ក្រុង​មីឡាន៖ ក្លិប​ Roma កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ចេញ​លិខិត​សុំទោស​ចំពោះ​ក្រុម​អ្នក​គាំទ្រ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ជាតិ​សាសន៍​ទៅ​លើ​ខ្សែ​បម្រើ​អង់គ្លេស​ Ronaldo Vieira នៅ​ក្លិប​ Sampdoria ក្នុង​​ការ​ប្រកួត​ស្មើ​គ្នា​ ០-០ នៃ​ក្របខ័ណ្ឌ Serie A។​

ក្លិប​ Roma បាន​និយាយ​តាម​ប្រព័ន្ធ​ Twitter ថា៖ «​ក្នុង​នាម​ជា​ក្លិប Roma ទាំង​មូល​ យើង​សូម​ធ្វើ​ការ​សុំទោស​កីឡាករ Ronaldo Vieira ចំពោះ​ការ​បំពាន​ជាតិសាសន៍​ទៅ​លើ​រូប​គាត់​»។​

ក្លិប​នេះ​បាន​បន្ថែម​ថា៖ «​ក្រុម​ Roma នឹង​មិន​អនុគ្រោះ​ចំពោះ​ទម្រង់​​ការ​បៀតបៀន​ជាតិសាសន៍​គ្រប់​រូបភាព​ទាំង​អស់​​ ហើយ​ក្លិប​នេះ​នឹង​គាំទ្រ​ឲ្យ​ក្រុម​អាជ្ញាធរ​កំណត់​អត្តសញ្ញាណ​ និង​ឃាត់​ខ្លួន​​បុគ្គល​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ទោស​​កំហុស​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ជាតិ​សាសន៍​ចំពោះ​ខ្សែ​បម្រើ​រូប​នេះ​»។​​

សូម​រំឭក​ថា ជន​បង្ក​ហេតុ​បាន​​ស្រែក​បែប​ចំអក​សំដៅ​ទៅ​រក​កីឡាករ​ Vieira អាយុ ​២១ ​ឆ្នាំ ​នៅ​ចុង​តង់​ទី ​១ ​នៃ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​បាន​ប្រកាស​តាម​ឧបករណ៍​បំពង​សំឡេង​នៅ​កីឡដ្ឋាន​ឲ្យ​ផ្អាក​ទង្វើ​បៀតបៀន​នោះ ​ប៉ុន្តែ​ទង្វើ​នេះ​មិន​បង្ក​ឲ្យ​ផ្អាក​ការ​ប្រកួត​នោះ​ទេ​​។​​​

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​​ក្រោម​អាយុ ​២១ ​ឆ្នាំ​​រូប​នេះ​​ ​កើត​នៅ​​ប្រទេស ហ្គីណេប៊ីសូ​ (Guinea Bissau) ប៉ុន្តែ​រូប​គេ​​បាន​ធំ​ដឹង​ក្ដី​នៅ​ប្រទេស ​ព័រទុយហ្គាល់​ និង​នៅ​អង់គ្លេស​​ ហើយ​បាន​ចូល​រួម​លេង​នៅ​ក្លិប​ Sampdoria នៅ​ប្រទេស ​អ៊ីតាលី ​នៅ​ឆ្នាំ ​២០១៨ ​ក្រោយ​ចេញ​ពី​ក្លិប​ Leeds United។​

កីឡាករ​ Vieira បាន​ប្រាប់​ទូរទស្សន៍​អ៊ីតាលី​ Rai Sport ថា៖ «​រឿង​បែប​នេះ​បាន​កើត​ឡើង​ញឹកញាប់​​ពេក​ទៅ​ហើយ​ ​ដែល​វា​មិន​គួរ​ណា​កើត​ឡើង​បែប​នេះ​ទេ​»។​​​

ក្រោយ​មក​​កីឡាករ​អង់គ្លេស​រូប​នេះ ​បាន​សរសេរ​តាម​ប្រព័ន្ធ​ Instagram ថា៖ «​បាល់​ទាត់​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ដន្ទាទោស​ និង​អប់រំ​មនុស្ស​អាក្រក់​នៅ​ក្នុង​កីឡដ្ឋាន​នៅ​ថ្ងៃ​នេះ​ ហើយ​យ៉ាង​ណា​ក៏​ដោយ វា​ជា​ចំណុច​ល្អ​មួយ​សម្រាប់​ក្រុម​នេះ​ផង​ដែរ​»។​

បន្ទាប់​​មក​ ក្រុម Sampdoria បាន​ថ្លែង​អំណរគុណ​ក្លិប​ Roma តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចំពោះ​សារ​របស់​ពួក​គេ ​ដោយ​សរសេរ​ថា៖ «​សូម​អរគុណ​ ការ​រួប​រួម​គ្នា​តែងតែ​ធ្វើ​ឲ្យ​វិស័យ​បាល់​ទាត់​ល្អ​ប្រសើរ​ ​គឺ​រួម​គ្នា​បញ្ឈប់​ការ​រើស​អើង​ជាតិសាសន៍​​បែប​នេះ​»។​

បញ្ហា​រើស​អើង​ជាតិ​សាសន៍ ​គឺ​ជា​បញ្ហា​ដែល​កើត​ឡើង​ជា​រឿយៗ​នៅ​ក្នុង​វិស័យ​បាល់​ទាត់​នៅ​ប្រទេស ​អ៊ីតាលី​។​

សូម​បញ្ជាក់​ថា​ ក្នុង​រដូវកាល​នេះ​ដែរ​ ខ្សែ​ប្រយុទ្ធ​បែលហ្ស៊ិក​ Romelu Lukaku លេង​នៅ​ក្លិប​ Inter Milan និង​ខ្សែ​បម្រើ​សញ្ជាតិ​កូដឌីវ័រ​ Franck Kessie លេង​នៅ​ក្លិប​ AC Milan បាន​រងគ្រោះ ​ដោយ​ការ​ស្រែក​ចំអក​ពី​ក្រុម​អ្នក​គាំទ្រ​​ ប៉ុន្តែ​គ្មាន​ទណ្ឌកម្ម​ណា​មួយ​ត្រូវ​បាន​អនុវត្ត​នោះ​​ឡើយ​​។​

ទន្ទឹម​នេះ​ដែរ​ ក្លិប Atalanta ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ​១០ ០០០ ​អឺរ៉ូ​ ប្រហែល​ចំនួន​ ​១១​ ០០០ ​ដុល្លារ​អាមេរិក ​នៅ​ដើម​ខែ​នេះ​ពាក់ព័ន្ធ​នឹង​ការ​បៀតបៀន​ជាតិ​សាសន៍​ដែល​ក្រុម​អ្នក​គាំទ្រ​របស់​ក្លិប​នេះ​បាន​ស្រែក​ចំអក​ទៅ​រក​ខ្សែ​ការពារ​ប្រេស៊ីល​ Dalbert នៅ​ក្លិប​ Fiorentina។​ ​

ជាង​នេះ​ទៅ​ទៀត ​កីឡាករ​ Blaise Matuidi, Kalidou Koulibaly និង​កីឡាករ​ Moise Kean ក៏​​ធ្លាប់​ជា​ជន​រងគ្រោះ​នៃ​ការ​បៀតបៀន​ជាតិ​សាសន៍​កាល​ពី​រដូវកាល​មុន​ផង​ដែរ​៕ AFP/SN ​