Cristiano Ronaldo បាន​វិល​ទៅកាន់​ទីក្រុង​ម៉ាឌ្រីដ​វិញ ដើម្បី​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ ខណៈ​ដែល​រូបគេ​អាច​នឹង​រងពិន័យ​ជា​ទឹកប្រាក់​ ១៨,៨ ​លាន​អឺរ៉ូ (​ស្មើនឹង​ ២១,៤ ​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ការបន្លំ​ការបង់ពន្ធ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ព្រមព្រៀង​គ្នា​មួយ​ជាមួយ​នឹង​មន្ត្រី​ពន្ធដារ​អេស្ប៉ាញ​។

ក្នុង​នាម​ជា​ផ្នែក​នៃ​ការព្រមព្រៀង​គ្នា​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ខែ​មិថុនា​ជាមួយ​នឹង​មេធាវី​របស់​វីរបុរស​នៃ​ក្លិប Real Madrid រូបនេះ​មន្ត្រី​រដ្ឋអាជ្ញា​ក៏​បាន​ស្នើសុំ​ថា ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រទុយហ្គាល់​រូបនេះ​ដែល​បាន​ចាកចេញ​ពី​ក្លិប​យក្ស​របស់​អេស្ប៉ាញ​ទៅកាន់​ក្លិប Juventus របស់​អ៊ីតាលី​កាលពី​រដូវក្តៅ​មុន​នោះ​គួរតែ​រង​នូវ​ការកាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល​ ២៣ ​ខែ​។

ប៉ុន្តែ Ronaldo នឹង​មិន​ចំណាយ​ពេល​សូម្បីតែ​ ១ ​ថ្ងៃ​ក្នុង​គុក​ឡើយ ខណៈ​ការកាត់ទោស​ឲ្យ​ជាប់គុក​តិច​ជាង​ ២ ​ឆ្នាំ​ជាទូទៅ​ត្រូវ​បាន​ព្យួរ​នៅ​អេស្ប៉ាញ​សម្រាប់​ការប្រព្រឹត្ត​កំហុស​ជា​លើក​ទី​ ១ ​ក្នុង​បទឧក្រិដ្ឋ​គ្មាន​អំពើ​ហិង្សា​៕ IS