ក្រុង​មីឡាន៖ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និង​កីឡាករ​ Miralem Pjanic បាន​ជួយ​ឲ្យ​ក្រុម Juventus ​​ឈ្នះ​ក្រុម​ Bologna ២-១ ដើម្បី​ឈរ​នៅ​លើ​កំពូល​តារាង​​នៃ​ក្រប​​ខ័ណ្ឌ​អ៊ីតាលី​ Serie A កាល​ពី​ថ្ងៃ​សៅរ៍​។​​​

កីឡាករ​ Ronaldo បាន​បើក​ឆាក ​១ គ្រាប់ នៅ​នាទី​ទី ១៩ ​ជា​គ្រាប់​បាល់​ទី ​៧០១ ​របស់​ខ្លួន​​ក្នុង​​ប្រកួត​ទាំង​អស់​ ហើយ​កីឡាករ​ Danilo រក​បាន​ ១ ​គ្រាប់​វិញ ​សម្រាប់​ក្រុម​ Bologna ក្នុង​នាទី​ទី ​២៦​ ប៉ុន្តែ​នៅ​នាទី​ទី ​៥៤​ កីឡាករ​​ Pjanic បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​ឲ្យ​​ម្ចាស់​ជើង​អ៊ីតាលី​​ធ្វើ​ឲ្យ​ឈ្នះ​ Bologna ២-១។​

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្លិប Juve មាន ​២២ ​ពិន្ទុ​ក្នុង ​៨ ​ប្រកួត ​និង​​កំពុង​នាំ​មុខ​ដាច់ ​៤ ​ពិន្ទុ​ទៅ​លើ​ក្រុម​ Inter Milan ​​ដែល​ឈរ​នៅ​លេខ ​២ ​​ជាមួយ​ការ​នៅ​សល់​ ​១​ ប្រកួត​ទៀត​។​

ចំណែក​ក្រុម​ Atalanta ​ស្ថិត​នៅ​លេខ​ទី ​​៣​ ​ក្រោយ​ពី​បាន​ខ្ជះខ្ជាយ​គ្រាប់​បាល់​នាំ​មុខ ​៣ ​គ្រាប់​ដោយ​ធ្វើ​ឲ្យ​ក្រុម Lazio បាន​តាម​ស្មើ​វិញ​ ៣-៣ ខណៈ​​ក្រុម​ Napoli បាន​ឈរ​នៅ​លេខ ៤ ​នៅ​ក្នុង​ក្របខ័ណ្ឌ Serie A នេះ​ដែរ​​។​​

គ្រូ​បង្វឹក​ក្លិប Juventus លោក Maurizio Sarri ដែល​ក្រុម​របស់​គាត់​នឹង​ស្វាគមន៍​ក្រុម Lokomotiv Moscow ក្នុង​​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League នៅថ្ងៃ​អង្គារ​ បាន​និយាយ​ថា​៖ «​​នេះ​ជា​ផ្លូវ​ត្រឹមត្រូវ​ហើយ​ ​ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ការ​បន្ត​ថែម​ទៀត ​​ព្រោះ​វា​ជា​ការ​ប្រកួត​ល្អ​មួយ​មែន ​ប៉ុន្តែ​យើង​នៅ​តែ​មាន​កំហុស​ខ្លះៗ​នៅ​ឡើយ​​»។​

គ្រូ​បង្វឹក​ក្រុម Bologna លោក Sinisa Mihajlovic បាន​ត្រឡប់​ទៅ​ចូលរួម​ការ​ប្រកួត​នេះ​នៅ​ក្នុង​ទីក្រុង​ទូរីន ​ប្រទេស ​អ៊ីតាលី ​ក្រោយ​ពី​បាន​សម្រាក​ព្យាបាល​ជំងឺ​មហារីក​របស់​គាត់​ជា​លើក​ទី ​២ ​រួច​ហើយ​។​

ចំណែក​គ្រូ​បង្វឹក​ក្រុម​ Atalanta លោក​ Gian Piero Gasperini បាន​និយាយ​ដោយ​​ធ្វើ​ការ​រិះគន់​​ថា៖ «​ជា​ការ​ពិន័យ​បាល់ ​១១ ​ម៉ែត្រ ​គឺ​គ្មាន​នរណា​អាច​យល់​ពី​រឿង​​មួយ​នេះ​ទេ​សព្វ​ថ្ងៃ​នេះ​»។​​​​

ទន្ទឹម​នេះ​ដែរ​ ក្លិប​ Barcelona បាន​ត្រឡប់​ទៅ​ឈរ​​លើ​កំពូល​តារាង​ជា​ថ្មី​​ពី​ថ្ងៃ​សៅរ៍​ ប៉ុន្តែ​​បាន​ចោទ​ជា​បញ្ហា​សម្រាប់​ក្រុម Real Madrid ក្រោយ​ពី​​បាន​ចាញ់​ជា​លើក​ដំបូង​ក្នុង​ប្រកួត​ជាមួយ​ក្រុម​ Real Mallorca ​ក្នុង​​ក្របខ័ណ្ឌ​អេស្ប៉ាញ​ La Liga នៅ​រដូវកាល​នេះ​។​

ក្លិប​ Barcelona បាន​ប្រកួត​ឈ្នះ​ក្លិប​ Eibar ៣-០​ ដែល​គ្រាប់​ទី ​១ ​រក​បាន​ដោយ​កីឡាករ​ Griezmann ទី ​២ ​ដោយ​កីឡាករ Messi និង​ទី ​៣ ​គឺ​ជា​របស់​​កីឡាករ​ Suarez។​

ចំណែក​កីឡាករ L. Junior រក​បាន​តែ ​១ ​គ្រាប់ ​ក្នុង​នាទី​ទី ​៧ ​ដើម្បី​ជួយ​ឲ្យ​ក្រុម​​​​ Mallorca ឈ្នះ​​ក្រុម Madrid ​របស់​លោក Zinedine Zidane ​ពី​ថ្ងៃ​សៅរ៍​។​

គ្រូ​បង្វឹក​លោក Zidane បាន​និយាយ​ថា៖ «​បញ្ហា​គឺ​ថា យើង​ត្រូវ​បង្ហាញ​រាល់ ​៣ ថ្ងៃ​ម្ដង​ពី​ទម្រង់​លេង​ល្អ​របស់​យើង ​ប៉ុន្តែ​នោះ​ជា​អ្វី​​មួយ​ដែល​យើង​មិន​ចង់​បាន​នោះ​ទេ​ គឺ​យើង​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​។ ​យើង​ត្រូវ​តែ​ដាក់​ជីវិត​របស់​យើង​ឲ្យ​ខ្លាំង​ថែម​ទៀត​នៅ​ក្នុង​ការ​ប្រកួត​របស់​យើង​ប្រសិន​បើ​យើង​ចង់​សម្រេច​បាន​អ្វី​មួយ​នៅ​​ក្នុង​រដូវកាល​​នេះ​»៕ AFP/SN