ក្រុង​លីសបោន៖ តារា​ឆ្នើម​របស់​ព័រទុយហ្គាល់ និង​ក្រុម​សេះ​បង្កង់ Juventus (Juve) Cristiano Ronaldo ត្រូវ​បាន​គេ​ប្រាប់​ថា មាន​សុខភាព​ល្អ និង​អាច​សំដិល​​ថ្ងៃ​ជា​ធម្មតា​ពី​ថ្ងៃ​អង្គារ ក្រោយ​​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូរ៉ូណា​ ដែល​ធ្វើ​ឱ្យ​រូប​គេ​ ត្រូវ​ខកខាន​មិន​បាន​ចូលរួម​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ នៅ​ក្នុង​ការ​​​ប្រកួត​ពាន Nations League ជាមួយ​ក្រុម​ស៊ុយអែត​នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ពហស្បតិ៍​នេះ​។

សហព័ន្ធ​បាល់ទាត់​ជាតិ​ព័រទុយហ្គាល់ បាន​ឱ្យ​ដឹង​តាម​វេបសាយ​របស់​ខ្លួន​ថា​៖ «Ronaldo មិន​មាន​អាការ​អ្វី​ធ្ងន់ធ្ងរ​ឡើយ ហើយ​នឹង​មិន​បាន​ចូល​លេង​ពេល​ក្រុម​ប៉ះ​ស៊ុយអែត​នោះ​ទេ​ សម្រាប់​ការ​ប្រកួត Nations League​»​។

ម្ចាស់​ជយលាភី​ពាន​រង្វាន់ Ballon d''Or ៥ ​លើក Ronaldo បាន​ចូល​លេង​ក្នុង​ការ​​ប្រកួត Nations League ​នៅ​ពេល​​ក្រុម​ព័រទុយហ្គាល់​បាន​ស្មើ ០-០ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​បារាំង​ នៅ​ក្រុង​ប៉ារីស កាល​ពី​ថ្ងៃ​អាទិត្យ គឺ​នៅ​មុន​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ ​១៩ ​នេះ ប៉ុន្តែ​ចំពោះ​សមាជិក​ក្នុង​ក្រុម​ផ្សេង​ទៀត ត្រូវ​បាន​សហព័ន្ធ​ប្រាប់​ថា អវិជ្ជមាន​​ទាំង​អស់​ ក្រោយ​ការ​ធ្វើ​តេស្ត​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នោះ គឺ​ដូច​គ្នា​ទៅ​នឹង​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង​​ដែរ​។ នេះ​បើ​យោង​តាម​សហព័ន្ធ​បាល់ទាត់​បារាំង​។

គ្រូ​បង្វឹក​របស់​ព័រទុយហ្គាល់ លោក Fernando Santos បាន​ប្រាប់​នៅ​ឯ​សន្និសីទ​កាសែត​ថា​៖ «យើង​គោរព​តាម​គោលការណ៍​សុខភាព​គ្រប់​យ៉ាង តែ​វា​នៅ​តែ​កើត​ឡើង​បាន​។ យើង​បាន​ធ្វើ​តេស្ត​រាល់​ថ្ងៃ​»​។​

ជាមួយ​គ្នា​នេះ ខ្សែ​ការពារ Giorgio Chiellini ​របស់​ក្រុម Juve ដែល​បាន​ទាក់ទង​ទៅ​ Ronaldo ដោយ​ផ្ទាល់​នោះ បាន​ប្រាប់​ថា​៖ «​គេ​សុខភាព​ល្អ​ធម្មតា និង​កំពុង​ដេក​ហាល​ថ្ងៃ​ទៀត​ផង​។ គេ​នឹង​ត្រឡប់​មក​វិញ ពេល​គេ​ត្រៀម​ខ្លួន​បាន​រួច​រាល់​»​។

ការ​ឆ្លង​ជំងឺ​របស់​កីឡាករ​វ័យ ​៣៥ ​ឆ្នាំ Ronaldo ជា​ដំណឹង​ដ៏​​អាក្រក់​មួយ​ សម្រាប់​ក្រុម​សេះ​បង្កង់ ខណៈ​គោលការណ៍​សុខភាព​មាន​​ធរមាន​​នៅ​ឡើយ​ សម្រាប់​ក្របខ័ណ្ឌ​ Serie A ដូច្នេះ Ronaldo ត្រូវ​តែ​នៅ​ដាច់​ដោយ​ឡែក​រយៈពេល ​១០ ​ថ្ងៃ ហើយ​បន្ទាប់​មក​ត្រូវ​បញ្ជាក់​ពី​តេស្ត​អវិជ្ជមាន មុន​នឹង​អាច​ចាប់​ផ្ដើម​ចូល​លេង​​ឡើង​វិញ​បាន​។​

តេស្ត​នោះ នឹង​ធ្វើ​ឱ្យ​ Ronaldo មិន​អាច​ទៅ​រត់​​លើ​ទីលាន​បាន​នោះ​ឡើយ ពេល​ក្រុម​ Juve ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​ Crotone នៅ​ Serie A នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ និង​មិន​អាច​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​​ទៅ​ផ្ទះ Dynamo Kiev សម្រាប់​ប្រកួត​បើក​ឆាក​នៅ​ក្របខ័ណ្ឌ Champions League ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ដែរ​។

Ronaldo ​ក៏​អាច​បាត់​មុខ​ ​​នៅ Champions League ដដែល​នេះ ពេល​តទល់​ជាមួយ​នឹង​ក្រុម ​Barcelona នៅ​ថ្ងៃទី ​២៨ ខែ​តុលា ដែល​ការ​ប្រកួត​នោះ គេ​នឹង​ឃើញ​ការ​ប្រឈម​មុខ​គ្នា​ជាលើក​ដំបូង​ ជាមួយ​កីឡាករ​គូ​សត្រូវ​ចាស់ Lionel Messi គិត​តាំង​ពី​ចាកចេញ​ពី​ទឹក​ដី​អេស្ប៉ាញ​។

កីឡាករ Chiellini បាន​និយាយ​បន្ថែម​ថា​៖ «​យើង​ទាំង​អស់​គ្នា ​ជា​អត្ត​ពលិក​បាល់ទាត់​ ដឹង​ច្បាស់​ថា យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ ហើយ​យើង​ត្រៀម​ខ្លួន​ទទួល​យក​ជា​និច្ច តែ​យើង​ព្យាយាម​កាត់​បន្ថយ​ហានិភ័យ​ឱ្យ​នៅ​ទាប​បំផុត​តាម​ដែល​អាច ដោយ​ការ​អនុវត្ត​តាម​គោលការណ៍​សុវត្ថិភាព​ចាំបាច់​ទាំង​អស់​គ្នា»​។​

Ronaldo ដែល​ធ្លាប់​ពាក់​ឯកសណ្ឋាន​របស់​ក្រុម Manchester United និង Real Madrid ដែរ​នោះ គឺ​ជា​កីឡាករ​បាល់​ទាត់​ដ៏​ល្បីល្បាញ​ចុង​ក្រោយ​គេ ដែល​​ធ្វើ​តេស្ត​វិជ្ជមាន​នៃ​ជំងឺ​កូវីដ ១៩ ដែល​បាន​ឆក់​ជីវិត​មនុស្ស​ជាង ១ ​លាន​នាក់ គិត​តាំង​ពី​កើត​មាន​ដំបូង​នៅ​ដើម​ឆ្នាំ​នេះ​។

កីឡាករ​ឆ្នើម​ៗ​ផ្សេង​ទៀត នៅ​មុន​ហ្នឹង មាន​ដូច​ជា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល Neymar រួម​ទាំង​មិត្ត​រួម​ក្រុម Paris Saint-Germain របស់​គេ គឺ​កីឡាករ​បារាំង Kylian Mbappe និង​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic របស់​ក្រុម AC Milan សុទ្ធ​តែ​បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​ដូច​គ្នា នៅ​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​៕ AFP/VN