្រលយ​ថា គាត់​ចង់​ចូលរួម​ជាមួយ​លោក Conte នៅ​ក្លិប Inter Milan​របស់​អ៊ីតាលី​៕ SN

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ​ (WWF) និង​រដ្ឋបាល​ជលផល​ដែល​បាន​រកឃើញថា ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម ត្រី​ខ្លា ត្រី​ក្របី ត្រី​ត្រចៀកដំរី និង​បបែល​យក្ស​ទឹកសាប កំពុង​ត្រូវ​បាន​គេ​ដាក់លក់​នៅ​តាម​ទីផ្សារ​ត្រី​នានា ហើយ​ខ្លះ​បាន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ទាមទារ​ឲ្យ​មាន​ការរឹតបន្តឹង​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ជាង​ពេលណាៗ​ទាំងអស់ ដើម្បី​ការពារ​ត្រី​ជិត​ផុត​ពូជ​ទាំងនោះ​។

  • ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) ដែល​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) បាន​រាយការណ៍​អំពី​ភាពប្រសើរ​ឡើង​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​នេះ ទោះបី​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​ពិភពលោក​ក៏ដោយ​។

  • ភ្នំពេញៈ តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​ជម្រះក្ដី​កំបាំងមុខ​លើ​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​​ ១០ ​នាក់ ​ដែលជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ជាប់ចោទ​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​កាលពី​ចុង​ឆ្នាំ​ ២០១៩ ខណៈ​ដែល​ពួកគេ​កំពុង​នៅ​ក្រៅ​ឃុំ​។

  • ភ្នំពេញ: ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ពី​ម្សិលមិញ​បាន​កោះហៅ​ម្ចាស់​ផលិតកម្ម​មរតក​មេឌៀ​ (Morodok Media) ​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​ការផលិត​វីដេអូ​ចម្រៀង​មាន​ខ្លឹមសារ​ប្រមាថ​ពលរដ្ឋ​ខេត្តព្រៃវែង​តាម​ការស្នើសុំ​របស់​លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង ប៉ុន្ដែ​អ្នកគ្រប់គ្រង​ផលិតកម្ម​នេះ​ថា វីដេអូ​នោះ​គ្រាន់តែ​ចង់​អប់រំ​កុំឲ្យ​រើសអើង​អ្នក​ព្រៃវែង​ប៉ុណ្ណោះ​។

  • ព្រះសីហនុៈ អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​ព្រមាន​ចាត់វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវច្បាប់​ដោយ​គ្មាន​ការលើកលែង​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​កាប់បំផ្លាញ​ព្រៃ​កោងកាង​ដើម្បី​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ខុសច្បាប់​។

  • ត្បូងឃ្មុំ: អ្នកកាប់ជ្រូក​លក់​ចំនួន​ ៧៤ ​គ្រួសារ​នៅ​ផ្សារសួង ខេត្ត​ត្បូងឃ្មុំ​បាន​កំពុង​ទាមទារ​ដល់​អាជ្ញាធរខេត្ត​បញ្ឈប់​ការយក​ពន្ធ​លើ​អាជីវកម្ម​របស់​ពួកគេ​ច្រើន​ហួសហេតុ និង​ផ្ទុយ​ពី​​សេចក្ដី​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ​អាជ្ញាធរ​បាន​អះអាង​លើ​ហេតុផល​ផ្សេង​ក្នុង​ការប្រមូល​ពន្ធ​នេះ​។