ក្រុងម៉ាកសីយ៍ៈ លោក Rudi Garcia នឹងធ្វើការលាឈប់ពីតំណែងជាគ្រូបង្វឹកនៅក្លិប Marseille នៅក្រោយពេលការប្រកួតជុំចុងក្រោយនៃក្របខ័ណ្ឌ Ligue 1 បន្ទាប់ពីក្លិបដ៏ធំបំផុតមួយនៅប្រទេសបារាំងនេះមិនបានមានឱកាសលេងនៅក្របខ័ណ្ឌអឺរ៉ុបនៅរដូវកាលក្រោយ។
លោក Garcia បាននិយាយនៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃពុធដោយអង្គុយជាមួយប្រធានក្លិប Marseille បច្ចុប្បន្នលោក Jacques-Henri Eyraud ថា៖ «ខ្ញុំបានសម្រេចចិត្តថានឹងលាឈប់ពីតំណែង ហើយខ្ញុំបានដាក់ពាក្យទៅប្រធានក្លិបរបស់ខ្ញុំរួចហើយ ហើយគាត់ក៏បានទទួលពាក្យលាលែងហើយដែរ»។
គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានបន្តថា៖ «ប្រសិនបើខ្ញុំស្ដាប់តាមចរិត និងការប្ដេជ្ញាចិត្តរបស់ខ្ញុំគឺខ្ញុំគួរតែនៅបន្តទៀត ប៉ុន្តែប្រសិនបើខ្ញុំស្ដាប់តាមអត្ថន័យ និងហេតុផលរួមគឺវាល្អបំផុតដែលខ្ញុំត្រូវប្រកាសដូចជាពេលនេះឯង»។
លោក Garcia អាយុ ៥៥ ឆ្នាំរូបនេះត្រូវបានតែងតាំងជាគ្រូបង្វឹកកាលពីខែតុលាឆ្នាំ ២០១៦ ដោយដឹកនាំក្រុម Marseille ឲ្យមានឱកាសលេងនៅក្របខ័ណ្ឌអឺរ៉ុបភ្លាមៗក្រោយពីលោកមហាសេដ្ឋីអាមេរិក Frank McCourt បានគ្រប់គ្រងនៅក្លិបនេះ។
គ្រូបង្វឹករូបនេះបានបន្តកុងត្រារបស់គាត់កាលពីខែតុលាដែលត្រូវបន្តរហូតដល់ឆ្នាំ ២០២១ ប៉ុន្តែគាត់នឹងចាកចេញពីកីឡដ្ឋាន Velodrome របស់ក្លិប Marseille នៅមុនពេលកំណត់កុងត្រារបស់គាត់ដែលត្រូវបញ្ចប់នៅពេល ២ ឆ្នាំទៀតក្រោយពីគាត់មិនអាចដឹកនាំឲ្យក្រុមនេះស្ថិតនៅលើកំពូលតារាងទាំង ៣ នៃក្របខ័ណ្ឌ Ligue 1 ដើម្បីអាចមានឱកាសលេងនៅក្របខ័ណ្ឌអឺរ៉ុប Champions League។
Garcia បាននិយាយថាគាត់ចង់សម្ដែងពីការទទួលខុសត្រូវពេញលេញនៅពេលគាត់មិនអាចដឹកនាំឲ្យក្រុម Marseille បានលេងនៅក្របខ័ណ្ឌកំពូលរបស់អឺរ៉ុបមួយនេះ។
គាត់បានបន្តដោយយោងទៅលើលទ្ធផលប្រកួតរបស់ក្លិបនេះថា៖ «វាមិនមែនជារដូវកាលល្អមួយទេ ប៉ុន្តែវាក៏មិនជាអាក្រក់ណាស់ណាដែរ។ ភាពអាក្រក់គឺកើតមានច្រើនសម្រាប់ក្លិប Monaco នៅរដូវកាលនេះ ឬសម្រាប់ក្លិប Lille កាលពីរដូវកាលមុន»។
គ្រូបង្វឹករូបនេះបានបញ្ជាក់ថា៖ «អ្នកដឹកនាំទាំងអស់មិនសុទ្ធតែដឹកនាំឲ្យដល់កម្រិតកំពូលនោះទេ»។
សូមបញ្ជាក់ថា ពេលនេះក្រុម Marseille ជាប់នៅចំណាត់ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌ Ligue 1 ដោយខ្វះ ១១ ពិន្ទុទៀតទើបអាចមានឱកាសលេងនៅក្របខ័ណ្ឌ Cham pions League៕ SN