The Phnom Penh Post Search

Search form

Sarri មិន​ច្បាស់​ពី​អនាគត​នៅ Chelsea

Content image - Phnom Penh Post
Sergio Aguero (​ស្តាំ​) របស់ Man City ដណ្តើម​បាល់​ជាមួយ​នឹង David Luiz របស់ Chelsea​។ AFP

Sarri មិន​ច្បាស់​ពី​អនាគត​នៅ Chelsea

ក្រុងមេនឆេស្ទ័រ: លោក Maurizio Sarri បាន​ទទួល​ស្គាល់​ថា ការងារ​របស់​លោក​ក្នុង​នាម​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម Chelsea កំពុង​តែ​ស្ថិត​ក្នុង​ហានិភ័យ​ក្រោយពី​ក្រុម Manchester City បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ៤ ​គ្រាប់​ក្នុង​ចន្លោះ​ពេល​ ២៥ ​នាទី ដើម្បី​ផ្តួល​ក្រុម​របស់​លោក​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៦-០ កាលពី​ថ្ងៃ​អាទិត្យ​។

ខ្សែប្រយុទ្ធ Sergio Aguero បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ៣ ​គ្រាប់ ខណៈ​ដែល Man City បាន​ឡើង​ឈរ​ពី​លើ​ក្រុម Liverpool ម្តង​ទៀត​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ដោយសារ​តែ​ចំនួន​នៃ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​។

ដោយឡែក​ក្រុម Chelsea បាន​ធ្លាក់​ទៅ​ឈរ​លេខ​ ៦ ​នៅ​លើ​តារាង ខណៈ​ដែល​ការរង​បរាជ័យ​ដ៏ធំ​នេះ​កំពុង​តែ​ធ្វើឲ្យ​អនាគត​របស់​លោក Sarri ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​។

នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា តើ​លោក​បារម្ភ​ពី​ការរង​នូវ​ការបណ្តេញ​ចេញ​ត្រឹម​តែ​រយៈពេល​ ៨ ​ថ្ងៃ​ក្នុង​កិច្ចសន្យា​រយៈពេល​ ៣ ​ឆ្នាំ​នា​កីឡដ្ឋាន Stamford Bridge ឬ​យ៉ាង​ណា​? គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​ឆ្លើយថា​៖ «​ខ្ញុំ​មិន​ដឹង​ឡើយ​។ អ្នក​ត្រូវ​តែ​សួរ​ទៅ​កាន់​ក្លិប​នេះ​»​។

លោក​បាន​ប្រាប់​បន្ត​ថា​៖ «​ខ្ញុំ​កំពុង​បារម្ភ​ពី​ក្រុម​របស់​ខ្ញុំ​បារម្ភ​ពី​ការបង្ហាញ​ពី​ទម្រង់​លេង ប៉ុន្តែ​ការងារ​របស់​ខ្ញុំ​តែងតែ​ស្ថិត​ក្នុង​ហានិភ័យ​»​។

ការរងបរាជ័យ​ក្នុង​លទ្ធផល ៤-០ នៅ​លើ​ទឹកដី​ក្រុម Bournemouth ក្នុង​ការប្រកួត​ក្រៅ​ដី​លើក​ចុងក្រោយ​របស់​ពួកគេ​គឺជា​ការរងបរាជ័យ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​លីក​ដ៏ធំ​បំផុត​របស់ Chelsea បើ​គិត​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៦​។ ជាមួយ​គ្នា​នេះ នេះ​គឺជា​ការរង​បរាជ័យ​ដ៏ធំ​បំផុត​របស់​ពួកគេ បើ​គិត​ចាប់​តាំងពី​ឆ្នាំ​ ១៩៩១ ក្រោយពី​មិន​អាច​វាយបក​តាម​ស្មើ​គ្រាប់​បាល់​បើក​ឆាក​នៅ​នាទី​ទី​ ៤ ​របស់​ខ្សែប្រយុទ្ធ Raheem Sterling​។

លោក Sarri បាន​បន្ថែម​ទៀត​ថា​៖ «​យើង​បាន​របូត​គ្រាប់​បាល់ ក្រោយពី​លេង​បាន​ ៤ ​នាទី​តាម​របៀប​ដ៏ឆ្កួត​លលា​។ នៅពេល​នោះ​យើង​ត្រូវ​តែ​រក្សា​ការស្ថិត​ក្នុង​ការប្រកួត ហើយ​យើង​មិន​អាច​រក្សា​ការ​ស្ថិត​ក្នុង​ការប្រកួត​បាន​ឡើយ ដោយសារ​តែ​យើង​បាន​ប្រព្រឹត្ត​កំហុស​ជាច្រើន​នៅពេល​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​។ ពួកគេ​បាន​លេង​កីឡា​បាល់ទាត់​យ៉ាង​ល្អ​ឥតខ្ចោះ​នៅ​ថ្ងៃ​នេះ​»​។

ទោះបី​ជា​យ៉ាង​ណា​លោក Pep Guardiola គ្រូបង្វឹក​របស់​ក្រុម Man City បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​របស់​ក្រុម Chelsea កុំ​ឲ្យ​សម្រេច​ចិត្ត​ឆាប់​ពេក​លើ​អនាគត​របស់​លោក Sarri​។

គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ក៏​បាន​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​រដូវកាល​ទី​ ១ ​របស់​ខ្លួន​ក្នុង​នាម​ជា​គ្រូបង្វឹក​ផង​ដែរ ប៉ុន្តែ​តែងតែ​ទទួល​បាន​ការជឿជាក់​ពី​ប្រធាន​ក្លិប និង​អតីត​សហការី​របស់​លោក​គឺ​លោក Txiki Begiristain នៅ​មុន​ពេល​ដឹកនាំ​របស់​ក្រុម Man City ឈ្នះ​ពាន​ជាមួយ​នឹង​ពិន្ទុ​ជា​កំណត់ត្រា​ ១០០ ​ពិន្ទុ​កាលពី​រដូវកាល​មុន​។

លោក Guardiola បាន​ឲ្យ​ដឹង​ថា​៖ «​ឆ្នាំ​ទី​ ១ ​របស់​ខ្ញុំ​ក៏​ជួប​ការលំបាក​ផង​ដែរ​។ ពេល​ខ្លះ​យើង​បាន​លេង​ល្អ ប៉ុន្តែ​មិន​រឹងមាំ​បែប​នេះ​ឡើយ​។ មនុស្ស​ជាច្រើន​រំពឹង​ទុក​ថា​អ្នក​ចាត់ការ​ទូទៅ​រូប​នេះ​នឹង​មក​ដល់ និង​ទិញ​កីឡាករ ប៉ុន្តែ​វា​កើតឡើង​ភ្លាមៗ​»៕ IS

អត្ថបទគួរចាប់អារម្មណ៍