ឡុងដ៍៖ ខ្សែប្រយុទ្ធ Wayne Rooney និយាយថា រូបគេមានការខឹងសម្បា និងខកចិត្ត ដែលខ្លួននឹងមិនបានចូលរួមលេងជាមួយ Derby County ក្រុមនៅឯលីគកម្រិតទី២ Championship របស់អង់គ្លេស ដោយសារតម្រូវឱ្យនៅដាច់ពីគេ បើទោះខ្លួនធ្វើតេស្តអវិជ្ជមានវីរុសកូរ៉ូណាយ៉ាងណាក៏ដោយ។
អតីតប្រធានក្រុម Manchester United និងជម្រើសជាតិអង់គ្លេស ដែលពេលនេះ កំពុងធ្វើតួនាទីជាកីឡាករផង និងគ្រូបង្វឹកផង សម្រាប់ក្រុម Derby មានមិត្តម្នាក់មកសួរសុខទុក្ខ ដែលមិត្តរូបនោះ តម្រូវឱ្យទៅធ្វើតេស្តជំងឺកូវីដ ១៩ ហើយក្រោយមកក៏ឃើញថា ឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះ។
ក្នុងសេចក្ដីប្រកាសមួយ តាមរយៈបណ្ដាញសង្គម Twitter របស់ខ្លួន Rooney បានរៀបរាប់ឱ្យដឹងថា៖ «គ្រាន់តែដឹងដំណឹងថា តេស្តរកជំងឺកូវីដ ១៩ របស់ខ្ញុំ ដែលបានបង្ហាញថា ខ្ញុំមិនមានឆ្លងវីរុសនេះទេ នោះខ្ញុំ និងគ្រួសារ រីករាយណាស់ តែមានអារម្មណ៍ខឹងសម្បា និងខកចិត្តយ៉ាងខ្លាំង ដែលពេលនេះ ខ្ញុំនៅតែត្រូវនៅដាច់ពីអ្នកដទៃ ហើយខ្ញុំត្រូវខានលេងប្រកួតសំខាន់ៗរបស់ក្រុម Derby»។
កាសែត The Sun បានធ្វើសេចក្ដីរាយការណ៍ កាលពីថ្ងៃអាទិត្យថា Rooney វ័យ ៣៤ ឆ្នាំ មានអារម្មណ៍មួម៉ៅ ក្រោយមិត្តរបស់ខ្លួនមកសួរសុខទុក្ខដល់ផ្ទះ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជូនអំណោយនាឡិកាដៃ ១ គ្រឿង ទាំងដែលរូបគេ គួរតែនៅដាច់ដោយឡែកពីអ្នកដទៃក៏ដោយ។ មិត្តរបស់គេរូបនោះ ក្រោយមកទទួលបានលទ្ធផលតេស្តវិជ្ជមាន។
កីឡាករ Rooney មិនបានដឹងពីកង្វល់ ដែលពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ អ្វីទាំងអស់ ខណៈដែលរូបគេបានចូលរួមលេងជាមួយក្រុម Derby ធម្មតា ក្នុងប្រកួត ដែលចាញ់ក្រុម Watford ១-០ ពោលគឺ ១ ថ្ងៃក្រោយមានការសួរសុខទុក្ខហ្នឹង៕ AFP/VN