The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Salah បន្ត​ឈ្នះ​ពាន​អាហ្វ្រិក​ដើម្បី​ថ្ងៃ​រីករាយ​សម្រាប់​អេហ្ស៊ីប

Salah បន្ត​ឈ្នះ​ពាន​អាហ្វ្រិក​ដើម្បី​ថ្ងៃ​រីករាយ​សម្រាប់​អេហ្ស៊ីប

Content image - Phnom Penh Post
Mohamed Salah ទទួល​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​អាហ្វ្រិក​។ AFP

Salah បន្ត​ឈ្នះ​ពាន​អាហ្វ្រិក​ដើម្បី​ថ្ងៃ​រីករាយ​សម្រាប់​អេហ្ស៊ីប

ក្រុងដាកា: Mohamed Salah បាន​បំពេញ​ថ្ងៃ​ដ៏គួរ​ឲ្យ​ចងចាំ​មួយ​សម្រាប់​កីឡា​បាល់ទាត់​អេហ្ស៊ីប​តាមរយៈ​ការឈ្នះពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ទ្វីប​អាហ្វ្រិក​រយៈពេល​ ២ ​ឆ្នាំ​ជាប់ៗ​គ្នា​ក្នុង​ប្រទេស​សេណេហ្គាល់​កាលពី​ថ្ងៃ​អង្គារ​។ តារា​ឆ្នើម​របស់​ក្លិប Liverpool វ័យ​ ២៦ ​ឆ្នាំ​រូប​នេះ​បាន​បញ្ចប់​ដោយ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​ ១ ខណៈ​ដែល​មិត្ត​រួម​ក្លិប​របស់គេ Sadio Mane នៃ​ក្រុម​សេណេហ្គាល់ និង​ខ្សែប្រយុទ្ធ​អន្តរជាតិ​ហ្គាបុង Pierre-Emerick Aubameyang របស់​ក្លិប Arsenal បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​ ២ និង​លេខ​ ៣ ​រៀងៗ​ខ្លួន​។

ក្រោយពី​ទទួល​ពាន​របស់គេ​ក្នុង​ទីក្រុង Dakar កីឡាករ Salah បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​បាន​សុបិន​ពី​ការ​ឈ្នះ​ពាន​នេះ​តាំងពី​ខ្ញុំ​ស្ថិត​នៅ​ជា​កុមារ​ម្នាក់ ហើយ​បច្ចុប្បន្ន​ខ្ញុំ​បាន​ឈ្នះ​ពាន​នេះ​ ២ ​លើក​ជាប់ៗ​គ្នា​»​។

ខ្សែប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ក្រុមគ្រួសារ​របស់​ខ្ញុំ មិត្ត​រួម​ក្រុម និង​អ្នកគាំទ្រ​របស់​ខ្ញុំ ហើយ​ខ្ញុំ​សូម​ឧទ្ទិស​ពាន​នេះ​ទៅ​កាន់​ផ្ទះ​របស់​ខ្ញុំ​គឺ​ប្រទេស​អេហ្ស៊ីប​»​។ វា​បាន​ក្លាយ​ជា​លទ្ធផល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែរ ដែល​នៅពេល​នោះ Salah បាន​ក្លាយ​ជា​កីឡាករ​អេហ្ស៊ីប​ទី​ ២ បន្ទាប់ពី​ម្ចាស់​ពាន​ឆ្នាំ​ ១៩៨៣ ​គឺ Mahmoud al Khatib ក្នុង​ការ​ជាប់​ជា​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុត​នៅ​អាហ្វ្រិក​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​អេហ្ស៊ីប​បាន​យក​ឈ្នះ​លើ​គូប្រជែង​តែមួយ​របស់​ខ្លួន​គឺ​អាហ្វ្រិក​ខាង​ត្បូង​ក្នុង​លទ្ធផល ១៦-១ កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ក្នុង​ការបោះឆ្នោត​របស់​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាហ្វ្រិក​ក្នុង​ទីក្រុង Dakar​ដើម្បី​កាត់​សេចក្តី​ថា ប្រទេស​មួយ​ណា​នឹង​ជំនួស​កន្លែង​របស់​កាមេរូន​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ Cup of Nations ឆ្នាំ​ ២០១៩​។

ការពន្យារពេល​លើ​ការត្រៀម​លក្ខណៈ​ផ្សេងៗ និង​កង្វល់​ទៅលើ​បញ្ហា​សន្តិសុខ​បាន​ធ្វើឲ្យ​ប្រទេស​អាហ្វ្រិក​កណ្តាល​មួយ​នេះ​អស់​សិទ្ធិ​ជា​ម្ចាស់ផ្ទះ ហើយ​ពួកគេ​នឹង​ត្រូវ​រៀបចំ​យុទ្ធនាការ Cup of Nations ​ក្នុង​ឆ្នាំ​ ២០២១ ជំនួស​វិញ​។ Salah បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ៤៤ ​គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់​សម្រាប់ Liverpool កាលពី​រដូវកាល​មុន​ដែល​ជា​រដូវកាល​ទី​ ១ ​របស់​គេ​ជាមួយ​នឹង​ក្លិប​នៅ Anfield មួយ​នេះ និង​រកបាន​គ្រាប់​បាល់​ ១៣ ​គ្រាប់​ក្នុង​ក្របខ័ណ្ឌ Premier League ក្នុង​រដូវកាល​មក​ទល់​ពេល​នេះ​។ Aubameyang រកបាន​គ្រាប់​បាល់​ក្នុង​ការប្រកួត​លីក​ច្រើន​ជាង Salah ១ ​គ្រាប់​ដើម្បី​ឈរ​នៅ​លើ​កំពូល​តារាង​រួម​ជាមួយ​នឹង​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស Harry Kane របស់​ក្លិប Tottenham ដោយ​មាន​ ១៤ ​គ្រាប់​ដូច​គ្នា​។

Salah ធ្លាប់​ធ្វើ​ដំណើរ​ ៨ ​ម៉ោង​ដោយ​រថយន្តក្រុង​ដើម្បី​ទៅ​ហ្វឹកហាត់​ជាមួយ​នឹង​ក្លិប El Mok-awloon៕ IS

អត្ថបទគួរចាប់អារម្មណ៍