ប៉ារីស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo មានការរីករាយខ្លាំងចំពោះការរកឃើញគ្រាប់បាល់ទី ១០១ ឲ្យក្រុមជម្រើសជាតិ បន្ទាប់ពីរូបគេស៊ុតបញ្ចូលទី ២ គ្រាប់យ៉ាងអស្ចារ្យ ជួយឲ្យក្រុមព័រទុយហ្គាល់ ឈ្នះម្ចាស់ផ្ទះស៊ុយអែត ដែលសល់គ្នា ១០ នាក់ ២-០ នាការប្រកួត Nations League កាលពីថ្ងៃអង្គារ ខណៈបារាំងបានបំបាក់ក្រុមក្រូអាស៊ី ៤-២ ដែលជាលទ្ធផលដូចនៅ World Cup 2018 វគ្គផ្ដាច់ព្រ័ត្រនៅរុស្ស៊ីដែរ។
កីឡាករ Ronaldo ដែលបច្ចុប្បន្ននេះ ជាសមាជិករបស់ក្រុមសេះបង្កង់ Juventus បានរកឃើញគ្រាប់ទី ១០០ របស់ខ្លួន ដោយការស៊ុតបាល់ហ្រ្វ៊ីឃីកកោងចូលទីយ៉ាងស្អាតចម្ងាយ ២៥ និង ២៣ ម៉ែត្រ នៅចុងតង់ទី១ ខណៈគ្រាប់ទី ១០១ របស់កីឡាករឆ្នើមវ័យ ៣៥ ឆ្នាំរូបនេះ កើតមាននៅនាទីទី៧២ ដោយអតីតកីឡាកររបស់ក្រុម Man United និង Real Madrid រូបនេះ បានបញ្ចប់ទីជាមួយនឹងការស៊ុតប្រកបដោយបច្ចេកទេសគួរឲ្យស្ងើចសរសើរ។
ក្រោយធ្វើបានសម្រេច ២ គ្រាប់នេះ Ronaldo និយាយទៅកាន់ទូរទស្សន៍រដ្ឋប្រទេសព័រទុយហ្គាល់ RTP ថា៖ «វាជាគ្រាប់បាល់ ២ គ្រាប់ដ៏សំខាន់ ព្រោះបង្ហាញឲ្យឃើញថា ខ្ញុំបានឈានដល់ចំណុច ដែលខ្ញុំកំពុងតាមរក។ ខ្ញុំរីករាយណាស់ ព្រោះក្រុមឈ្នះ ហើយប្រាកដណាស់ការស៊ុតបញ្ចូលទីគ្រាប់ទី១០០ និងទី១០១ គឺជាគ្រាប់បាល់ដ៏អស្ចារ្យ»។
ជាមួយនឹងការទទួលស្គាល់ថា សុខភាពត្រូវតែជារឿងចម្បង Ronaldo ក៏បានធ្វើការរអ៊ូរទាំដែរថា ជំងឺកូវីដ ១៩ បានធ្វើឲ្យកីឡដ្ឋាននៅក្រុងសូលណា ត្រូវស្ងាត់ជ្រងំ ដោយសារគ្មានសំឡេងទះដៃ និងហ៊ោកញ្ច្រៀវរបស់អ្នកគាំទ្រនៃក្រុមទាំង ២។
ម្ចាស់ជយលាភីពាន Ballon d''Or ៥ សម័យកាល បន្តថា៖ «វាជារឿងក្រៀមក្រំ ដែលប្រកួតដោយគ្មានអ្នកគាំទ្រ។ វាមិនខុសអីពីការទៅមើលល្ខោនសៀកដោយអត់មានតួត្លុក និងការទៅមើលសួនច្បារ ដែលគ្មានផ្កាសូម្បី ១ ទង។ និយាយដោយផ្ទាល់ខ្លួន នៅពេលប្រកួតក្រៅទឹកដី ខ្ញុំចូលចិត្តសំឡេងហ៊ោបែបចំអក ព្រោះវាបានជួយជំរុញទឹកចិត្តម្យ៉ាងដែរ»។
ដោយឡែកការប្រកួត ១ គូទៀត ក្នុងពូលទី៣ ជាមួយព័រទុយហ្គាល់នេះ ក្រុមមាន់គកបារាំង បានឈ្នះក្រុមគូប្រជែងចាស់ក្រូអាស៊ី ៤-២ ដែលជាលទ្ធផលដូចគ្នាកាលពីជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2018 នៅរុស្ស៊ី ខណៈខ្សែបម្រើ Eduardo Camavinga បានក្លាយជាកីឡាករវ័យក្មេងបំផុតរបស់ក្រុមជម្រើសជាតិ ក្នុងរយៈពេល ៩៦ ឆ្នាំកន្លងមកនេះ។
កីឡាករ Camavinga បានធ្វើដំណើរចូលទៅកាន់ទីលានក្នុងឯកសណ្ឋានរបស់ក្រុមជម្រើសជាតិជាលើកដំបូង ដោយដូរជំនួសកីឡាកររៀមច្បង Ngolo Kante នៅវគ្គទី ២ នាទីទី៦៣ ហើយការបង្ហាញវត្តមាននេះ រូបគេមានអាយុ ១៧ ឆ្នាំ និង ៩ ខែ ដែលមានន័យថា សមាជិករបស់ក្រុម Rennes រូបនេះ នៅចាញ់តែកីឡាករ ២ រូបប៉ុណ្ណោះ គឺ Julien Verbrugghe ដែលចូលលេងឲ្យក្រុមក្នុងឆ្នាំ ១៩០៦ នៅអាយុ ១៦ ឆ្នាំ និង ១០ ខែ និង Maurice Gastiger ដែលលេងក្នុងឆ្នាំ ១៩១៤ នៅអាយុ ១៧ ឆ្នាំ និង ៤ ខែ។
សម្រាប់ការប្រកួតនៅកីឡដ្ឋាន Stade de France នាភាគខាងជើងក្រុងប៉ារីស ៤ គ្រាប់របស់ក្រុម ដែលមានរហស្សនាមថា Les Bleus បានមកដោយសារការស៊ុតបញ្ចូលទីរបស់កីឡាករ Antoine Griezmann, Dayot Upamecano, Olivier Giroud (ប៉េណាល់ទី) ព្រមទាំងការធ្វើឲ្យចូលទីខ្លួនឯងរបស់អ្នកចាំទី Dominik Livakovic ខណៈ ២ គ្រាប់របស់ក្រុមក្រូអាស៊ី ធ្វើបានសម្រេចដោយ Dejan Lovren និង Josip Brekalo។
ក្រោយបញ្ចប់ការប្រកួតទី ២ នេះ ឃើញថា ក្រុមព័រទុយហ្គាល់ និងបារាំង កំពុងឈរនៅទី១ និងទី២ ក្នុងតារាងពិន្ទុលីក A គ្រុបទី៣ ដោយមាន ៦ ពិន្ទុ ស្មើគ្នាតែខុសតែគ្រាប់បាល់ចំណេញប៉ុណ្ណោះ៕ AFP/VN