ក្រុងរីយ៉ាដ៖ ម្ចាស់ជើងឯកទម្ងន់ធ្ងន់ Andy Ruiz Jr បាននិយាយកាលពីថ្ងៃចន្ទថា រូបគេនឹងដាក់សម្ពាធឲ្យបានខ្លាំងទៅលើម្ចាស់ជើងឯក Anthony Joshua នៅក្នុងជំនួបជាថ្មីនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត។
កីឡាករប្រដាល់សកល Ruiz បានកើតនៅលើទឹកដីសហរដ្ឋអាមេរិក ប៉ុន្តែរូបគេតែងប្រកួតក្នុងនាមជាពលរដ្ឋម៉ិកស៊ិក ហើយរូបគេបានផ្ដល់មេរៀនដ៏អាម៉ាស់លើកដំបូងដល់កីឡាករ Joshua ក្នុងការប្រកួតនៅទឹកដីអាមេរិកកាលពីខែមិថុនា ដើម្បីដណ្ដើមខ្សែក្រវាត់ WBA, IBF និង WBO នៅទីក្រុងញូវយ៉ក។
កីឡាករទាំង ២ រូបនេះ នឹងត្រូវប្រកួតគ្នាម្ដងទៀតនៅទីក្រុងឌីរីយ៉ា ជិតទីក្រុងរីយ៉ាដនៃប្រទេស អារ៉ាប៊ី សាអ៊ូឌីត នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដែលត្រូវបានចាត់ទុកថាជា «ការប្រកួងសងសឹក ក្នុងកម្រិតទម្ងន់ធ្ងន់ដ៏អស្ចារ្យ»។
កីឡាករ Ruiz បាននិយាយក្នុងទីក្រុងរីយ៉ាដថា៖ «យើងនឹងឃើញថា គាត់នឹងទៅជាយ៉ាងណាក្រោមកណ្ដាប់ដៃរបស់ខ្ញុំទៅលើរូបគេ ហើយវានឹងគ្មានទេសម្រាប់ការដាក់សម្ពាធមកលើខ្ញុំព្រោះខ្ញុំធ្វើតាមក្ដីសុបិនរបស់ខ្ញុំ ដើម្បីឲ្យក្លាយជាការពិត»។
កីឡាករកូនកាត់អាមេរិកម៉ិកស៊ិករូបនេះបានបន្ថែមថា៖ «ជាការពិត ខ្ញុំចង់បង្កើនសម្ពាធថែមទៀត ព្រោះខ្ញុំចង់ក្លាយជា Andy Ruiz Jr ដ៏ល្បីល្បាញ»។
ចំណែកកីឡាករ Joshua បាននិយាយថា រូបគាត់ «មានទំនុកចិត្ត» និងគ្មានការព្រួយបារម្ភអ្វីឡើយ នៅមុនពេលការប្រកួតជាមួយគ្នាម្ដងទៀតនេះ។
កីឡាកររូបនេះបានបន្ថែមថា៖ «ខ្ញុំពិតជាឈ្នះក្នុងការប្រកួតនេះ ហើយខ្ញុំដឹងថា ខ្ញុំអាចធ្វើវាបានព្រោះកាលពីមុនខ្ញុំជិតនឹងបានសម្រេចទៅហើយដូច្នេះពេលនេះខ្ញុំនឹងមិនធ្វើឲ្យបាត់បង់ទេ»។
ការប្រកួតនៅថ្ងៃសៅរ៍នេះមានភាពចម្រូងចម្រាសជាច្រើន ខណៈប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានប្រឈមនឹងវិបត្តិកាទូតដ៏តឹងតែងពាក់ព័ន្ធនឹងឃាតកម្មទៅលើអ្នកកាសែត Jamal Khashoggi នៅស្ថានកុងស៊ុលរបស់ប្រទេសនេះនៅក្នុងទីក្រុង Istanbul ប្រទេស តួកគី កាលពីឆ្នាំមុន។
ទោះបីជាយ៉ាងណា កីឡាករ Ruiz បាននិយាយថា រូបគេ «ពេញចិត្តនឹងប្រកួតនៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត»។
កីឡាកររូបនេះបានបន្ថែមថា៖ «ខ្ញុំពិតជាមានអារម្មណ៍ល្អដូចស្ថិតនៅផ្ទះរបស់ខ្ញុំអ៊ីចឹង។ គ្រប់គ្នាកំពុងរាប់អានខ្ញុំដោយក្ដីស្រឡាញ់ និងជាពិសេសខ្ញុំពិតចូលចិត្តរសជាតិអាហារនៅប្រទេសនេះ»។
ក្រុមសកម្មជនបានចោទថ្នាក់ដឹកនាំរបស់ប្រទេសនេះថា បានប្រើវិស័យកីឡាធ្វើជាឧបករណ៍មួយក្នុងការព្យាយាមលុបលាងមុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ។
កាលពីខែកុម្ភៈ ថ្នាក់ដឹកនាំប្រទេសនេះបានរៀបចំព្រឹត្តិការណ៍វាយកូនហ្គោល European Tour ជាលើកដំបូង ខណៈព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏អស្ចារ្យបំផុតក្នុងពិភពលោកគឺ Dakar Rally ក៏នឹងត្រូវរៀបចំធ្វើនៅប្រទេសនេះនៅឆ្នាំ ២០២០ ខាងមុខនេះផងដែរ៕ AFP/SN