The Phnom Penh Post Search

Search form

Ronaldo បន្ត​រក​គ្រាប់​បាល់ ខណៈ Juventus នាំមុខ​ ១១ ​ពិន្ទុ

Content image - Phnom Penh Post
Cristiano Ronaldo (​ឆ្វេង​) របស់ Juventus និង Pol Lirola របស់ Sassuolo​។ AFP

Ronaldo បន្ត​រក​គ្រាប់​បាល់ ខណៈ Juventus នាំមុខ​ ១១ ​ពិន្ទុ

ក្រុងមីឡាន: ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន​គ្រាប់​បាល់​ទី​​ ១៨ ​របស់​គេ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លីក​នៅ​រដូវកាល​នេះ ខណៈ​ដែល​ក្រុម Juventus បាន​ស្តារ​មុខមាត់​ពី​ការបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​កាលពី​សប្តាហ៍​មុន ដើម្បី​នាំមុខ​ ១១ ​ពិន្ទុ​ដាច់​នៅ​លើ​តារាង​ក្របខ័ណ្ឌ Serie A កាលពី​ថ្ងៃ​អាទិត្យ​ក្រោយពី​បាន​យក​ឈ្នះ​លើ​ក្រុម Sassuolo ក្នុង​លទ្ធផល ៣-០​។

Ronaldo បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី បន្ទាប់ពី​នាទី​ទី​ ៧០ ខណៈ​ដែល​ខ្សែបម្រើ Sami Khedira បាន​រក​គ្រាប់​បាល់​បើក​ឆាក​ក្នុង​ទីក្រុង Modena ខណៈ​ដែល​ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់ Emre Can បាន​រក​គ្រាប់​បាល់​ទី​ ៣ នៅ​រយៈពេល​ ៤ ​នាទី​ចុងក្រោយ​។

ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Serie A មួយ​នេះ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ជាមួយ​នឹង​ក្រុម Parma កាលពី​សប្តាហ៍​មុន បើ​ទោះបី​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រទុយហ្គាល់ Ronaldo រក​បាន ​២ ​គ្រាប់​ក៏ដោយ​។ បច្ចុប្បន្ន​ពួកគេ​បាន​ធ្វើឲ្យ​ក្រុម​ឈរ​លេខ​ ២ Napoli ដេញ​តាម​ពីក្រោយ​យ៉ាង​ឆ្ងាយ​ក្រោយពី​ក្រុម​របស់​លោក Carlo Ancelotti បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ០-០ នៅ​លើ​ទឹកដី​ក្រុម Fiorentina កាលពី​ថ្ងៃ​សៅរ៍​។

ខ្សែប្រយុទ្ធ Paulo Dybala បាន​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង​ម្តង​ទៀត មុន​នឹង​ចូល​លេង​នៅ​ចុង​ម៉ោង​សម្រាប់​ក្រុម Juventus ដើម្បី​ជួយ​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​ទី​ ៣ ខណៈ​លោកគ្រូ​បង្វឹក Massimiliano Allegri បាន​និយាយ​ថា លោក​ត្រូវ​តែ​ស្វែងរក​តុល្យភាព​ដ៏ត្រឹមត្រូវ​។ លោក Allegri បាន​ឲ្យ​ដឹង​ថា​៖ «Ronaldo និង Dybala ពិតជា​អាច​លេង​ជាមួយ​គ្នា​បាន ហើយ​ពួកគេ​នឹង​ធ្វើ​បាន ប៉ុន្តែ​យើង​ត្រូវតែ​ឲ្យ​គ្រប់​គ្នា​ខិតខំ​ព្យាយាម ដើម្បី​រក្សា​ធ្វើឲ្យ​ក្រុម​នេះ​មាន​តុល្យភាព​»​។ លោក​បាន​បន្ថែម​ទៀត​ថា​៖ «​វា​អាស្រ័យ​ទៅ​លើ​អ្នក​ដែល​លេង​ជាមួយ​។ ក្រុម Sassuolo មាន​តំបន់​បម្រើ​យ៉ាង​រឹងមាំ ហេតុនេះ​ខ្ញុំ​ត្រូវ​តែ​ធ្វើឲ្យ​ក្រុម​របស់​ខ្ញុំ​មាន​តុល្យភាព​នៅ​ថ្ងៃ​នោះ​។

កីឡាករ​ពិតជា​ខក​ចិត្ត ប៉ុន្តែ​ពេល​នេះ​និង​ក្រោយ​មក​ទៀត​ការអង្គុយ​ស្ថិត​ជា​កីឡាករ​បម្រុង​ពិតជា​សំខាន់​ក្នុង​ការប្រមូល​កម្លាំង​មក​វិញ និង​ស្វែងរក​ភាពរឹងមាំ​ផ្នែក​ស្មារតី​ដ៏ត្រឹមត្រូវ​»​។

Juventus បាន​ចាប់ផ្តើម​មិន​បាន​ល្អ​ឡើយ ខណៈ​ដែល​អ្នក​ចាំទី Wojciech Szczesny បាន​សង្គ្រោះ​បាល់​ ២ ​លើក​ក្នុង​ពេល​ប្រកួត​បាន​ប៉ុន្មាន​នាទី​ដំបូង ខណៈ​ដែល​ក្រុម​ម្ចាស់​ជើងឯក​មួយ​នេះ​បាន​អវត្តមាន​ខ្សែការពារ Leonardo Bonucci និង Giorgio Chiellini ដោយសារ​តែ​របួស​។ តារា​ឆ្នើម​ទាំង​ ២ នឹង​ត្រូវ​ព្យាយាម​ស្វែងរក​ភាពរឹងមាំ​ឲ្យ​ទាន់​ពេល​សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ Champions League របស់​ក្រុម Juventus ក្នុង​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នៅ​លើ​ទឹកដី​ក្រុម Atletico Madrid នៅ​រយៈពេល​ ១០ ​ថ្ងៃ​ទៀត​។

Juventus បាន​រក​បាន​គ្រាប់​បាល់​បើក​ឆាក​ក្រោយពី​អ្នក​ចាំទី Andrea Consigli របស់ Sassuolo បាន​ព្យាយាម​រុញ​បាល់​ពី​ការ​ស៊ុត​របស់ Ronaldo ឲ្យ​ទៅ​ឆ្ងាយ ប៉ុន្តែ​ទៅ​ធ្លាក់ចំ​ពី​មុខ​ជើង​របស់ Khedira ដែល​បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​នៅ​នាទី​ទី​ ២៣ ​តែ​ម្តង​។

វា​គឺជា​គ្រាប់​បាល់​ទី​ ២ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លីក​របស់​កីឡាករ​អាល្លឺម៉ង់​រូបនេះ បើ​គិត​ចាប់​តាំងពី​ថ្ងៃទី​ ១៨ ខែ​សីហា ឆ្នាំ​ ២០១៨៕ IS

អត្ថបទគួរចាប់អារម្មណ៍