នូវែលសេឡង់ៈ កីឡាករបាល់ឱបរបស់ប្រទេសនូវែលសេឡង់ជាច្រើនរូបពិសេសម្ចាស់ជើងឯក World Cup គឺកីឡាករ Julian Savea បាននិយាយកាលពីថ្ងៃអង្គារថា រូបគេមានអារម្មណ៍ «ក្ដុកក្ដួលយ៉ាងខ្លាំង» ចំពោះការបាញ់ប្រហារនៅព្រះវិហារអ៊ិស្លាមនៅប្រទេសនូវែលសេឡង់ស្របពេលមិត្តរួមក្រុម All Blacks គឺកីឡាករ Sonny Bill Williams បានចំណាយពេលមួយសប្ដាហ៍នៅសមាគមកីឡា Super Rugby ដើម្បីគាំទ្រអ្នកដែលរងគ្រោះដោយសោកនាដកម្មនេះ។
កីឡាករ Williams ដែលជាពលរដ្ឋមូស្លីមបាននិយាយថា គាត់ពិតជាសោកស្ដាយខ្លាំងណាស់ចំពោះការបាញ់ប្រហារកាលពីថ្ងៃសុក្រសប្ដាហ៍មុនដោយបានសម្លាប់មនុស្សចំនួន ៥០ នាក់នៅពេលរូបគេបានប្រកាសធ្វើដំណើរទៅទីក្រុង Christchurch ដើម្បីបង្ហាញពី «សមានចិត្តអាណិតស្រឡាញ់» និងបរិច្ចាគធនធានមួយចំនួន។
កីឡាករ Savea រកបាន ៤៦ គ្រាប់ក្នុងការប្រកួត ៥១ លើកដំបូងដោយរូបគេបានតស៊ូប្រកួតក្នុងរដូវកាលនេះ ក្រោយពីធ្វើដំណើរទៅទីក្រុង Toulon ប្រទេសបារាំង ប៉ុន្តែកីឡាករវ័យ ២៨ ឆ្នាំរូបនេះបាននិយាយពីប្រទេសបារាំងថា៖ «ខ្ញុំទទួលបានសិទ្ធិគ្រប់គ្រាន់ដើម្បីរៀនពីសាសនាអ៊ិស្លាមនៅក្នុងគ្រួសារភរិយាខ្ញុំទាំងស្រុង។ ពួកគេធ្លាប់បានទៅលេងទីក្រុងមេកាប្រទេសអារ៉ាប៊ីសាអ៊ូឌីត ២ ដងហើយបានធ្វើការអធិដ្ឋាន ៥ ដងក្នុង ១ ថ្ងៃ និងបានជំរុញឲ្យខ្ញុំតមអាហារក្នុងពេលបុណ្យរ៉ាម៉ាដន និងបានបង្រៀនខ្ញុំពីអ្វីដែលមានន័យជាពលរដ្ឋមូស្លីម»។
កីឡាករដដែលនេះបានបន្ថែមថា៖ «ខ្ញុំនឹងណែនាំឲ្យកូនខ្ញុំរៀនអំពីសាសនាអ៊ិស្លាមផងដែរ ព្រោះវាជាសាសនាដ៏ល្អមួយ ហើយពលរដ្ឋមូស្លីមគឺជាមនុស្សមានចិត្តសប្បុរសបំផុតដែលខ្ញុំបានជួប។ ខ្ញុំនៅតែមានការឈឺចាប់ចំពោះហេតុការណ៍កាលពីថ្ងៃសុក្រហើយខ្ញុំចង់ឲ្យសហគមន៍មូស្លីមដឹងថាខ្ញុំគាំទ្រអ្នកទាំងអស់គ្នា»។
ចំណែកកីឡាករ Williams បាននិយាយទាំងទឹកភ្នែកក្នុងវីដេអូមួយស្ដីពីការវាយប្រហារនេះដោយទទួលបានការគាំទ្រពីសមាជិកក្នុងក្រុម Auckland Blues ឲ្យធ្វើដំណើរទៅទីក្រុង Christchurch នៅភាគខាងត្បូងប្រទេសនូវែលសេឡង់។ «សូមអរគុណអ្នកគ្រប់គ្នាចំពោះសមានចិត្តដ៏ល្អរបស់អ្នកទាំងអស់គ្នា។ យើងនឹងជួបគ្នាក្នុងទីក្រុង Christchurch នៅសប្ដាហ៍នេះ ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់ និងបរិច្ចាគធនធានដល់ពលរដ្ឋមូស្លីមនៅទីក្រុង Christchurch ដែលរងគ្រោះដោយសោកនាថកម្មនេះ។ ខ្ញុំក្ដុកក្ដួលណាស់ សូមបន្តបង្ហាញការគាំទ្ររបស់អ្នកជាបន្តទៀត»។
ចំណែកកីឡាករ Beauden Barrett វិញបាននិយាយថាគាត់មានការភ្ញាក់ផ្អើលចំពោះការប្រកួតក្នុងលទ្ធផលស្មើគ្នា ២៣-២៣ នៃក្របខ័ណ្ឌកីឡា Super Rugby នៅពេលប៉ះជាមួយក្រុម Waikato Chiefs កាលពីថ្ងៃសុក្រដែលមិនបានលុបចោលឡើយគឺបានចាប់ផ្តើមតែប៉ុន្មានម៉ោងបន្ទាប់ពីការសម្លាប់រង្គាលនៅទីក្រុង Christchurch។ Barret និយាយថា៖ «ក្រោយពីមានគ្រោះថ្នាក់នេះកើតឡើងហើយវាហាក់ដូចជាតប់ប្រមល់ខ្លាំងណាស់ក្នុងការលេងមួយប្រកួតនេះ»។
ជាមួយគ្នានេះ Chase Tiatia ជាខ្សែការពាររបស់ក្រុមបាល់ឱប Wellington Hurricanes ក៏បានគិតថាការប្រកួតនេះនឹងត្រូវពន្យារពេលដូចជាការប្រកួត នៅថ្ងៃសៅរ៍រវាងក្រុម Highlanders និងក្រុមបាល់ឱប Crusaders ដែលមានមូលដ្ឋាននៅឯទីក្រុង Christchurch ផងដែរ។ Tiatia បាននិយាយថា៖ «វាពិបាកនឹងតៀមខ្លួនសម្រាប់ការប្រកួតកីឡាបាល់ឱបនៅពេលមានរឿងអ្វីមួយកើតឡើងនៅប្រទេសនូវែលសេឡង់ហើយវាគួរឲ្យខ្លាចខ្លាំងណាស់»។
ក្នុងហេតុការណ៍បាញ់ប្រហារយ៉ាងរង្គាលនេះក្រុមបាល់ឱប All Blacks និងក្រុម Wellington Hurricanes បានកាន់ដៃតៗគ្នាជារង្វង់នៅលើទីលានប្រកួត ហើយពួកគេបានស្មិងស្មាធិ៍អារម្មណ៍ ១ នាទីដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះមុនពេលចាប់ផ្ដើមប្រកួត៕ SN