ក្រុង​ប៊ែរឡាំង៖ គ្រូបង្វឹក​ក្រុម Borussia Moenchengladbach លោក Marco Rose នឹង​ប្រឈម​ជាមួយ​ក្រុម Borussia Dortmund ដែល​ខ្លួន​នឹង​ទៅ​ដឹកនាំ នាពេល​ខាង​មុខ ក្នុង​ជំនួប German Cup វគ្គ ៨ ក្រុម​ចុងក្រោយ នៅ​យប់​ថ្ងៃ​អង្គារ ខណៈ​ក្រុម​លំដាប់​កំពូលៗ កំពុង​សម្លឹង​មើល​ពី​ឱកាស​ដ៏​កម្រ​នេះ ដើម្បី​ឈ្នះ​ពាន ពេល Bayern Munich អវត្តមាន។

បេក្ខភាព​ដែល​ឆ្លង​មក​វគ្គ ៨ ក្រុម ១០ រដូវកាល​ចុង​ក្រោយ និង​ឈ្នះ​ជើងឯក​សរុប ២០ ដង គឺ Bayern ក្រុម​ដែល​មាន​សិទ្ធិ​ខ្ពស់​ជាង​គេ ធ្លាក់​ចេញ​ពី​ការ​ប្រជែង​លឿន​បំផុត​លើក​ដំបូង តាំង​ពី​ឆ្នាំ ២០១១ ដោយសារ​រង​បរាជ័យ​ក្នុង​វគ្គ​ទាត់​បាល់​ប៉េណាល់ទី អំឡុង​ប្រកួត​ជុំ​ទី ២ កាល​ពី​ខែ​មករា ក្រោម​ថ្វី​ជើង​ក្រុម​កម្រិត​ទាប Holstein Kiel នៅ​លីគ​លំដាប់​ទី២។

លទ្ធផល​នោះ ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង​ដណ្ដើម​ពាន​កម្រិត​ទី២ បើក​ចំហ​ខ្លាំង​ឡើង ហើយ​ផ្ដល់​ឱកាស​ល្អ​បំផុត​ឱ្យ​ក្រុម​គូប្រជែង ដូចជា Dortmund, Gladbach និង RB Leipzig ជា​ដើម អាច​ឈ្នះ​ពាន​រង្វាន់​ម្ដង ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។

សម្រាប់​លោក Rose ការ​ប្រកួត​នា​ថ្ងៃ​អង្គារ ជា​ឱកាស​ស្រោចស្រង់​នា​រដូវកាល​ចុង​ក្រោយ ដែល​កំពុង​ឡើង​ចុះ មុន​ទៅ​ចូលរួម​ជាមួយ Dortmund នៅ​បញ្ចប់​រដូវកាល​នេះ។

បន្ទាប់​ពី​ដឹកនាំ​ក្រុម​បច្ចុប្បន្ន​របស់​ខ្លួន ឱ្យ​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ក្រុមទី​កំពូល​ទាំង ៤ រដូវកាល​មុន និង​ឱ្យ​បាន​ឆ្លង​ដល់​ដំណាក់កាល​ចាញ់​ធ្លាក់ នៅ Champions League នា​រដូវ​កាល​នេះ បុរស​សញ្ជាតិ​អាល្លឺម៉ង់​វ័យ ៤៤ ឆ្នាំ ធ្វើ​ឱ្យ​​ក្រុម​ធ្លាក់​ដល់​លេខ ៨ ក្នុង​តារាង​ពិន្ទុ​ក្របខ័ណ្ឌ Bundesliga ក្រោយ​ចាញ់ ៤ លើក ក្នុង​ចំណោម ៥ ប្រកួត​ចុង​ក្រោយ​នៅ​លីគ។

Rose ទទួល​សម្ពាធ​កាន់​ខ្លាំង​ឡើងៗ ក្រោយ​ពី​​គាត់​បាន​ប្រកាស​ពី​ចេតនា​ចង់​ទៅ​ចូលរួម​ជាមួយ Dortmund កាល​ពី​ដើម​ខែ​នេះ ដោយ​មាន​អ្នក​គាំទ្រ និង​អ្នកវិភាគ​មួយ​ចំនួន​អំពាវនាវ​ឱ្យ​គាត់​ចុះ​ចេញពី​តួនាទី។

តែ​កាលពី​ថ្ងៃ​សៅរ៍ គាត់​បាន​ច្រាន​ចោល​នូវ​ការ​យល់​ឃើញ​ដែល​ថា នឹង​មាន​ជម្លោះ​ផលប្រយោជន៍ ពេល Gladbach ជួប​ពិភាក្សា​ជាមួយ Dortmund នា​សប្ដាហ៍​នេះ។

«វា​គ្មាន​បញ្ហា​លំបាក​អ្វី​ទាំង​អស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​ជា​គ្រូបង្វឹក​របស់ Borussia Moenchengladbach។ ខ្ញុំ​មាន​គោលដៅ​ជាមួយ​ក្លិប​នេះ ហើយ​ខ្ញុំ​ទទួល​ខុស​ត្រូវ ដើម្បី​ឱ្យ​មាន​ភាព​ជោគជ័យ​សម្រាប់​ក្រុម និង​កីឡាករ​របស់​ខ្ញុំ»។ នេះ​ជា​សម្ដី​របស់ Rose ដែល​ប្រាប់​ទូរទស្សន៍ Sky នៅ​អាល្លឺម៉ង់។

ជ័យជម្នះ​លើ Dortmund នឹង​ធ្វើ​ឱ្យ Gladbach រំកិល​ទៅ​មុខ ១ ជំហាន​យ៉ាង​ធំ​កៀក​នឹង​ការ​ឈ្នះ​ពានរង្វាន់​ដ៏​សំខាន់​មួយ តាំង​ពី​ឆ្នាំ ១៩៩៥ ដែល​ពួក​គេ​បាន​លើក​ពាន​កម្មវិធី​នេះ ជា​លើក​ចុង​ក្រោយ។

ជាមួយ​គ្នា​នេះ Dortmund សង្ឃឹម​បាន​ដាក់​ដៃ​លើ​ពាន​នេះ លើក​ទី៣ ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ ខណៈ Leipzig សម្លឹង​មិន​ដាក់​ភ្នែក​ចំពោះ​ពាន​ដែល​ខ្លួន​ចង់​ឈ្នះ​លើក​ដំបូង។

ក្រុម​លេខ ២ ក្នុង​តារាង​លី​គ​កំពូល និង​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ឆ្នាំ ២០១៩ Leipzig ត្រូវ​គេ​ចាត់​ទុក​ថា មាន​សិទ្ធិ​ខ្ពស់​គួរ​សម​ក្នុង​ការ​ឈ្នះ​ពាន German Cup ឬ DFB Cup នេះ មុន​ប្រឈម Wolfsburg នៅ​យប់​ថ្ងៃ​ពុធ៕ AFP/VN