ភ្នំពេញៈ ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​លើក​ទី​ ១ ឆ្នាំ​ ២០២៩ (School Game 2019) នឹង​បើក​ការប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ ហើយ​ព្រឹត្តិការណ៍​ដែល​មាន ការចូលរួម​ពី​កីឡាករ កីឡាការិនី ជា​សិស្សានុសិស្ស​តំណាង​មកពី​ ២៥ ខេត្ត-ក្រុង​នោះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​ចាត់ទុក​ថា គឺជា​ការប្រកួត​យ៉ាង​សំខាន់​ដើម្បី​ស្វែងរក​អត្តពលិក​វ័យក្មេង​មាន​ទេពកោសល្យ និង​សមត្ថភាព​ត្រៀម​ឆ្ពោះ​ទៅ​ចូលរួម​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ នៅ​ប្រទេស​កម្ពុជា​។

លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ថា​៖ «​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​ជា​លើក​ដំបូង​នេះ​ជា​ការផ្តល់​ឱកាស​នឹង​ជា​ឧបករណ៍​វាស់​ម៉ែត្រ​ទៅ​ដល់​គ្រប់​កីឡាករ កីឡាការិនី​ទាំងអស់​ដើម្បី​ឲ្យ​ពួកគេ​បាន​ដឹង​ពី​សមត្ថភាព​ផ្ទាល់ខ្លួន ហើយ​ពួកគេ​ក៏​ជា​គ្រាប់ពូជ និង​គ្រាប់ពេជ្រ​របស់​កម្ពុជា​ដែល​យើង​ត្រូវ​ជំរុញ​ឲ្យ​ពួកគេ​ទៅ​ដល់​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ផង​ដែរ​»​។

ការលើក​ឡើង​របស់​លោក ស សុខា ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន បន្ទាប់ពី​លោក​បាន​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួចរាល់​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ហើយ​លោក និង​គណៈកម្មការ​រៀបចំ​សុទ្ធតែ​បាន​អះអាង​ថា School Game នឹង​ដំណើរ​ទៅ​ដោយ​យុត្តិធម៌ ព្រោះ​រាល់​បញ្ហា និង​ភាព​មិន​ប្រក្រតី ដូចជា​ការបន្លំ​អាយុ និង​ការយក​អ្នក​ខាង​ក្រៅ មិនមែន​ជា​សិស្ស​មក​ប្រកួត​ត្រូវ​បាន​លុបបំបាត់​អស់​ហើយ​។

លោក ស សុខា បាន​បន្ថែម​ថា​៖ «​ការរៀបចំ​ក៏​ដូចជា​ការផ្តល់​ឱកាស​នេះ ក្នុង​នាម​ក្រសួង​អប់រំ និង​ថ្នាក់ដឹកនាំ​ទាំងអស់​តែងតែ​ស្វែងរក​បញ្ហា​ប្រឈម​នឹង​អ្វីដែល​ថ្មី​ក្នុង​ការផ្លាស់ប្តូរ ជាពិសេស​យើង​ចង់​ផ្តល់​ឲ្យ​គណៈកម្មការ​របស់​យើង បាន​រៀនសូត្រ​ពី​ខ្លួនឯង និង​ស្វែងយល់​ពី​ច្បាប់​ល្បែង​ថ្មី​បន្ថែម​ទៀត ដើម្បី​ជា​ក្បាល​ម៉ាស៊ីន រុញ​សកម្មភាព​កីឡា​ឲ្យ​ដល់​ថ្នាក់​ខេត្ត អ៊ីចឹង​នៅ​រាល់​បញ្ហា​ដែល​បាន​កើត​មាន​ឡើង​យើង​ត្រូវតែ​កាន់​បន្ថយ ឬ​ហៅថា​កាត់​សាច់​របស់​យើង ដើម្បី​ធ្វើ​ម៉េច​ឲ្យ​វិស័យ​កីឡា​របស់​យើង​មាន​ភាពរលូន​ទៅ​មុខ ព្រោះ​ពេលវេលា​របស់​យើង​មាន​ពេល​កំណត់​»​។

លោក ស សុខា (មុខ) និងមន្រ្តី​កីឡា​ចំណុះ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ពេល​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ស្តី​ពី​ការ​ប្រកួត​កីឡា​សិស្សថ្នាក់​ជាតិ ឆ្នាំ​២០១៩។ រូបភាព សហការី

តាម​គណៈកម្មការ​រៀបចំ​បាន​ឲ្យ​ដឹងថា School Game 2019 ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១០ រហូត​ដល់​ថ្ងៃទី​ ១៩ ខែ​មិថុនា នោះ​មាន​ប្រតិភូ គ្រូបង្វឹក និង​អត្តពលិក​ចូលរួម​សរុប​ ៣៣៩០ ​នាក់ និង​មាន​មន្ត្រី​រៀបចំ​ការប្រកួត​ចំនួន​ ៣៩០ ​នាក់​សម្រាប់​គ្រប់គ្រង​ការប្រកួត​ចំនួន​ ១១ ​ប្រភេទ ហើយ​ប្រតិភូ​ទាំងនេះ​ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​ការហូកចុក​នៅ​សណ្ឋាគារ​ឡាក់គីស្តា និង​ស្នាក់នៅ​ផ្ទះ​សំណាក់​ចំនួន​ ១៣ មាន​ ៨២៥ ​បន្ទប់​ដោយ​មាន​គ្រូពេទ្យ កម្លាំង​សន្តិសុខ និង​មាន​ក្រុម​បដិសណ្ឋារកិច្ច ដើម្បី​ប្រចាំការ​សម្របសម្រួល​យ៉ាង​ល្អ​។

តំណាង​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​ ៤ មាន​បាល់ទាត់ បាល់ទះ បាល់បោះ និង​កីឡា​តេក្វាន់ដូ ITF នឹង​ធ្វើការ​ប្រជុំ​ប្រធាន​បច្ចេកទេស​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ត្រៀម​លក្ខណៈ​បើក​ការប្រកួត​ជា​ផ្លូវការ​ដែល​ត្រូវធ្វើ​នៅ​ថ្ងៃ​អង្គារ ចំណែក​ប្រភេទ​កីឡា​ចំនួន​ ៧ ដែល​ត្រូវដាក់​ឲ្យ​ប្រកួតប្រជែង​ជា​បន្តបន្ទាប់​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ មាន​អត្តពលកម្ម ហែលទឹក ប៉េតង់ វាយ​កូនឃ្លី​លើ​តុ វាយ​សី តេក្វាន់ដូ WTF និង​ការ៉ាតេ​។

លោក ស សុខា បាន​បញ្ជាក់​ថា​៖ «​សុបិន​របស់​យើង​នៅពេល​នេះ​គឺ​នៅ​ឆ្នាំ​ ២០២៣ យើង​ចង់បង្ហាញ​ភាព​អស្ចារ្យ​របស់​កម្ពុជា​យើង អ៊ីចឹង​យើង​ត្រូវ​ចាប់​ផ្តើម​កសាង​ធនធាន​មនុស្ស​ពី​ស្រទាប់​យុវជន​នេះ​ទៅ ដើម្បី​រុញ​ឲ្យ​ពួកគាត់ ចូលរួម​បន្ត​នៅ​ក្នុង​ក្រុម​ធំ​ជម្រើសជាតិ ហើយ​ការជ្រើសរើស​ថ្នាល​នេះ​គឺ​យើង​គួរ​ជ្រើសរើស​ឲ្យ​ត្រូវ​ជំនាញ ព្រោះ​បើ​កីឡាករ​ម្នាក់​ចាប់​យក​ច្រើន​ជំនាញ ក៏​ថ្ងៃ​អនាគត​ទៅ​មុខ​មិន​រួច​ដែរ ប៉ុន្តែ​ការទទួល​បាន​ជោគជ័យ ឈ្នះ​បាន​មេដាយ​មាស ឬ​ក៏​យ៉ាងណា​នោះ គឺ​យើង​ត្រូវ​ធ្វើ​ការងារ​ជាមួយ​សហព័ន្ធ​ជាតិ​បន្ត​ទៀត ព្រោះ​ដៃ​យើង​នៅ​ខ្លី​ទេ អ៊ីចឹង​យើង​ត្រូវ​មាន​ការចូលរួម​ទាំងអស់​គ្នា ទើប​បាន​ល្អ​»៕

កម្ម​វិធី​ប្រ​កួត​របស់​ប្រភេទ​​កីឡា​ទាំង​១១ ដែល​ត្រូវបាន​​ដាក់​ឲ្យ​ប្រកួត ​នៅ​ក្នុង​កីឡាសិស្ស​ថ្នាក់​ជាតិ លើក​ទី​១ ឆ្នាំ​២០១៩។រូបភាព សហការី