អាហ្សង់ទីន៖ គ្រូ​បង្វឹក​អាហ្សង់ទីន​លោក Lionel Scaloni សង្ឃឹម​ថា Copa America ឆ្នាំ ​២០២០​ គឺ​មិន​មែន​ជា​ព្រឹត្តិការណ៍​ចុង​ក្រោយ​របស់​ខ្សែ​ប្រយុទ្ធ Lionel Messi ខណៈ​រូប​គេ​កំពុង​សម្លឹង​ឃើញ​ជោគជ័យ​ជាមួយ​ជម្រើស​ជាតិ​អាហ្សង់ទីន​។​​

ជម្រើស​ជាតិ​អាហ្សង់ទីន​នឹង​ប្រកួត​បើក​ឆាក​ជាមួយ​ជម្រើស​ជាតិ​ស៊ីលី​នៅ​​ឯ​កីឡដ្ឋាន​ El Monumental ក្នុង​ព្រឹត្តិការណ៍​នេះ ​ដែល​នឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​នៅ​ថ្ងៃទី ​១២ ខែ​មិថុនា​។​

លោក Scaloni សង្ឃឹម​ថា ខ្សែ​ប្រយុទ្ធ Messi អាយុ ​៣២ ​ឆ្នាំ ​ដែល​នៅ​មាន​បំណង​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ​លើក​ដំបូង​របស់​ខ្លួន​នោះ​​នឹង​អាច​រីករាយ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​លើស​ពី​ព្រឹត្តិការណ៍​ Copa 2020 នេះ​​។​

គ្រូ​បង្វឹក​អាហ្សង់ទីន​រូប​នេះ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា តើ​វា​នឹង​ជា​ព្រឹត្តិការណ៍​ចុង​ក្រោយ​របស់​គាត់ ​ឬ​យ៉ាង​ណា​ទេ ​ប៉ុន្តែ​សង្ឃឹម​ថា វា​នឹង​មិន​មែន​ទៅ​ចុះ​»។​

លោក Scaloni បាន​បន្ថែម​ថា៖ «​​ជម្រើស​ជាតិ​អាហ្សង់ទីន​​ត្រូវ​ការ​ពាន​រង្វាន់​​ដោយ​មិន​អាច​ខ្វះ​គាត់​បាន​ឡើយ​ ហើយ​យើង​សង្ឃឹម​ថា​ នឹង​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ប៉ុន្តែ​យើង​មិន​ទាន់​ហ៊ាន​សន្យា​អ្វី​ទាំង​អស់​​»។​

ក្រុម​អាហ្សង់ទីន​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ Copa ចុង​ក្រោយ​នៅ​ឆ្នាំ ​១៩៩៣ ​នោះ ​ក៏​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ​ ប៉ារ៉ាហ្គាយ អូស្ត្រាលី និង​បូលីវី​នៅ​ក្នុង​ពូល​ A ក្រោយ​ពី​ជំនួប​បើក​ឆាក​ជាមួយ​ក្រុម​ស៊ីលី​ រួច​ហើយ​​ផង​ដែរ​។​​

ក្រុម​អាហ្សង់ទីន​បាន​ប្រកួត​ឈ្នះ​ក្រុម​ស៊ីលី​ដណ្ដើម​យក​លេខ ​៣ ​នៅ​ឆ្នាំ​នេះ ​ក្នុង​ការ​ប្រកួត​មួយ​ដែល​ឃើញ​កីឡាករ Messi និង​ Gary Medel ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីលាន​ប្រកួត​។​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា៖ «​វា​ជា​ការ​ប្រកួត​ល្អ​មួយ​ដែល​ត្រូវ​ចាប់​ផ្ដើម​។ គ្រប់​គ្នា​នឹង​មាន​ការ​លំបាក​ព្រោះ​ការ​ប្រកួត​នេះ​តែង​តែ​លំបាក​ ប៉ុន្តែ​នេះ​មាន​អារម្មណ៍​ពិសេស​មួយ​»។​

លោក Scaloni បាន​បន្ថែម​ទៀត​ថា៖ «​ក្រុម​ស៊ីលី​តែងតែ​លំបាក​សម្រាប់​ក្រុម​អាហ្សង់ទីន​ជា​ពិសេស​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ ហើយ​វា​លំបាក​មែន​ប៉ុន្តែ​យើង​ជា​ក្រុម​ល្អ​មួយ​»៕ AFP/SN