The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Ronaldo ​រក​បាន ​៤ ​គ្រាប់​ ខណៈ​ព័រទុយហ្គាល់​ ឈ្នះ​​លីទុយអានី

Ronaldo ​រក​បាន ​៤ ​គ្រាប់​ ខណៈ​ព័រទុយហ្គាល់​ ឈ្នះ​​លីទុយអានី

Content image - Phnom Penh Post
Ronaldo ស៊ុត​បាល់​ពិន័យ​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ជម្រុះ Euro 2020 កាល​ពី​ថ្ងៃ​អង្គារ​។ រូបថត AFP

Ronaldo ​រក​បាន ​៤ ​គ្រាប់​ ខណៈ​ព័រទុយហ្គាល់​ ឈ្នះ​​លីទុយអានី

ក្រុង​ប៉ារីស៖​ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​​ឈ្នះ​​ជម្រើស​ជាតិ​​លីទុយអានី​​ ៥-១ ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro 2020 ​ពីថ្ងៃ​អង្គារ​ ខណៈ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo រក​បាន ​៤ ​គ្រាប់​តែ​ម្នាក់​ឯង។​

ប្រធាន​ក្រុម ​និង​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Ronaldo នៃ​​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ បាន​​បង្ហាញ​ខ្លួន​​អន្តរជាតិ​លើក​ទី ​១៦០​ រក​បាន ​៤ ​គ្រាប់​តែ​ម្នាក់​ឯង ​នៅ​ក្នុង​ទីក្រុង​ Vilnius ប្រទេស ​លីទុយអានី​​ ​ធ្វើ​ឲ្យ​ពួក​គេ​ពង្រឹង​ជំហរ​​ថែម​ទៀត​នៅ​ក្នុង​ពូល​ B ក្រោយ​ពី​​ចាប់​ផ្ដើម​​យឺតយ៉ាវ​​​បន្តិច​។​ ​

នេះ​​ជា​លើក​ទី ​២ ​ហើយ​ដែល Ronaldo ​រក​បាន ​៣ ​គ្រាប់ ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ ៣ ​លើក​ ហើយ​ជ័យជម្នះ​នេះ​​បាន​ធ្វើ​ឲ្យ​ក្រុម​ព័រទុយហ្គាល់​តាម​ពី​ក្រោយ​ក្រុម​អ៊ុយក្រែន​ ៥ ​ពិន្ទុ ​ដែល​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​ពូល​ B មាន ​១៣ ​ពិន្ទុ ​ក្នុង ​៤ ​ប្រកួត​។​

ក្រុម​ព័រទុយហ្គាល់​ដែល​បាន​បើក​ឆាក​ស្មើ​គ្នា​​​ក្នុង​ការ​​ប្រកួត​ក្នុង​ទឹក​ដី​ខ្លួន​ឯង​​ជាមួយ​ក្រុម​អ៊ុយក្រែន ​និង​ក្រុម​ស៊ែប៊ី​នោះ​បាន​ចាប់​ផ្ដើម​ល្អ​ឡើង​វិញ​ជា​មួយ​ជ័យ​ជម្នះ​ក្រៅ​ទឹក​ដី​​នៅ​ក្នុង​ទីក្រុង​ Belgrade ប្រទេស ស៊ែប៊ី​ ​ពី​ថ្ងៃ​សៅរ៍​ ខណៈ​ពួក​គេ​នៅ​សល់ ​១ ​ប្រកួត​ទៀត​​នៅ​ក្នុង​ពូល​នេះ​។​

លោក Fernando Santos គ្រូបង្វឹក​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បាន​និយាយ​ថា៖ «​ឥឡូវ​យើង​ល្អ​ប្រសើរ​ជាង​មុន​​ព្រោះ​យើង​បាន​ឈ្នះ​ការ​ប្រកួត​មួយ​ចំនួន​ ហើយ​យើង​បាន​រក្សា​កៅ​អី​ក្រោយ​ពី​បាន​ឈ្នះ​ក្រុម​ស៊ែប៊ី​​​ បើ​ដូច្នេះ​ទេ​​ជ័យជម្នះ​នេះ​នឹង​គ្មាន​ន័យ​ចំពោះ​យើង​ទេ​ ខណៈ​យើង​ឡើង​កាន់​តែ​ខ្ពស់​ជាង​មុន​»។​

ចំណែក​ជម្រើស​ជាតិ​ស៊ែប៊ី​​បាន​ប្រកួត​ឈ្នះ​ជម្រើស​ជាតិ​លុច​សំបួ ៣-១ ដែល​ក្នុង​នោះ​កីឡាករ​ Aleksandar Mitrovic រក​បាន​ ​២ ​​គ្រាប់ ​​ដើម្បី​ជួយ​ឲ្យ​ក្រុម​ស៊ែប៊ី​រក្សា​តំណែង​ខ្លួន​នៅ​លេខ ​៣ ​នៃ​ពូល​ B មាន ៧ ​ពិន្ទុ​ក្នុង ​៥​​ប្រកួត​តាម​ពី​ក្រោយ​ក្រុម​ព័រទុយហ្គាល់ ​ដែល​មាន ​៨ ​ពិន្ទុ​។​​

ទន្ទឹម​នេះ​ដែរ​ ជម្រើស​ជាតិ​បារាំង​បាន​ឈ្នះ​​ជម្រើស​ជាតិ​ អង់ដូរ៉ា ​៣-០ ​​ហើយ​នេះ​ជា​ការ​ប្រកួត​លើក​ទី ​១០០ ​របស់​ក្រុម​​បារាំង ​ដែល​បាន​ធ្វើ​នៅ​កីឡដ្ឋាន​ Stade de France នៅ​ប្រទេស ​បារាំង កាល​​ពី​ថ្ងៃ​អង្គារ​។​

កីឡាករ​វ័យ​ក្មេង​ Antoine Griezmann បាន​ស៊ុត​បាល់​ពិន័យ ​១១ ​ម៉ែត្រ ​មិន​បាន​ល្អ​​ជា​លើក​ទី​២ ​សម្រាប់​ជម្រើសជាតិ​ដោយ​ត្រូវ​បាន​​អ្នក​ចាំទី​ក្រុម​អង់ដូរ៉ា​ សង្គ្រោះ​បាន​យ៉ាង​​ល្អ​ ​ប៉ុន្តែ​កីឡាករ​ Kinglsey Coman, Clement Lenglet, និង​Wissam Ben Yedder រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ជួយ​​ឲ្យ​ក្រុម​បារាំង​បាន ​៣ ​ពិន្ទុ​​ទៀត ​ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro 2020។​​

កីឡាករ Griezmann បាន​និយាយ​ថា៖ «​វា​ពិត​ជា​គួរ​ឲ្យ​អាម៉ាស់​មុខ​​ខ្លាំង​ណាស់​។ ខ្ញុំ​នឹង​​ព្យាយាម​ហ្វឹកហាត់​បន្ថែម​ទៀត​។ អ្នក​មិន​អាច​ធ្វើ​បាន​ល្អ​នៅ​គ្រប់​ពេល​នោះ​ទេ​»។​​

កីឡាករ Coman ដែល​រក​បាន ​២ ​គ្រាប់ ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​អាល់បានី​ពី​ថ្ងៃ​សៅរ៍​នោះ ​បាន​ប្រាប់​ទូរទស្សន៍​ TF1 ថា៖ «​វា​ជា​សប្ដាហ៍​ល្អ​បំផុត​មួយ​ព្រោះ​វា​បាន​ប្រព្រឹត្ត​ទៅ​ល្អ​ទាំង​​​រូប​ខ្ញុំ​ផ្ទាល់​​ និង​ក្រុម​ផង​ដែរ​»។​​

ស្រប​ពេល​នេះ​ដែរ​ កីឡាករ Cenk Tosun រក​បាន ​២ ​គ្រាប់ ​ខណៈ​​ជម្រើស​ជាតិ​តួកគី​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ុលដាវី ៤-០ ​ក្នុង​ទីក្រុង Chisinau ប្រទេស ​ម៉ុលដាវី ​ពី​ថ្ងៃ​អង្គារ​ ខណៈ​ជម្រើស​ជាតិ​អ៊ីស្លង់​ បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​អាល់បានី​ យ៉ាង​ចាស់​ដៃ ២-៤។​

សម្រាប់​ចំណាត់​ថ្នាក់​ក្នុង​ពូល​​ H ក្នុង ​៦ ​ប្រកួត​ដូច​គ្នា​គិត​ត្រឹម​​​ពី​ថ្ងៃ​អង្គារ គឺ​ក្រុម​តួកគី​ឈរ​នៅ​កំពូល​តារាង​ មាន ​១៥ ​ពិន្ទុ​​ ក្រុម​បារាំង ឈរ​នៅ​​​លេខ ​២ មាន ​១៥ ​ពិន្ទុ​ ក្រុម​អ៊ីស្លង់​ បាន​លេខ ​៣ ​ មាន ​១២ ​ពិន្ទុ​ ហើយ​លេខ ​៤ ​បាន​ទៅ​លើ​ក្រុម​អាល់បានី​ ដែល​មាន ៩ ​ពិន្ទុ​ក្នុង​ដៃ​៕ AFP/SN ​​​

អត្ថបទគួរចាប់អារម្មណ៍