ក្រុងម៉ូស្គូ: Cristiano Ronaldo នឹង​ខិតខំ​ព្យាយាម​ស្វែង​រក​ទម្រង់​លេង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​គេ​ដូច​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៃ World Cup សម្រាប់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក ដែល​កំពុង​តែ​ឈឺ​ចាប់ ក្រោយ​ពី​ការ​ចាញ់​នៅ​នាទី​ចុង​ក្រោយ។

ការ​ស៊ុត​បាល់​បញ្ចូល​ទី ៣ គ្រាប់​ពី​សំណាក់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ពិភពលោក ៥ សម័យ​កាល​រូប​នេះ បាន​ដណ្តើម​យក​លទ្ធផល​ស្មើ ៣-៣ សម្រាប់​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺរ៉ុប​ព័រទុយហ្គាល់ នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​អេស្ប៉ាញ ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​ក្នុង​ពូល B ក្នុង​ទីក្រុង Sochi។

វា​ជាការ​រកបាន​គ្រាប់​បាល់ ៣ គ្រាប់​ក្នុង ១ ប្រកួត​ជា​លើក​ទី ៥១ របស់ Ronaldo និង​ជា​លើក​ទី ៥១ ក្នុង​ប្រវត្តិសាស្ត្រ​នៃ​យុទ្ធនាការ​នេះ ខណៈ​ដែល​តារា​ឆ្នើម​របស់ Real Madrid រូប​នេះ បាន​ក្លាយ​ជា​កីឡាករ​ទី ៤ ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​យុទ្ធនាការ World Cup ៤ លើក។

Ronaldo បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់។ វា​ជា​កំណត់ត្រា​ផ្ទាល់ខ្លួន​ដ៏ល្អ​មួយ ហើយ​វា​នឹង​មាន​ច្រើន​បន្ថែម​ទៀត​ក្នុង​អាជីព​របស់​ខ្ញុំ។ សម្រាប់​ខ្ញុំ រឿង​ដ៏​សំខាន់​បំផុត​គឺ​ការ​ផ្តោត​លើ​អ្វី​ដែល​ក្រុម​បាន​ធ្វើ​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​មាន​ក្តី​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន World Cup»។

បើទោះបី​បាន​លើក​ពាន Euro ឆ្នាំ ២០១៦ ក៏ដោយ ប៉ុន្តែ ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់ មិន​ត្រូវ​បាន​ចាត់​ទុក​ថា ស្ថិត​ក្នុង​ចំណោម​ក្រុម​មាន​ក្តី​សង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​នៅ​រុស្ស៊ី​ឡើយ ប៉ុន្តែ អាច​នឹង​បោះ​ជំហាន​ដ៏​ធំ​ឆ្ពោះ​ទៅ​កាន់​វគ្គ ១៦ ក្រុម​ចុង​ក្រោយ តាមរយៈ​ការ​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក ក្នុង​ទីក្រុង​ម៉ូស្គូ នៅ​រាត្រី​នេះ។

នៅ​ឯ​ទីលាន​ហ្វឹកហាត់​របស់​ព័រទុយហ្គាល់ ខ្សែ​ប្រយុទ្ធ Andre Silva បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា យើង​ជា​ក្រុម​ខ្លាំង​ជាង​ម៉ារ៉ុក ប្រសិន​បើ​យើង​ប្រៀប​ធៀប​រវាង​ក្រុម​ទាំង ២ ប៉ុន្តែ ខ្ញុំ​មិន​មែន​កំពុង​តែ​និយាយ​ថា ការ​ប្រកួត​នេះ​នឹង​ងាយ​ស្រួល​សម្រាប់​យើង​ឡើយ»។

វា​នឹង​ក្លាយជា​ការជួបគ្នា​ជាលើក​ទី ២ រវាង​ក្រុម​ទាំង ២ ក្រោយពី​ក្រុម​ជម្រើសជាតិ​ម៉ារ៉ុក បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ៣-១ ក្នុង​វគ្គ​ចែក​ពូល ក្នុង World Cup ឆ្នាំ ១៩៨៦។

Suarez សម្លឹង​រក​ការស្តារ​មុខមាត់​ក្នុង World Cup ពេល​ប៉ះ​អារ៉ាប៊ីសាអ៊ូឌីត រាត្រី​នេះ

សម្រាប់​កីឡាករ​ម្នាក់​ដែល​បាន​បង្កើត​ឲ្យ​មានការ​ចាប់​អារម្មណ៍​ជាច្រើន​ក្នុង​យុទ្ធនាការ World Cup វា​គឺជា​រឿង​ដ៏​ស័ក្តិសម​ដែល​ខ្សែ​ប្រយុទ្ធ Luiz Suarez នឹង​ធ្វើ​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី ១០០ របស់​គេ​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ ក្នុង​ព្រឹត្តិការណ៍​ដ៏ធំ​បំផុត​នៃ​កីឡា​បាល់ទាត់។

តារា​ឆ្នើម​របស់​ក្លិប Barcelona រូបនេះ នឹង​ឈានដល់​ការប្រកួត​ជា​លើក​ទី ១០០ របស់​គេ​សម្រាប់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ នៅ​ពេល​ដែល​ពួកគេ​ប៉ះ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ទីក្រុង Rostovon-Don ក្នុងការ​ប្រកួត​ជុំ​ទី ២ នៃ​ពូ​ល A។

ការ​ប្រកួត​នេះ​គួរ​តែ​មាន​ភាព​ងាយ​ស្រួល និង​អាច​នឹង​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ ឈ្នះ​សិទ្ធិ​ទៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ប៉ុន្តែ ក្រោម​ជំនួយ​ដ៏​ធំ​ពី Suarez អ្នក​គាំទ្រ​កីឡា​បាល់ទាត់ ដឹង​ថា មាន​ចំណុច​តិច​តួច​ណាស់​ដែល​មិន​ស្ថិត​ក្នុង​ការ​ចាប់​អារម្មណ៍។

កាលពី​ឆ្នាំ ២០១០ ខ្សែប្រយុទ្ធ​រូបនេះ បាន​រង​ការពិន័យ​កាត​ក្រហម ក្រោយ​ពី​សង្គ្រោះ​បាល់​នៅ​នាទី​ចុង​ក្រោយ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ហ្គាណា ដែល​បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​គេច​ផុត​ពី​បរាជ័យ ធ្វើ​ឲ្យ​ក្រុម​អាមេរិក​ខាងត្បូង​មួយ​នេះ ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ។ រយៈពេល ៤ ឆ្នាំ​ក្រោយ​មក រូបគេ​បាន​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត តាមរយៈ​ការ​ខាំ​ខ្សែ​ការពារ Giorgio Chiellini ក្នុង​ពេល​ប្រកួត​ជាមួយ​នឹង​អ៊ីតាលី នៅ​ប្រេស៊ីល៕