ទី​ក្រុងរ៉ូម៖ តារា​បាល់ទាត់​ Cristiano Ronaldo បាន​ប្រឈម​មុខ​នឹង​អ្នក​គាំទ្រ​ដែល​បាន​ដើរ​​ចូល​​ទីលាន​ប្រកួត​ចំនួន ​២ ​នាក់ ​ក្នុង​នោះ​មាន​ម្នាក់​ចង់​ថតរូប​ជាមួយ​រូប​គេ​ផង​ដែរ ​ក្រោយ​ពី​ក្លិប Juventus បាន​ប្រកួត​ឈ្នះ​ក្លិប Bayer Leverkusen ២-០ ក្នុង​ក្របខ័ណ្ឌ​ Champions League ​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​​។​

តារា​បាល់​ទាត់​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​ប្រឈម​មុខ​នឹង​អ្នក​គាំទ្រ​ទី ​១ ​នៅ​ពេល​អ្នក​គាំទ្រ​រូប​នោះ​បាន​រត់​សំដៅ​ទៅ​រក​រូប​គេ​ក្នុង​បំណង​ចង់​ចាប់​ឱប ​ដើម្បី​អបអរ​រូប​គេ​ដែល​បាន​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ​។​

បន្ទាប់​មក​ទៀត​មាន​អ្នក​គាំទ្រ​ទី ​២ ​ម្នាក់​ទៀត​ស្លៀក​ពាក់​ខ្មៅ​បាន​រត់​កាត់​ទីលាន​ Bay Arena ដើម្បី​ថតរូប​ជាមួយ​រូប​គេ​ ប៉ុន្តែ​កីឡាករ​ឆ្នើម​រូប​នេះ​បាន​ខឹង​សម្បា​ព្រម​ទាំង​បាន​រុញ​អ្នក​គាំទ្រ​នោះ​ចេញ​ពី​ខ្លួន ​នៅ​មុន​ពេល​បុគ្គលិក​សន្តិសុខ​​បាន​ធ្វើ​អន្តរាគមន៍​។​​

ក្នុង​ការ​ប្រកួត​នេះ កីឡាករ​ Ronaldo រក​បាន​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទី ​៧៥​ និង​ជា​គ្រាប់​ទី ​២ ​របស់​ខ្លួន​ក្នុង​ក្រប​ខ័ណ្ឌ Champions League នៅ​រដូវកាល​នេះ​សម្រាប់​ក្រុម Juventus ហើយ​ក៏​ជា​គ្រាប់​បាល់​ទី ​១២៨ ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ទាំង​អស់​ផង​ដែរ​។​

បន្ទាប់​មក​នៅ​នាទី​ទី ៩០ កីឡាករ​ Gonzalo Higuain បាន​បន្ថែម ​១ ​គ្រាប់​ទៀត ដើម្បី​ជួយ​ឲ្យ​ក្លិប​នេះ​បាន ​៣ ​ពិន្ទុ​ពេញ ​និង​​ឈរ​នៅ​លើ​កំពូល​តារាង​ដោយ​សុវតិ្ថភាព​នៅ​ក្នុង​ពូល​ D ព្រម​ទាំង​​បាន​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​​ទៀត​ផង​។​​

អ្នក​ចាំទី​ Gianluigi Buffon នៅ​ក្លិប Juventus បាន​សរសើរ​កីឡាករ​ Ronaldo និង​កីឡាករ​​ Gonzalo ចំពោះ​ការ​បង្ហាញ​ទម្រង់​លេង​រួម​គ្នា​បាន​ល្អ​រហូត​​រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ដើម្បី​ជួយ​ឲ្យ​ក្រុម Juventus ឈ្នះ​ក្រុម Bayer​​។

អ្នក​ចាំទី Buffon បាន​ប្រាប់​ Sky Sport Italia ថា៖ «​ប្រសិន​បើ​យើង​បង្ហា​ញ​ទម្រង់​លេង​ល្អ​បែប​នេះ​រហូត​ ខ្ញុំ​ជឿ​ជាក់​ថា យើង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ទាំង​អស់​ប៉ុន្តែ​ប្រសិន​បើ​យើង​​មាន​ទម្រង់​លេង​បែប​ខ្ជីខ្ជា​នោះ ​យើង​នឹង​មាន​បញ្ហា​»។​

អ្នក​ចាំទី​រូប​នេះ​បាន​បន្ថែម​ថា៖ «វា​ជា​សញ្ញា​មិន​ល្អ​ទេ​ ​នៅ​ពេល​​អ្នក​បាន​ដើរ​ចូល​ទីលាន​ប្រយុទ្ធ​​ទាំង​គ្មាន​ឆន្ទៈ​ច្បាស់​លាស់​នោះ​ ហើយ​ប្រសិន​បើ​អ្នក​មាន​អាយុ​ខ្ទង់ ​២០ ​ឆ្នាំ​ សូម​អ្នក​​គិត​ថា អ្នក​មាន​អាយុ​ខ្ទង់ ​៤០ ​ឆ្នាំ​ហើយ​»។​

អ្នក​ចាំទី Buffon បាន​បន្ថែម​ថា៖ «​ខ្ញុំ​ពេញ​ចិត្ត​ដែល​យើង​មាន​គំរូ​ដូច​ជា​កីឡាករ Ronaldo និង​ Higuain ក្នុង​ការ​​​បង្ហាញ​ទម្រង់​លេង​ល្អ​​ ក្រឹត្យ​ក្រម​ការងារ​ និង​ការ​លះ​បង់​សម្រាប់​ក្រុម​នេះ​»។​​

ទន្ទឹម​នោះ​ដែរ​ ក្រុម​ Atalanta ​បាន​កក់​កៅអី​របស់​ខ្លួន​សម្រាប់​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​ក្របខ័ណ្ឌ Champions League ផង​ដែរ ​ក្រោយ​ពី​បាន​ឈ្នះ​នៅ​ក្រៅ​ទឹក​ដី​ទៅ​លើ​ក្រុម​ Shakhtar Donetsk នៅ​រាត្រី​ថ្ងៃ​​នោះ​ដែរ ​បើ​ទោះ​ជា​បាន​តែ ​១ ​ពិន្ទុ ​ពី​ការ​ប្រកួត ​៤ ​លើក​ដំបូង​ក្នុង​ពូល​ C ក្ដី​​។​

អ្នក​ចាំទី​ Buffon បាន​បន្ថែម​ថា៖ «​ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ ​ធ្វើ​ការ​អបអរ​ចំពោះ​ក្លិប Napoli និង​ក្រុម Atalanta ផង​ដែរ ​ចំពោះ​អ្វី​ដែល​ពួក​គេ​សម្រេច​បាន​គឺ​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​នេះ​តែ​ម្ដង​»។​

អ្នក​ចាំទី​ដដែល​នេះ​បាន​បន្ត​ថា៖ «​ខ្ញុំ​បាន​ផ្ញើសារ​ទៅ​គ្រូ​បង្វឹក​ក្លិប​ Atalanta គឺ​លោក​​ Gian Peiro Gasperini ក្រោយ​ពី​ការ​ប្រកួត ​២ ​លើក​ដំបូង​ ហើយ​បាន​ប្រាប់​ឲ្យ​គាត់​ជឿ​ជាក់​ក្រុម​ខ្លួន​ឯង ​ព្រោះ​ពួក​គេ​ជា​ក្រុម​ល្អ​ដែល​អាច​ឈ្នះ​ក្រុម​ណា​ក៏​បាន​ ហើយ​ក៏​អាច​ចាញ់​ដែរ​ ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ ​គឺ​ពួក​គេ​អាច​ឈ្នះ​ក្រុម​ណា​ក៏​បាន​ដែរ​»។​

អ្នក​ចាំទី Buffon បាន​បន្ត​ទៀត​ថា៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ពួក​គេ​បាន​ឡើង​ទៅ​វគ្គ​បន្ត ​១៦ ​ក្រុម​ចុង​ក្រោយ​​ ហើយ​​​វា​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ពួក​គេ​ផង​ដែរ​​»៕ AFP/SN​