
សកម្មភាពប្រកួតប្រដាល់គុនខ្មែរ នៅលើសង្វៀន PNN កន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញ៖ សង្វៀនប្រដាល់ SEATV អាចបើកប្រកួតឡើងវិញទាន់ពេលនៅសប្តាហ៍នេះ ដោយមានតែ ១ កម្មវិធីទេ ត្រូវធ្វើនៅថ្ងៃសៅរ៍ ប៉ុន្តែសង្វៀនចំនួន ២ ទៀត មានប៉ុស្តិ៍លេខ ៥ និងសង្វៀន PNN បន្តពន្យារពេលរហូតដល់ដើមខែឧសភា ឆ្នាំ ២០២០ ទើបប្រកួតឡើងវិញ ស្របពេលសង្វៀនបាយ័ន CNC និងសង្វៀនថោន នឹងប្រកួតឡើងវិញយ៉ាងប្រាកដនៅចុងសប្តាហ៍នេះ។
លោក ញាន សុធី នាយកគ្រប់គ្រងកម្មវិធីប្រកួតប្រចាំសង្វៀន SEATV បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ខាងខ្ញុំទើបតែប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធជាច្រើន ពិសេសផ្នែកឧបត្ថម្ភគាំទ្រថវិកា (ស្ពនស័រ) គឺមានត្រឹមតែ ១ លើកប៉ុណ្ណោះ ហើយកម្មវិធីប្រកួតនេះ គាំទ្រដោយភេសជ្ជៈខារ៉ាបាវនៅរសៀលថ្ងៃសៅរ៍ ដែលមានកីឡាករខ្មែរ និងខ្មែរចំនួន ៥ គូ ចំណែកកម្មវិធីធ្លាប់មានព្រឹក,រសៀល និងយប់ថ្ងៃអាទិត្យ ត្រូវបានផុតកិច្ចសន្យា ព្រមទាំងមិនទាន់មានដៃគូឧបត្ថម្ភជាថ្មីនៅឡើយ»។
លោក ញាន សុធី បន្តថា៖ «សង្វៀនខាងខ្ញុំ ក្នុងសប្តាហ៍នេះ មានត្រឹមគូឯកថ្នាក់ជាតិដែលជម្រើសបានជាស្រេចផ្តល់ជូនកីឡាករជើងចាស់ និងជើងថ្មី ទៅតាមលក្ខណៈជាក់ស្តែងស្របទៅតាមបទបញ្ជារបស់ថ្នាក់លើ ដែលមិនអនុញ្ញាតឲ្យមានអ្នកចូលទស្សនាផ្ទាល់នៅក្នុងសង្វៀននោះទេ ប៉ុន្តែយើងផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ និងតាមបណ្តាញសង្គមហ្វេសប៊ុករបស់យើងជូនមហាជន»។
ចំណែកលោក សេង កដិកា ប្រធានគ្រប់គ្រងកម្មវិធីប្រដាល់នៅសង្វៀនប៉ុស្តិ៍លេខ ៥ បានប្រាប់ថា៖ «បន្ទាប់ពីប្រជុំពិភាក្សាគ្នា ជាមួយថ្នាក់ដឹកនាំ និងក្រុមការងាររួចមកសង្វៀនប្រដាល់ខាងខ្ញុំ មិនទាន់បើកឡើងវិញទេ គឺពន្យារពេលរហូតដល់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០២០»។ លោកបន្ថែមថា៖ វាគ្មានបញ្ហាអីទេ ប៉ុន្តែខាងម្ចាស់ឧបត្ថម្ភគាំទ្រថវិកាប្រកួត គឺសំខាន់ណាស់ហើយម្ចាស់ផលិតស្ពនស័រធំគាត់នៅក្រៅប្រទេស ហេតុនេះវាលំបាកចេញចូលទើបសុំពន្យារបន្តិចសិនទៅ។
លោក សេង កដិកា បានលម្អិតថា៖ «នៅមានកម្មវិធីប្រកួតធំៗ ២ ព្រឹត្តិការណ៍ទៀត មិនទាន់មានលិខិតមកច្បាស់លាស់ អ៊ីចឹងសុំមិនលម្អិតទេ គឺការប្រកួតថ្ងៃទី ១៥ ខែមេសា នៅខេត្តព្រៃវែងដែលខេត្តរៀបចំសហការ ហើយព្រឹត្តិការណ៍ធំមួយទៀតនៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២០ នៅខេត្តសៀមរាប។ ទោះជាយ៉ាងណា សឹងតែ ៩០ ភាគរយ គឺផ្អាក ប៉ុន្តែមិនទាន់ឃើញលិខិតមកដល់នៅឡើយ»។
ចំណែក លោក ស្រ៊ឺ ស្រេង អ្នកគ្រប់គ្រងកម្មវិធីកីឡានៅ PNN បានប្រាប់ថា៖ «សង្វៀនខាងខ្ញុំមិនទាន់បើកបាននៅឡើយ។ មួយរយៈកន្លងមក យើងគ្រោងរៀបចំឡើងវិញ បន្ទាប់មកបិទតែក្រោយពេលអនុញ្ញាតឲ្យបើកឡើងវិញនៅសប្តាហ៍នេះ យើងមិនទាន់ទាក់ទងរកដៃគូសហការខាងស្ពនស័របាននៅឡើយ ប៉ុន្តែដាច់ខែមេសា នឹងច្បាស់តែម្តងថា ប្រកួតឡើងវិញបាន»៕