ក្រុង​អាសង់ស្យុង​: អតីត​វីរ​បុរស​របស់​ក្រុម​ជម្រើសជាតិ​បាល់​ទាត់​​ប្រេស៊ីល Ronaldinho អាច​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរី​ភាព នៅ​ថ្ងៃ​ទី​ ២៤ ខែ​សីហា​ ខាង​មុ​នេះ ក្រោយ​ត្រូវ​ឃុំ​ឃាំង​រយៈ​ពេល ៥​ ខែ​ នៅ​ប្រទេស​ប៉ារ៉ាហ្គាយ ពី​បទ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​មន្ត្រីតុលាការប្រាប់​ AFP កាល​ពី​ថ្ងៃ​ចន្ទ​។​

អតីត​កីឡាករ​របស់​ក្រុម​ធំ​ៗ​នៅ​អឺរ៉ុប ដូច​ជា​ក្រុម Barcelona (អេស្ប៉ាញ), ក្រុម AC Milan (អ៊ីតាលី) និង Paris Saint-Germain (បារាំង) ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជាមួយ​នឹង​បង​ប្រុស​របស់​គេ Roberto de Assis Moreira កាល​ពី​ថ្ងៃ​ទី​ ៦ ខែ​មីនា ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ចូល​ប្រទេស​ប៉ារ៉ាហ្គាយ​ជាមួយ​នឹង​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ​។​

ទាំង ២​ នាក់​បង​ប្អូន បាន​ជាប់​ពន្ធ​នាគារ​ ១ ​ខែ​មុន មុន​នឹង​មាន​ការ​ធានា​ខ្លួន​ ដោយ​ការ​ចំណាយ​ទឹក​ប្រាក់ $​១,៦ លាន ហើយ​ត្រូវ​បាន​ដោះ​លែង​ ដោយ​តម្រូវឲ្យ​មក​ជាប់​ឃុំ​​នៅ​ផ្ទះ​ជំនួស​វិញ នៅ​ឯ​សណ្ឋាគារ​ទំនើប Palmaroga នា​ក្រុង​អាសង់​ស្យុង ដែល​ជា​រដ្ឋ​ធានី​នៃ​ប្រទេស​ប៉ារ៉ាហ្គាយ។ ពេល​នេះ លោក​ចៅ​ក្រម Gustavo Amarilla បាន​កំណត់​ថ្ងៃ​ទី ២៤ ខែ​សីហា ដើម្បី​ធ្វើ​ការ​ជំនុំ​ជម្រះ​ករណី​របស់​បង​ប្អូន​ទាំង ២​ នាក់​។​

ក្រុម​រដ្ឋ​អាជ្ញាបាន​ធ្វើ​ការ​ស្នើ​ទៅ​ចៅ​ក្រម ដែល​នឹង​ឲ្យ​លោក Ronaldinho វ័យ ៤០​ ឆ្នាំ បង់​ប្រាក់​ពិន័យ $​៩០ ០០០ ដើម្បី​ប៉ះ​ប៉ូវ​ការ​ខូខាត​ផ្នែក​សង្គម តែ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ប្រទេស​កំណើត​វិញ ដែល​នៅ​ទីនោះ រូបគេត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ចៅ​ក្រម​រៀង​រាល់ ៣​ ខែ​ម្ដង រយៈ​ពេល ១​ ឆ្នាំ​។

យ៉ាង​ណា​អតីត​កីឡាករ​ឆ្នើម Ronaldinho មកទល់​ពេល​នេះ នៅ​តែ​បដិសេធ​មិន​ដឹង​មិន​ឮ​រឿង​លិខិត​ឆ្លង​ដែន​ហ្នឹង ខណៈ​បង​ប្រុស​របស់​គេដែល​ត្រូវ​បាន​ចោទ​ថា ដឹង​រឿង​នេះនឹង​ត្រូវ​បង់​ប្រាក់​ពិន័យ $​១១០ ០០០ ហើយ​ត្រូវ​មក​បង្ហាញ​វត្តមាន​នៅ​ចំពោះ​មុខ​តុលាការ​រៀង​រាល់ ៣​ ខែ​ម្ដង រយៈ​ពេល ២ ​ឆ្នាំ​។​

បង​ប្អូន​ទាំង ២ ​នាក់ បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​ប៉ារ៉ាហ្គាយ នៅ​ថ្ងៃ​ទី ​៤ ខែ​មីនា ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ ដោយ​លោក Ronaldinho ដែល​ជា​អតីត​ម្ចាស់​ជយ​លាភីពាន Ballon d''Or ឆ្នាំ​ ២០០៥ ត្រៀម​ចូល​រួម​កម្ម​វិធីដែល​ធ្វើ​ឡើង ដើម្បី​គាំទ្រ​ក្មេង​ៗ​ក្រី​ក្រ តែ​ភ្លាមៗ ​ក្រោយ​ពី​ការ​មក​ដល់​ហ្នឹង ពួក​គេក៏​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​មន្ទី​រ​ឃុំ​ឃាំង​របស់​ប៉ូលិស ពេល​មាន​ក្រុម​អ្នក​ស៊ើបសម្រុក​ចោល​សណ្ឋាគារ​របស់​ពួក​គេ ក្រោយ​រក​ឃើញ​ថា ២​ នាក់​បង​ប្អូន​ហ្នឹង បាន​ក្លែង​បន្លំ​ឯក​សារ​៕ AFP/VN